ប្រទេសវៀតណាម ៖ ហាងកាហ្វេប្រេននៅប្រទេសវៀតណាមបានបិទទ្វាររហូតដល់៣ម៉ឺនកន្លែងនៅឆមាសទី១ ឆ្នាំ២០២៤ ដោយសារបណ្តាលមកពីកត្តាផ្សេងៗ ហើយបញ្ហាសំខាន់ គឺពលរដ្ឋវៀតណាមហ៊ានចំណាយប្រាក់ទិញកាហ្វេ១កែវមិនលើស៤ដុល្លារអាមេរិក ។ ពលរដ្ឋវៀតណាមបានទិញកាហ្វេប្រេនមានតម្លៃថ្លៃ នៅពេលមានកម្មវិធីពិសេសៗប៉ុណ្ណោះ ។
សារព័ត៌មានបរទេសបានរាយការណ៍កាលពីដើមខែកញ្ញា ឆ្នាំ២០២៤ ថា បើហាងកាហ្វេប្រេននៅប្រទេសវៀតណាមលក់កាហ្វេ១កែវ មានតម្លៃលើសពី៤ដុល្លារអាមេរិក គឺគ្មានអតិថិជនចូលទិញឡើយ ប៉ុន្តែកាហ្វេប្រេនពុំអាចលក់តម្លៃថោកដូចកាហ្វេនៅតាមផ្លូវបានទេ ដោយសារហាងត្រូវចំណាយដើមទុនខ្ពស់ ។ បច្ចុប្បន្ន អតិថិជនវៀតណាមភាគច្រើននិយមទិញកាហ្វេមានតម្លៃមិនលើស១សែនដុងក្នុង១កែវ (ឬមិនលើស៤ដុល្លារអាមេរិក) ។.png)
យោងតាមការស្ទង់មតិពលរដ្ឋវៀតណាមចុងក្រោយបង្អស់បង្ហាញថា តម្លៃកាហ្វេសមរម្យ ហើយអតិថិជនអាចទទួលយកបាន គឺស្មើនឹង៤ដុល្លារអាមេរិកក្នុង១កែវ ។ ពលរដ្ឋវៀតណាមភាគច្រើននិយាយថា កាលពីមុន ពួកគេបានទិញកាហ្វេនៅតាមហាងញឹកញាប់ ប៉ុន្តែពេលសាកល្បងឆុងកាហ្វេនៅផ្ទះខ្លួនឯង គឺមានអារម្មណ៍ថា ពុំចាំបាច់ចំណាយប្រាក់ទិញកាហ្វេប្រេនតាមហាងទៀតទេ ។.png)
ប៉ុន្តែពួកគេនឹងទិញកាហ្វេប្រេនពីហាងម្តងម្កាលនៅពេលចូលរួមប្រជុំជាមួយអតិថិជន ឬជជែកពិភាក្សាពីការធ្វើជំនួញតែប៉ុណ្ណោះ ។ រីឯការផឹកកាហ្វេប្រចាំថ្ងៃដើម្បីបង្កើតភាពរីករាយ គឺពួកគេចូលចិត្តទិញកាហ្វេលក់តាមផ្លូវ ដែលមានតម្លៃសមរម្យជាងកាហ្វេប្រេន ។
ការទម្លាប់ផឹកកាហ្វេរបស់ពលរដ្ឋវៀតណាមបង្ហាញថា មានការប្រកួតប្រជែងខ្លាំងក្នុងឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ ពីព្រោះអតិថិជនផ្តល់ភាពសំខាន់លើតម្លៃកាន់តែខ្លាំង ។ នៅឆមាសទី១ ឆ្នាំ២០២៤ ហាងកាហ្វេប្រេននៅវៀតណាមបានបិទទ្វាររហូតដល់៣ម៉ឺនកន្លែង ហើយមូលហេតុធ្វើឱ្យកាហ្វេប្រេនមានតម្លៃថ្លៃ ដោយសារការចំណាយខ្ពស់លើវត្ថុធាតុដើម, ការជួលបុគ្គលិក និងការជួលហាង៕










