រឿងភាគថៃថ្មី ពីតួឯកស្រីជួរមុខលំដាប់ប្រទេស កញ្ញា Baifern Pimchanok កំពុងតែធ្វើកក្រើកលើវិស័យភាពយន្ត ស្របពេលដែលទទួលបាននូវការគាំទ្រយ៉ាងច្រើនផុសផុលពីសំណាក់ទស្សនិកជនតាមបណ្តាប្រទេសផ្សេងៗ រួមទាំងវៀតណាម ឡាវ និងកម្ពុជាជាដើម។ យ៉ាងណាមិញ Trending ថ្មីមួយដែលកំពុងតែល្បីល្បាញក្នុងបណ្តាញសង្គមថ្មីៗនេះ គឺការស្លៀកសម្លៀកបំពាក់តាមតួឯកស្រីនាងថងឌី នៅក្នុងរឿងនេះ។
រឿងភាគថៃថ្មី ដែលកំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនាពេលថ្មីៗនេះ គឺរឿង«ថងប្រាកាយសេដ» ស្របពេលទើបតែបានចាក់ផ្សាយបានប៉ុន្មានភាគដំបូងប៉ុណ្ណោះ តែមានសន្ទុះនៃគាំទ្រយ៉ាងខ្លាំង។ តាមរយៈរឿងនេះ គឺឆ្លុះបញ្ចាំងពីដំណើរជីវិតរបស់នាងថងឌី ឬ នាងថងប្រាកាយ ដែលសម្តែងដោយកញ្ញា Baifern។ នាងថងឌី ជាក្មេងស្រីជនបទ ដែលត្រូវបានឪពុកម្តាយបោះបង់ចោលតាំងពីនៅទារក និងបានរស់នៅជាមួយអ៊ំស្រីម្នាក់ ដែលមិនដែលផ្តល់នូវសេចក្តីស្រលាញ់ទៅកាន់នាងសូម្បីតែបន្តិច។ យ៉ាងណាមិញ ខ្សែជីវិតរបស់នាងក៏ត្រូវបានផ្លាស់ប្តូរបន្តិចម្តងៗ ដោយឆ្លងកាត់មនុស្សប្រុសចំនួន ៩នាក់ផងដែរ។
បើក្រឡេកទៅមើលលើ Trending ថ្មីដែលទទួលបាននូវការពេញនិយមខណៈពេលនេះវិញ គឺជាការស្លៀកសម្លៀកបំពាក់តាមតួឯកស្រីនាងថងឌី កាលពីភាគដំបូង ដែលនាងជាក្មេងស្រីរស់នៅតាមជនបទស្លៀកពាក់សាមញ្ញៗ តែក៏បង្ហាញនូវភាពសិចស៊ីបន្តិច ព្រមជាមួយចារិកច្រឡឺមរបស់នាងពីកំណើតផងនោះ ក៏បានទាក់ចិត្តបុរសៗជាច្រើន។
យ៉ាងណាមិញ តាមរយៈការលេងខ្លួន ស្តាយ៍ថ្មីពីរឿងភាគថៃនេះ បានបង្កឲ្យមានមតិវែកញែកព្រោងព្រាតពីសំណាក់មហាជន មានទាំងអ្នកពេញចិត្ត និងអ្នកមិនពេញចិត្ត ព្រោះថាភាពចម្រូងចម្រាស់ទៅលើវិស័យខ្សែភាពយន្ត រវាងខ្មែរនិងថៃ កាលពីពេលកន្លងទៅនេះ នូវតែមិនទាន់រលត់បាត់នៅឡើយនោះទេ៕










