កាលពីថ្ងៃទី ២៥ កក្កដា ឆ្នាំ២០២៤ ក្រុមហ៊ុន សែលកាត ដែលជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ឈានមុខគេរបស់កម្ពុជា បានប្រកាសបើកសម្ពោធជាផ្លូវការមជ្ឈមណ្ឌល បទពិសោធន៍អតិថិជនដែលបញ្ចូលគ្នារវាង រចនាបទបែបប្រពៃណី រួមជាមួយនឹងបទពិសោធអតិថិជន ផ្នែកបច្ចេកវិទ្យាដ៏ទំនើបទាន់សម័យនិង ការប្រកាសទូតសុច្ឆន្ទៈថ្មីរបស់ខ្លួនចំនួនដល់ទៅ៣រូប និងសិល្បៈករជាច្រើនរូប ចូលរួមរស់ជាមួយក្រុមគ្រួសារ សែលកាតក្នុងពេលតែមួយ។មជ្ឈមណ្ឌលបទពិសោធន៍អតិថិជន មានទីតាំងស្ថិតនៅក្នុងអាគារប្រវត្តិសាស្រ្ត រ៉ូយ៉ាល់ រេលវេ ដែលមានអាយុកាលយូរយារតាំងពីសម័យអាណានិគមនិយមបារាំងមកម្ល៉េះ។កម្មវិធីនេះក្រោមអធិបតីភាព អ្នកឧកញ៉ា គិត ម៉េង ប្រធានប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយថ្នាក់ដឹកនាំ បុគ្គលិកក្រុមហ៊ុន សិល្បៈករជាច្រើននាក់ចូលរួមផងដែរ។អ្នកឧកញ៉ា គិត ម៉េង ប្រធានប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានមានប្រសាសន៍ថា “នេះមិនត្រឹមតែជាអគារប៉ុណ្ណោះទេ ប៉ុន្តែជានិមិត្តរូបនៃ បច្ចេកវិទ្យាឌីជីថល និងបេតិកភណ្ឌប្រវត្តិសាស្ត្ររបស់យើងផងដែរ។ យើងនឹងធ្វើឱ្យអគារប្រវត្តិសាស្រ្តដែលបន្សល់ទុក ក្នុងសម័យអាណានិគមបារាំងនេះរស់ឡើងវិញ ដោយមានអ្វីៗរីកចម្រើនសម្បូរបែប ចាប់ពីពេលបច្ចុប្បន្ន រហូតដល់អនាគត»។ ហើយនេះក៏ជាការបោះជំហានឆ្ពោះទៅរកបរិវត្តកម្មឌីជីថល និងសបញ្ជាក់ពីជំហរនៅតែនាំមុខគេ របស់ក្រុមហ៊ុន សែលកាត ផ្នែកនវានុវត្តក្នុងឧស្សាហកម្មទូរគមនាគមន៍។ មជ្ឈមណ្ឌលនេះ មានបម្រើសេវាកម្មជាច្រើន រួមទាំងសេវាទូរគមនាគមន៍ សេវាធនាគារ សេវាកម្មធ្វើដំណើរ និងសេវាកម្មផ្សេងៗជាច្រើនទៀត។
អ្វីដែលបានធ្វើអោយកម្មវិធី កាន់តែអធិកអធំបំផុតគឺ ក្រុមហ៊ុន សែលកាត ក៏បានប្រកាស ទូតសុច្ឆន្ទៈថ្មីរបស់ខ្លួនចំនួនដល់ទៅ៣រូប ដែលជាតារាវ័យក្មេងស្រស់សង្ហារ គឺអ្នកនាង ពេជ្រ សូលីកា លោក ម៉ម ពេជ្ជរិទ្ធ និង លោក សុខ សម្បត្តិ រួមជាមួយតារាជាច្រើនរូប ក៏បានចូលមករួមរស់ជាមួយក្រុមគ្រួសារ សែលកាតផងដែរ។តារាចម្រៀង ពេជ្រ សូលីកា ក្លាយជាទូតសុច្ឆន្ទៈថ្មីរបស់ក្រុមហ៊ុន Cellcard ម្ចាស់បទ «ថែការចងចាំ» បានបង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំងដែលទទួលបានឱកាសនេះព្រោះនាងជាអតិថិជនប្រើប្រាស់ផ្ទាល់រហូតទទួលបានជាទូតសុឆន្ទៈរបស់ Cellcard ដែលបានតំណាងឱ្យ Brand របស់កូនខ្មែរ 100% ។ក្រៅពី ពេជ្រ សូលីកា តារាចម្រៀងសំឡេងផ្អែម ម៉ម ពេជ្ជរិទ្ធ ម្ចាស់បទ«មិនអាចឃាត់ទេ» ក៏ជាទូតសុច្ឆន្ទៈថ្មី របស់ក្រុមហ៊ុន Cellcard បានបង្ហើបអោយដឹងថា លោកសប្បាយចិត្តឥតឧបមាព្រោះបានចូលរួមបោះជំហានមួយ ប្រកបដោយមោទនភាពជាមួយក្រុមហ៊ុនខ្មែរមានអាយុកាលជាង ២៧ ឆ្នាំមកហើយ។ មិនត្រឹមតែប៉ុណ្ណោះ ម៉ម ពេជ្ជរិទ្ធ បានត្រៀមរួចរាល់នូវគម្រោង និងស្នាដៃសិល្បៈខ្មែរថ្មីៗជាច្រើនជាមួយ Cellcard នឹងបង្ហាញជូនអ្នកគាំទ្រនាពេលខាងមុខ។ជាមួយគ្នានេះដែរសិល្បករ សុខ សម្បត្តិ ក៏មានយីអ៊ុនខ្ពស់មិនធម្មតាទើបតែមានគូដណ្តឹងដ៏ស្រស់សោភា ពេលនេះក៏បានក្លាយជាទូតសុច្ឆន្ទៈផងដែរ។ ទទួលបានតំណែងនេះ សុខ សម្បត្តិបានបង្ហាញនូវអារម្មណ៍រំភើបចិត្តព្រោះមិនធ្លាប់បានរំពឹងទុកកាលពីមុនមកឡើយ។ ជាមួយនឹងការតបស្នងលោកបានប្រាប់អ្នកគាំទ្រថានឹងមានអ្វីថ្មីៗជូនទស្សនិកជនកម្សាន្តផងដែរ។
គួរបញ្ជាក់ថា ឈរជើងលើទីផ្សារតាំងពីឆ្នាំ១៩៩១ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ជាក្រុមហ៊ុនមេ ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនមានដូចជា វិស័យធនាគារ និងហិរញ្ញវត្ថុក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុនវិនិយោគ ក្រុមហ៊ុនទូរគមនាគមន៍ ក្រុមហ៊ុនថាមពល ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្តសណ្ឋាគារ និងរមណីយដ្ឋាន ក្រុមហ៊ុនផ្នែកវិស័យអប់រំ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ក្រុមហ៊ុនពាណិជ្ជកម្ម និងតំបន់សេដ្ឋកិច្ចពិសេស៕
Home ព័ត៌មានសេដ្ឋកិច្ច