ផ្លូវជាតិលេខ៤៨ បំបែកស្រែអំបិល ទៅកោះកុង សម្រេចការសាងសង់បានជាង ៦៤ភាគរយហើយ ខណៈតាមការគ្រោងទុកនឹងបញ្ចប់មុនខែឧសភា ឆ្នាំ២០២៤។
ផ្លូវជាតិនេះ មានប្រវែងសរុប១៤៨ គីឡូម៉ែត្រ ចាប់ផ្តើមសាងសង់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៤១+៧៥០ ស្ថិត ក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
សម្រាប់ផ្លូវនេះ មានផ្លូវ២គន្លង មានប្រវែង១១៨.៣៧ គីឡូម៉ែត្រ មានទទឹងផ្លូវ ១៣ម៉ែត្រ និង ផ្លូវ៤គន្លង មានប្រវែង២៩.៦៣គីឡូម៉ែត្រ មានទទឹងចាប់ពី ១៦ម៉ែត្រ ដល់ ២១.៥ម៉ែត្រ។
គម្រោងនេះ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ប្រើប្រាស់ថវិកាប្រមាណ ៨៤លានដុល្លារ ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន៤២ខែ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ៕










