ថ្មីៗនេះ សេចក្តីរាយការណ៍ពីប្រទេសថៃអំពីការសង្ស័យនៃករណីជំងឺអុតស្វាប្រភេទថ្មីដ៏គ្រោះថ្នាក់ ដែលបានកើតលើបុរសជនជាតិអឺរ៉ុបម្នាក់ មានទីលំនៅក្នុងប្រទេសថៃ ស្របពេលដែលអង្គការសុខភាពពិភពលោកកំពុងព្រមានអំពីជម្ងឺរាតត្បាតប្រភេទនេះ។
កាលពីថ្ងៃទី ២១ ខែសីហា យោងតាមប្រសាសន៍របស់លោក Thongchai Keeratihattayakorn ប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺថៃបានឲ្យដឹងថា អ្នកជំងឺអុតស្វារូបនេះគឺជាជនជាតិអឺរ៉ុប ដែលបានធ្វើដំណើរមកពីប្រទេសអាហ្រ្វិកដែលជាប្រភពរីករាលដាលនៃជម្ងឺអុតស្វាដ៏ខ្លាំងក្លានេះ។
បច្ចុប្បន្ន អ្នកជម្ងឺរូបនេះ កំពុងទទួលបាននូវការព្យាបាលដោយដាក់នៅក្នុងបន្ទប់ដាច់ដោយឡែកមួយតែឯង ខណៈដែលខាងមន្ទីរពិសោធន៍ថៃកំពុងតែធ្វើតេស្តសំណាកដើម្បីឲ្យច្បាស់ថា វាជាមេរោគអុតស្វាប្រភេទមួយណា។ ទោះជាយ៉ាងណា តាមលទ្ធផលតេស្តបឋម បានឲ្យដឹងថាវាទំនងជាមេរោគបំប្លែងខ្លួនថ្មី ប្រភេទ Clade 1 ដ៏កាចសាហាវហើយ។ ប៉ុន្តែក្រុមអ្នកជំនាញ នឹងបញ្ជាក់លទ្ធផលជាផ្លូវការ ក្នុងរយៈពេល ២ថ្ងៃខាងមុខទៀត។
ជំងឺអុតស្វា មាន ២ ប្រភេទ គឺប្រភេទ Clade 1 និង Clade 2 ស្របពេលដែល ប្រភេទ Clade 1 ជាមេរោគបំប្លែងខ្លួនថ្មី ត្រូវបានគេសន្និដ្ឋានថា មានការឆ្លងរីករាលដាល បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរជាង ក៏ដូចជាមានចំនួនករណីស្លាប់ច្រើនជាងប្រភេទ Clade 2 ។
គួរបញ្ជាក់ថា ជំងឺអុតស្វាគឺផ្ទុះជាសកលអំឡុងឆ្នាំ ២០២២ និងបន្តរីករាលដាលរហូតមកដល់បច្ចុប្ប ជាពិសេសគឺប្រទេសនៅក្នុងទ្វីបអាហ្វ្រិក ដែលរួមមានសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ ប៊ូរុនឌី កេនយ៉ា រវ៉ាន់ដា និងអ៊ូហ្គង់ដា និងបានរកឃើញករណីស្លាប់ដោយសារជម្ងឺនេះជាបន្តបន្ទាប់ផងដែរ។
យោងតាមអ្នកជំនាញសុខភាពបានឱ្យដឹងថា អ្នកដែលឆ្លងមេរោគអុតស្វា នឹងវិវត្តន៍រោគសញ្ញាក្នុងរយៈពេលពី ២ ទៅ ១៩ ថ្ងៃ ហើយបណ្តាលឱ្យមានកន្ទួល ដំបៅស្បែកធំដូចពងបែក និងរោគសញ្ញាដូចជំងឺផ្តាសាយ រួមមានទាំង ក្តៅខ្លួន ឈឺក្បាល ឈឺសាច់ដុំ និងអស់កម្លាំងជាដើម។ ជម្ងឺនេះនឹងឆ្លងពីមនុស្សទៅមនុស្សម្នាក់ តាមរយៈការប៉ះរាងកាយ ការរួមភេទ និងការប្រើប្រាស់របស់របររួម។ល។៕










