បរទេស៖ សំណង់ពីរ៉ាមីតត្រូវបានគេទទួលស្គាល់ថាមានភាពអស្ចារ្យនិងរឹងមាំបំផុត ប៉ុន្តែទោះជាយ៉ាងណាថ្មីៗនេះសំណង់ពីរ៉ាមីតបុរាណមួយក្នុងប្រទេសម៉ិកស៊ិក ដែលមានឈ្មោះថា Ihuatzio ស្ថិតនៅទីក្រុង Michoacán ជិតបឹង Pátzcuaro ត្រូវបានដួលរំលំ និងប្រេះស្រាំខ្ទេចខ្ទីផ្នែកកណ្តាលបណ្តាលឱ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុត ដោយសារឥទ្ធិពលនៃខ្យល់ព្យុះ ដែលបង្កឱ្យមានការភ័យខ្លាចចំពោះមហន្តរាយនាពេលខាងមុខ។
នេះបើយោងតាមការចុះផ្សាយរបស់ IFL Science កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ថាភ្លៀងបានចាប់ផ្តើមធ្លាក់យ៉ាងខ្លាំងជាបន្តបន្ទាប់ចាប់តាំងពីចុងខែកក្កដាមក រហូតមកដល់ពេលនេះ បណ្តាលឱ្យផ្នែកកណ្តាលនៃសំណង់ពីរ៉ាមីតបុរាណដួលរលំ និងប្រេះស្រាំ។ អ្នកជំនាញមកពី INAH បាននិយាយថា ពួកគេបានវាយតម្លៃការខូចខាតដោយព្យុះ និងបានបញ្ជាក់ពីការខូចខាតយ៉ាងហោចណាស់ប្រាំមួយជំហាននៅមូលដ្ឋានភាគខាងត្បូងនៃវិមានមុនកូឡុំប៊ី ដែលប៉ះពាល់ដល់ទាំងជញ្ជាំងខាងក្រៅ និងស្នូលខាងក្នុងទៀតផង។
សំណង់ពីរ៉ាមីតបុរាណ Ihuatzio ធ្លាប់តែមានភាពស្រស់ស្អាត តែមកត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារព្យុះទៅវិញ។ សំណង់ដ៏ចំណាស់នេះគ្របដណ្តប់លើផ្ទៃដីប្រហែល ១៥០ ហិកតា និងរួមបញ្ចូលយ៉ាងហោចណាស់ ៨៤ សំណង់ ដែល ៧ ត្រូវបានគេដាក់តាំងបង្ហាញនៅក្នុងឧទ្យានបុរាណវិទ្យា។ រចនាសម្ព័ន្ធពីរ៉ាមីត Ihuatzio គឺជាកន្លែងពិសិដ្ឋ ដែលទំនងជាត្រូវបានប្រើប្រាស់សម្រាប់ការបូជា។ សំណង់នេះក៏ជានិមិត្តរូបនៃអំណាចវប្បធម៌របស់ប្រទេសម៉ិកស៊ិកផងដែរ ដោយប្រជាជនកុលសម្ព័ន្ធ Purépecha ជឿថាការដួលរលំនៃពីរ៉ាមីតគឺជាប្រផ្នូលអាក្រក់។ 
ទោះជាយ៉ាងណាមិនមែនមានតែសំណង់ពីរ៉ាមីតបុរាណ Ihuatzio ទេដែលដួលរលំ ក្នុងប៉ុន្មានថ្ងៃមុននេះ “Double Arch” ដែលក្លោងទ្វារធម្មជាតិដ៏ល្បីល្បាញមួយនៅឧទ្យានជាតិ Arches ភាគខាងត្បូង Glen Canyon ក្នុងរដ្ឋ Utah សហរដ្ឋអាមេរិកក៏បានដួលរលំចូលទៅក្នុងបឹង Powell ផងដែរ។ ដោយអ្នកជំនាញបាននិយាយថាឧបទ្ទវហេតុទាំងពីរនេះគឺជាលទ្ធផលនៃអាកាសធាតុដ៏អាក្រក់របស់ពិភពលោក ដែលនេះត្រូវបានគេសង្ស័យថានឹងអាចមានគ្រោះមហន្តរាយនាពេលខាងមុខ៕










