ពិធីការិនី ពេជ្រ ច័ន្ទធីតា បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍ជាថ្មីបន្ទាប់ពី Cover បទកំពុងល្បី «ថែការចងចាំ» របស់ ពេជ្រ សូលីកា។ ទស្សនិកជនបានសរសើរថានាងច្រៀងពីរោះពហុជំនាញទាំងការធ្វើជាពិធីការិនីក៏លេចធ្លោចំណែកឯការច្រៀងវិញក៏បាន។ មែនទែនទៅមុននឹងជោគជ័យអាជីពពិធីការិនី ពេជ្រ ច័ន្ទធីតា គឺធ្លាប់ចូលប្រកួតកម្មវិធីCambodian Idol រដូវកាលទី១ ថែមទាំងធ្លាប់មានបទចម្រៀងផ្ទាល់ខ្លួនផងដែរ។
«ថែការចងចាំ» ជាបទមនោសញ្ចេតនាឈឺចាប់ នៅតែព្រួយបារម្ភសុខទុក្ខរបស់គេ និងចងចាំតែម្នាក់ឯង ហើយគ្មានអ្នកផ្សេងមកជំនួសស្នេហាមួយនេះបានដែលជាសំនៀងដើមរបស់តារាចម្រៀង ពេជ្រ សូលីកា បានទម្លាក់កាលពីថ្ងៃទី២៦ ខែកក្កដា។ មួយបទនេះកំពុងតែទទួលបានការគាំទ្រពីទស្សនិកជនមានការស្តាប់ជាង១លានដងហើយ ខណៈនៅបន្តជាប់នៅលើឆាណែលយូធូបTrending លេខ១ មកទល់ថ្ងៃទី១០ ខែសីហា លើឆាណែលរបស់ ពេជ្រ សូលីកា។
ថ្មីៗនេះទៀតសោតពិធីការិនី ពេជ្រ ច័ន្ទធីតា បានធ្វើឱ្យមានការចាប់អារម្មណ៍ពីសំណាកហ្វេនៗក្រោយពី Cover ខ្លីទៅលើបទចម្រៀងមួយនេះ។ ទឹកដមសំឡេងរបស់ ធីតា ត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើនសរសើរថាពីរោះរួមជាមួយនឹងសរសើរថានាងពហុជំនាញពេញខ្លួន។
ទស្សនិកជនមួយចំនួនដឹងរួចមកហើយ ហើយក៏ប្រហែលជាអ្នកមួយចំនួនអាចមិនទាន់ដឹងមុននឹងបោះជំហានទទួលភាពជោគជ័យលើអាជីពពិធិការិនី ពេជ្រ ច័ន្ទធីតា គឺជាអតីតបេក្ខភាពកម្មវិធី Cambodian Idol រដូវកាលទី១។ លើសពីនេះ ពេជ្រ ច័ន្ទធីតា ក៏មានបទចម្រៀងផ្ទាល់ខ្លួនផងដែរមានចំណងជើងថា «សេ្នហ៍ខ្ញុំនៅទីណា?»។
ក្រៅពីការងារសិល្បៈមានភាពរលូនលេចមុខតាមកម្មវិធីជាច្រើនងាកទៅកាន់ជីវិតឯកជនវិញ ពេជ្រ ច័ន្ទធីតា ក៏បានគូដណ្តឹងផងដែររង់ចាំតែថ្ងៃចូលរោងជ័យប៉ុណ្ណោះ៕