កាលពីថ្ងៃទី ១១ ខែសីហានេះ យោងតាមប្រភពសារព័ត៌មានរបស់ប្រទេសបារាំង Le Parisien បានចុះផ្សាយអំពីតារារ៉េបវណ្ណដា ក្រោមចំណងជើងថា«ពិធីបិទកីឡាអូឡាំពិកឆ្នាំ២០២៤ តើតារារ៉េបសញ្ជាតិខ្មែរ លោកវណ្ណដា គឺជានរណា?»
យោងតាមខ្លឹមសារចុះផ្សាយរបស់កាសែតបារាំង Le Parisien បានរៀបរាប់ថា៖ «កាលពីថ្ងៃទី១១ ខែសីហានេះ វណ្ណដាបានចូលរួមសម្តែងក្នុងពិធីបិទការប្រកួតកីឡាអូឡាំពិកឆ្នាំ២០២៤ នៅឯទីក្រុងបារីស ប្រទេសបារាំង។ នៅពេលបង្ហាញខ្លួននៅលើឆាក តារាចម្រៀងរ៉េបកម្ពុជារូបនេះ បានក្លាយទៅជាប្រធានបទគួរជាទីចាប់អារម្មណ៍ក្នុងចំណោមពលរដ្ឋបារាំងភាគច្រើន»។
«វណ្ណដា គឺជាតារាចម្រៀងរ៉េបសញ្ជាតិខ្មែរ អាយុ ២៧ ឆ្នាំ ដែលទំទុកច្រៀងរបស់គាត់គឺជាការលាយបញ្ចូលគ្នារវាងសំនៀងជាភាសាខ្មែរនិងអង់គ្លេស។ វណ្ណដា ត្រូវបានគេស្គាល់ថាជាតារារ៉េបដ៏ល្បីល្បាញប្រចាំតំបន់អាស៊ី មានអ្នក Subscribe ដល់ទៅជាង ៤ លាននាក់នៅលើយូធូបផ្លូវការ តែទទួលបាននូវការចូលទស្សនាច្រើនជាងមួយពាន់លានដង ជាហេតុនាំឲ្យលោកបានក្លាយទៅជាសិល្បករមួយរូបដែលគេទទួលស្គាល់លំដាប់ថ្នាក់អន្តរជាតិ»។
«កាលពីមិថុនា ឆ្នាំ២០២៤ លោកវណ្ណដា ជាសិល្បករខ្មែរដំបូង ដែលមានឱកាសបានចូលរួមសម្តែងនៅឯមហោស្រពតន្ត្រី Sabaidee Fest សហរដ្ឋអាមេរិក។ វណ្ណដា បានចាប់ផ្តើមនិពន្ធបទចម្រៀងដំបូងក្នុងឆ្នាំ ២០០៩ ហើយក៏បានសាងកេរ្តិ៍ឈ្មោះនៅលើវិថីសិល្បៈជាបន្តបន្ទាប់ ចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០១០មក»។
កាសែតបារាំង Le Parisien បានលើកឡើងទៀតថា «នៅឆ្នាំ ២០២០ វណ្ណដាបានបោះជំហានទៅមុខកាន់តែខ្លាំងនៅលើវិថីសិល្បៈ ពិសេសគឺការបញ្ចេញបទ “Time to Rise” កាលពី ៣ ឆ្នាំមុន ដែលមានអ្នកចូលទស្សនារហូតដល់ទៅ ១២៣ លានដងនៅលើ YouTube ។ គិតមកទល់ពេលនេះ ក្នុងចំណោមបទចម្រៀងខ្មែរទាំងអស់ មានតែបទរបស់វណ្ណដាតែមួយគត់ ដែលមានអ្នកចូលទស្សនាលើសពី ១០០ លានដង។ តាមរយៈបទ “Time to Rise” តារាចម្រៀងរូបនេះ បានរួមបញ្ចូលគ្នារវាងតន្ត្រីបុរាណ និងការរ៉េបសម័យទំនើប អមដោយឧបករណ៍បុរាណដូចជា ចាប៉ីដងវែង ដែលនេះគឺជាចំណុចខ្លាំងរបស់លោកផងដែរ»៕