ពាក្យថាអាហារគឺសំដៅទៅលើរបស់ដែលអាចញ៉ាំបាន ដូច្នេះគ្រប់ម្ហូបអាហារទាំងអស់នៅលើពិភពលោកភាគច្រើនគឺសុទ្ធតែល្អ និងមានរសជាតិឆ្ងាញ់ទៅតាមតំបន់នីមួយៗ។ ទោះជាយ៉ាងណាក៏មានប្រទេសមួយចំនួននិយមទទួលទានអាហារអាក្រ.ក់ៗផងដែរ ដែលអាហារទាំងនោះត្រូវបានគេចាត់ទុកថាជាអាហារអាក្រ.ក់បំផុតនៅលើពិភពលោក។ ដូច្នេះប្រទេសទាំង ៧ ខាងក្រោមគឺជាអ្នកបង្កើតមុខម្ហូបអាក្រ.ក់បែបនេះ ចង់ដឹងថាអាហារទាំងនោះអាក្រ.ក់យ៉ាងម៉េចខ្លះ តោះមកតាមដានជាមួយយើងទាំងអស់គ្នា។
១. Blodpalt៖ គឺជានំប្រពៃណីដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងផ្នែកភាគខាងជើងនៃប្រទេសស៊ុយអែត និងហ្វាំងឡង់។ នំនេះមានពណ៌ត្នោតខ្មៅដែលមានជីវជាតិត្រូវបានរៀបចំជាមួយម្សៅ barley និងឈាមរបស់សត្វ។ ថ្វីត្បិតតែពួកវាត្រូវបានផលិតឡើងដោយឈាមសត្វមែន តែវាគឺជាអាហារប្រពៃណីជាតិ ដែលតែងតែមានវត្តមាននៅក្នុងពិធីបុណ្យផ្សេងៗរបស់ប្រទេស។
២. Boodog៖ Boodog គឺជាអាហាររបស់ប្រទេសម៉ុងហ្គោលី ត្រូវបានគេចាត់ទុកថាអាក្រក់បំផុតនៅលើពិភពលោក។ វាគឺជាមុខម្ហូបគ្រឿងក្នុងសត្វចម្អិនពីខាងក្នុង ជាមួយនឹងថ្មក្តៅដាក់ក្នុងពោះរបស់វា ដោយគេធ្វើការវះពោះរបស់សត្វហើយដាក់គ្រឿងផ្សំចូលលាយឡំជាមួយគ្រឿងក្នុងសត្វ រួចយកទៅដុតឱ្យឆ្អិនជាការស្រេច។
៣.ដង្កូវ៖ ដង្កូវ Mopane របស់ប្រទេសម៉ាឡាវី គឺជាប្រភេទដង្កូវនាង មានប្រភពប្រូតេអ៊ីនខ្ពស់ ជាអាហារល្បីបំផុតនៅក្នុងប្រទេសម៉ាឡាវី ដោយគេនិយមទទួលទានវាស្រស់ៗតែម្តង ឬក៏ជ្រលក់ជាមួយទឹកប៉េងប៉ោះជាដើម។
៤. Yerushalmi kugel៖ គឺជាម្ហូបដ៏ឈ្ងុយឆ្ងាញ់ដែលផលិតឡើងជាមួយនឹងគុយទាវស្តើងត្រូវបានស្រោបដោយស្ករ caramelized បន្ទាប់មកលាយជាមួយស៊ុត ប្រេងអូលីវ ម្រេច និងអំបិលចូលគ្នាដាក់ក្នុងខ្ទះ រួចដុតរហូតដល់រឹង។ ម្ហូបនេះមានដើមកំណើតមកពីប្រទេសអ៊ីស្រាអែល ក៏ត្រូវបានគេចាត់ទុកថាជាអាហារអាក្រក់បំផុតនៅលើពិភពលោកផងដែរ។
៥. Haggis៖ មុខម្ហូបរបស់ប្រទេសស្កុតឡេនក៏មិនធម្មតាដែរ ត្រូវបានគេចាត់ទុកថាអាហារអាក្រក់បំផុតក្នុងលោក។ Haggis គឺជាអាហារដែលមានរសជាតិឈ្ងុយឆ្ងាញ់ ផលិតចេញពីបេះដូង ថ្លើម និងសួតចៀម រួមផ្សំជាមួយខ្ទឹមបារាំង ម្សៅស្រូវសាលី ស៊ុប និងគ្រឿងទេស ដែលដាក់ក្នុងក្រពះរបស់សត្វ។ ថ្វីត្បិតតែមានការផ្សំគ្រឿងមិនគួរឱ្យជឿបែបនេះក៏ដោយ ក៏មនុស្សជាច្រើនយល់ថាវាឆ្ងាញ់ ជាមួយនឹងរសជាតិដ៏សម្បូរបែបមិនធ្លាប់មាន។
៦.ពងទាកូន៖ ពងទាកូនគឺជាអាហារសម្រន់ដ៏ពេញនិយមមួយរបស់ប្រទេសហ្វីលីពីន ប៉ុន្តែត្រូវបានគេចាត់ទុកថាជាអាហារអាក្រក់បំផុតនៅលើពិភពលោក។ មុខម្ហូបនេះយើងត្រូវញ៉ាំជាមួយជី ឬខ្ទឹមជ្រក់លាយជាមួយអំបិលម្រេច និងក្រូចឆ្មារ ដែលវាក៏មានលក់នៅតាមដងផ្លូវនានាក្នុងប្រទេសកម្ពុជាយើងផងដែរ។
៧.ប្រហុក៖ ប្រហុករបស់ខ្មែរយើងក៏ត្រូវបានគេចាត់ទុកថាជាអាហារអាក្រក់បំផុតនៅលើពិភពលោកដែរ ដោយសារវាមានក្លិនស្អុយ ទោះជាយ៉ាងណាវាគឺជាមុខម្ហូបដ៏ល្អបំផុតរបស់ប្រទេសយើង និងជាគ្រឿងផ្សំដែលមិនអាចខ្វះបាន៕
		
	









