(ភ្នំពេញ)៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដឹកនាំក្រុមការងារចុះទស្សនកិច្ចទៅកាន់សហគ្រាសកែច្នៃម្ហូបអាហារ ដ៏លេចធ្លោមួយរបស់កម្ពុជា ក្រុមហ៊ុន ក្រុមហ៊ុន ភីភីអេហ្វ យុាំមី មេនូហ្វេកឆឺរីង ឯ.ក ដែលជាសហគ្រាសកែច្នៃកសិកម្ម និងអាហារ ដែលមានទីតាំងនៅខណ្ឌសែនសុខ ដើម្បីត្រួតពិនិត្យលើស្តង់ដាគុណភាព សុវត្ថិភាព និងអនាម័យ និងបង្ហាញការគាំទ្រដល់ធុរកិច្ចក្នុងស្រុក។
នៅក្នុងដំណើរទស្សនកិច្ចទៅកាន់សហគ្រាសម្ហូបអាហារនេះ លោករដ្ឋមន្ត្រី ហែម វណ្ណឌី ក៏បានជំរុញឲ្យសហគ្រាសផលិត ត្រូវរក្សាឱ្យបាននូវស្តង់ដាខ្ពស់នៃគុណភាព សុវត្ថិភាព អនាម័យ និងការច្នៃប្រឌិតនៃផលិតផលម្ហូបអាហារកម្ពុជា ក្នុងគោលបំណងទទួលបានការទទួលស្គាល់ជាលក្ខណៈជាតិ និងអន្តរជាតិ។
លោក ហែម វណ្ណឌី បន្តថា ក្រសួងលើកទឹកចិត្តឱ្យសហគ្រាសក្រុមហ៊ុនចាប់យកនវានុវត្តន៍ និងពង្រីកទីផ្សារពិសេសរបស់ខ្លួន ដោយការផលិតម្ហូបប្រពៃណីខ្មែរ និងផលិតផលផ្សេងៗទៀត ដែលបំពេញតាមតម្រូវការ ដែលផ្តោតកាន់តែខ្លាំងលើគុណភាព សុខភាព និងបរិស្ថាន ជាពិសេសក្នុងទីផ្សារនាំចេញ។
លោករដ្ឋមន្ត្រី ហែម វណ្ណឌី ក៏បានគូសបញ្ជាក់ថា ក្រសួងត្រៀមគាំទ្រ និងសម្រួលដល់ការរីកលូតលាស់នៃវិស័យឧស្សាហកម្មចំណីអាហាររបស់កម្ពុជា ហើយបានសង្កត់ធ្ងន់លើភាពចាំបាច់នៃការទិញវត្ថុធាតុដើម ពីកសិករក្នុងស្រុក ដើម្បីរួមចំណែកដល់ការបង្កើតការងារ បង្កើនប្រាក់ចំណូល និងគាំទ្រដល់ជីវភាពរបស់កសិករ និងសហគមន៍របស់ពួកគេ។
លោកស្រី ហ៊ុក ស្រីហួរ អគ្គនាយិកា ក្រុមហ៊ុន ភីភីអេហ្វ យុាំមី មេនូហ្វេកឆឺរីង ឯ.ក បានលើកឡើងដែរថា សហគ្រាសរបស់លោកស្រីបានបង្កើតឡើងតាំងពីឆ្នាំ២០២១ ជាមួយនឹងការធានាបាននូវស្តង់ដាគុណភាព សុវត្ថិភាព និងអនាម័យ ជាចម្បងជូនអតិថិជន ហើយដែលគិតមកដល់ពេលនេះគឺមានការទទួលស្គាល់លើគុណភាព និងទទួលបានការគាំទ្រយ៉ាងច្រើនសំណាក់អតិថិជនផងដែរ។
ក្រុមហ៊ុន ក៏មានគោលបំណងពង្រឹងផលិតផលរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង និងបង្កើនការនាំចេញទៅក្រៅប្រទេសផងដែរដោយកន្លងមកសហគ្រាសបានទទួលជោគជ័យក្នុងការនាំចេញទៅកាន់ប្រទេសកូរ៉េ និងសង្ឃឹមថា នឹងបាននាំចេញទៅកាន់ប្រទេសអូស្ត្រាលីនៅចុងឆ្នាំនេះជាមួយនឹងគំរូដែល
បានបញ្ជូនទៅសហរដ្ឋអាមេរិក នូវែលសេឡង់ និងប្រទេសដទៃទៀតរួចហើយផងដែរ។
លោកស្រី ហ៊ុក ស្រីហួរ បានបន្ថែមថា លោកស្រីបាននាំចេញផលិតផលចំនួន ៥០០គីឡូក្រាម ទៅកាន់ប្រទេសកូរ៉េខាងត្បូងរួចហើយ ហើយមានបំណងពង្រីកការនាំចេញទៅកាន់ប្រទេសចំនួន៥បន្ថែមទៀត ខណៈបច្ចុប្បន្ននេះ លោកស្រីបាននាំចេញក្រៅផ្លូវការទៅកាន់ប្រទេសចំនួន១០។ បច្ចុប្បន្ននេះសហគ្រាសរបស់លោកស្រីបានផ្តល់នូវផលិតផលជាច្រើនប្រភេទដូចជា៖ បុកត្រីឆ្អើរ បុកកន្ទុយហេស កាពិឆាបាត់ដំបង ប្រហុកអប់ក្រូចឆ្មារ ប្រហុកអង្គ្រង ប្រហុកខ្ទិះ និងប្រហុកខ្មែរឦសាន
ទំហំ១៥០ក្រាម និង៤០០ក្រាម និងមានប្រភេទសាច់ប្រឡាក់ ដូចជា សាច់គោចំណិត
សាច់គោមូល សា្លបមាន់ម្រេច ឆ្អឹងជំនីជ្រូកប្រឡាក់អំបិលម្ទេស និងមានជាច្រើនទៀត។ល។
លោកស្រី ហ៊ុក ស្រីហួរ បានបន្ថែមថា នៅថ្ងៃខាងមុខទៀតនោះសហគ្រាសលោកស្រី មានបំណងចង់នាំចេញហហ្មុក របស់ខ្មែរទៅក្រៅប្រទេស សម្រាប់ការទទួលស្គាល់ជាអន្តរជាតិ ក៏ដូចជានំបញ្ចុកខ្មែរ និងគុយទាវខ្មែរ ដោយជំរុញឱ្យមានការទទួលស្គាល់និងគាំទ្រម្ហូបខ្មែរ លើឆាកអន្តរជាតិ ខណៈដែលលោកស្រីកំពុងពិចារណាលើអាហារហាឡាល ដែលទំនងជានឹងបង្ហាញនៅឆ្នាំក្រោយ។ លោកស្រីបានបន្ថែមថា ចាប់តាំងពីឆ្នាំ ២០២៣មក លោកស្រីទទួលបានការគាំទ្រខ្លាំង ហើយផលិតផលរបស់លោកស្រីអាចរកបាននៅតាមផ្សារទំនើបតូចធំៗដូចជា អ៊ីអន ម៉ាក្រូ ជីបម៉ុង ឡាកគី និងផ្សារជាច្រើនទៀតជាង៣០០ នៅក្នុងប្រទេសកម្ពុជាផងដែរ៕
តាមរយៈផេកផ្លូវការ E&M YUMMY : www.facebook.com/emyummyfood
ឬតាមរយៈវេបសាយ: www.ppfyummy.com
ឬតាមរយៈតេទ្បេក្រាម https://t.me/+8sJuqUANfIEyMjFl
ឬតាមរយៈលេខទូរស័ព្ទ 017 268 868 / 010 268 868
ឬតាមរយៈTik Tok www.tiktok.com/@emyummycambodia