ប្រទេសជប៉ុន ៖ តើជ្រាបទេថា រៀងរាល់១នាទីម្តង មានដបផ្លាស្ទិកត្រូវបានគេបោះចោលឱ្យក្លាយជាសំរាម ស្មើជាង១លានដបនៅទូទាំងពិភពលោក ហើយនេះពុំរាប់ផ្លាស្ទិកផ្សេងទៀត ដែលប្រើប្រាស់ហើយបោះចោលជារៀងរាល់ថ្ងៃឡើយ ។ វាធ្វើឱ្យបញ្ហាសំរាមផ្លាស្ទិកក្លាយជាវិបត្តិនៅទូទាំងពិភពលោក ដែលប្រទេសនានាត្រូវដោះស្រាយជាបន្ទាន់ ។
កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ជប៉ុននឹងក្លាយជាប្រទេសឈានមុខគេក្នុងការកែច្នៃសំរាមផ្លាស្ទិកឡើងវិញ ដើម្បីប្រើប្រាស់ឱ្យក្លាយជាប្រយោជន៍ ។ ក្រុមហ៊ុន Environment Energy បានបង្កើតគម្រោងពាក់ព័ន្ធនឹងឧស្សាហកម្មកែច្នៃផ្លាស្ទិក ដោយការផ្លាស់ប្តូរសំរាមផ្លាស្ទិកទៅជាប្រេងឆៅ ហើយក្រុមហ៊ុននេះសង្ឃឹមថា នឹងចាប់ផ្តើមប្រតិបត្តិការពាណិជ្ជកម្ម នៅឆ្នាំ២០២៥ ។
ក្រុមហ៊ុននេះនឹងប្រមូលសំរាមផ្លាស្ទិកបញ្ចូលក្នុងគ្រឿងម៉ាស៊ីនកំទេចផ្លាស្ទិកសម្រាប់ប្រើប្រាស់ឡើងវិញ ដោយការប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើបឈ្មោះ HICOP (គឺជាបច្ចេកវិទ្យាផលិតប្រេងឥន្ធនៈមានប្រសិទ្ធភាពខ្ពស់) ។ គ្រឿងម៉ាស៊ីននេះនឹងបែងចែកផ្លាស្ទិកតាមប្រភេទរបស់វា បន្ទាប់មក បញ្ចូលឧស្ម័នយ៉ាងច្រើនក្នុងគ្រឿងម៉ាស៊ីនដើម្បីឱ្យវាក្លាយជាប្រេងឆៅ ។
គោលបំណងចម្បងរបស់ក្រុមហ៊ុនជប៉ុន គឺដើម្បីផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចជប៉ុន តាមរយៈការប្រមូលសំរាមផ្លាស្ទិកដែលពលរដ្ឋជប៉ុនបោះចោលទាំងអស់យកមកកែច្នៃឱ្យក្លាយជាវត្ថុធាតុដើមមានតម្លៃ ។ ក្រុមហ៊ុនរំពឹងថា នឹងអាចអភិវឌ្ឍន៍បច្ចេកទេសកែច្នៃសំរាមផ្លាស្ទិកជាប្រេងឆៅឱ្យកាន់តែទំនើបជាងមុន ដើម្បីឱ្យប្រេងឆៅដែលផលិតចេញមកមានគុណភាព ។
ទោះយ៉ាងណា ការផលិតប្រេងឆៅតាមរយៈបច្ចេកវិទ្យាថ្មីនេះ គឺអាស្រ័យលើក្រុមគ្រួសារនីមួយៗអាចបែងចែក ឬទុកដាក់សំរាមទៅតាមប្រភេទយ៉ាងប្រុងប្រយ័ត្ន ដើម្បីការពារកុំឱ្យមានសំរាមផ្សេងទៀតលាយឡំជាមួយសំរាមផ្លាស្ទិក ដែលក្រុមហ៊ុន Environment Energy ចង់បាន ។
ប៉ុន្តែសំរាមផ្លាស្ទិកនៅតែជាបញ្ហាធំពិបាកដោះស្រាយសម្រាប់ប្រទេសផ្សេងៗលើពិភពលោក ដោយសារមានការបោះសំរាមនៅតាមទីសាធារណៈ, ដងផ្លូវ និងបោះចោលក្នុងទឹក ជាដើម ។ តើពេលណា ទើបមនុស្សគ្រប់រូបយល់ដឹងពីការបោះសំរាមឱ្យបានត្រឹមត្រូវ ឬបោះក្នុងធុងសំរាម ដើម្បីកុំឱ្យប៉ះពាល់បរិស្ថាន និងខ្មាសភ្ញៀវទេសចរបរទេស ៕










