យើងគ្រប់គ្នាធ្លាប់តែឃើញក្រពើ និងក្រពាដែលពួកវាទាំងពីរមានរូបរាងស្រដៀងគ្នា ទោះជាយ៉ាងណាមានសត្វមួយប្រភេទផ្សេងទៀតក៏មានរូបរាងស្រដៀងនឹងក្រពើ ក្រពាដែរ ដែលសត្វនោះមានឈ្មោះថា Gharial។ Gharial គឺជាសត្វមានចរិតលក្ខណៈស្លូតបូតចូលចិត្តស៊ីសត្វតូចៗជាអាហារ និងខ្លាចមនុស្សណាស់ ប៉ុន្តែវាមានរូបរាងប្រហាក់ប្រហែលទៅនឹងក្រពើ ប្រសិនបើយើងមើលមួយភ្លែតអាចនឹងច្រឡំ។ សត្វនេះត្រូវបានគេហៅក្រៅថាជា ក្រពើស៊ីត្រី ដោយសារវាមានស្បែកក្រាស់ ក៏ដូចជាមានបន្លាលើរាងកាយ មានកន្ទុយវែង និងពិតជាមានរូបរាងស្រដៀក្រពើខ្លាំងណាស់ ទាស់ត្រង់ថាសត្វនេះមានមាត់តូចចង្អៀត និងមានធ្មេញមុតស្រួចចំនួន ១១០។ 
សត្វ Gharial ញីជាទូទៅមានប្រវែងពី ២.៦ ទៅ ៤.៥ ម៉ែត្រ ហើយឈ្មោលគឺមានប្រវែងពី ៣ ទៅ ៦ ម៉ែត្រ ដែលវាច្រើនរកឃើញនៅឧបទ្វីបឥណ្ឌាភាគខាងជើង។ ដូច្នេះបច្ចុប្បន្នគឺវារស់នៅតាមដងទន្លេនៅតំបន់វាលទំនាបភាគខាងជើងនៃឧបទ្វីបឥណ្ឌា។ រីឯសត្វក្រពាវិញ លោកអ្នកប្រាកដជាស្គាល់ហើយគឺវាពិតជាមានរូបរាងស្រដៀងទៅនឹងក្រពើណាស់ប្រសិនបើមើលមួយភ្លែត ដោយសត្វក្រពា ឬ Alligator មានប្រវែងមាត់រាងជាអក្សរ U ចំណែកឯសត្វក្រពើ ឬ Crocodile មានប្រវែងមាត់រាងជាអក្សរ V ។ 
មួយវិញទៀត នៅពេលដែលសត្វក្រពើបិទមាត់របស់វា ធ្មេញស្រួចៗទាំងប៉ុន្មាននោះនឹងលានចេញមកក្រៅ ងាយស្រួលក្នុងការពិនិត្យមើល ខណៈសត្វក្រពានៅពេលបិទមាត់គឺមិនឃើញធ្មេញរបស់វានោះទេ។ សត្វក្រពាជាទូទៅមានចរិតលក្ខណៈស្លូតបូតជាងក្រពើ និងមិនចូលស៊ីសាច់មនុស្សឡើយ។ នេះបើយោងតាមគេហទំព័រ Live Science បានឱ្យដឹងទៀតថា សត្វក្រពើភាគច្រើនគឺរស់នៅក្បែរតំបន់ទឹកប្រៃ រីឯសត្វក្រពាវិញភាគច្រើនគឺរស់នៅតាមតំបន់ទឹកសាប។ អ្នកវិទ្យាសាស្ត្រចាត់ទុកពួកវាក្នុងក្រុមពពួកសត្វ Eusuchia ដែលជាក្រុមពពួកសត្វបង្គួយធំៗ មាន២២ ប្រភេទ និងមានដើមកំណើតក្នុងសម័យ«ក្រេតាសេ»ប្រមាណជា ១០០ លានឆ្នាំមុន។ 
ដូច្នេះរវាងសត្វទាំងបីប្រភេទនេះគឺមានលក្ខណៈខុសៗគ្នាទាំងអស់ ប៉ុន្តែបើនិយាយពីរូបរាងរបស់ពួកវាវិញគឺពិតជាស្រដៀងគ្នាខ្លាំងប្រសិនបើមើលមួយភ្លែត ទាស់ត្រង់ថាសត្វ Gharial គឺជាសត្វដែលត្រូវបានគេរកឃើញតែក្នុងតំបន់វាលទំនាបភាគខាងជើងនៃឧបទ្វីបឥណ្ឌាប៉ុណ្ណោះ។ ប៉ុន្តែចំពោះសត្វក្រពើ និងក្រពាវិញគឺត្រូវបានរកឃើញនៅជុំវិញពិភពលោក ដោយក្រពើភាគច្រើនគឺរស់នៅក្បែរតំបន់ទឹកប្រៃ រីឯសត្វក្រពាវិញភាគច្រើនគឺរស់នៅតាមតំបន់ទឹកសាប៕










