ថ្មីៗនេះអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍និងជជែកវែកញែកយ៉ាងខ្លាំងបន្ទាប់ពីគេបានឃើញអ្នកជំនួញ ម៉ាដាមដា ដែលទើបបែកបាក់ជាមួយគូស្នេហ៍ភេទដូចគ្នាបង្ហាញការស្និទ្ធស្នាលជាមួយតារាប្រុស ប៊ឺរី ជាហេតុធ្វើឱ្យមានការសង្ស័យចំពោះទំនាក់ទំនងពួកគេ។ អ្វីដែលធ្វើឱ្យរឿងនេះកាន់តែក្តៅគគុក អ្នកចម្រៀងម្នាក់មានឈ្មោះថា ជូឌី បានបង្ហាញការឈឺចាប់បែកបាក់ទំនាក់ទំនងជាមួយ ប៊ឺរី រយៈពេលមួយឆ្នាំ ដោយសារតែតារាប្រុសរូបនេះជ្រើសយកការងារនិងលុយ។
រយៈពេលចុងក្រោយនេះសម្ព័ន្ធភាពរបស់តារាសម្តែងរូបសង្ហា ប៊ឺរី និងអ្នកជំនួញល្បីឈ្មោះលើវិស័យអនឡាញ ម៉ាដាម ដា បានក្លាយជាប្រធានបទជជែកវែកនៅលើប្រព័ន្ធអ៊ិនធឺណិតក្រោយពីអ្នកទាំងពីរបង្ហាញការស្និទ្ធស្នាលដូចជាគូស្នេហ៍។ គេបានឃើញតារាសម្តែង ប៊ឺរី បានទៅចូលរួមខួបកំណើតកូនស្រី ម៉ាដាម ដា ខណៈពួកគេបានបណ្តើរគ្នាយ៉ាងត្រសងទៅចូលរួមកម្មវិធីមួយចំនួន។
ក្រោយពីត្រូវបានគេនិយាយបែបនេះ បែបនោះ ម៉ាដាម ដា បានចេញមក live និងបញ្ជាក់យ៉ាងច្បាស់លាស់ថា របស់គេនាងមិនទៅពាក់ព័ន្ធឡើយ។ កាលពីមុនអ្នកគាំទ្របានឃើញ កញ្ញា គៀត សុវណ្ណាឡាង និង ប៊ឺរី បង្ហាញភាពល្អូកល្អិនជាមួយគ្នា តែក្រោយមក គៀត សុវណ្ណាឡាង ចេញមកបញ្ជាក់ថាគ្រាន់តែជាដៃគូសម្តែងប៉ុណ្ណោះ។
ទោះជាយ៉ាងនេះក្តីរឿងទំនាក់ទំនងរបស់តារាសម្តែង ប៊ឺរី មិនទាន់បញ្ចប់នោះទេថែមទាំងក្លាយជាភ្លើងក្តៅគគុកថែមទៀតបន្ទាប់ពីគណនីទិកតុកមួយឈ្មោះថា Ju Dīī ជាអ្នកចម្រៀងមួយរូបបានបង្ហោះវីដេអូខ្លីមួយដែលដាក់ព្រាលៗប៉ុន្តែគេបានដឹងថាជារូបរបស់តារាសម្តែង ប៊ឺរី ដែលអ្នកទាំងពីរមានសម្ព័ន្ធភាពស៊ីជម្រៅជាមួយគ្នា។ ទន្ទឹមនឹងវីដេអូដែលបានចែករំលែក ជូឌី បានសរសេរខ្លឹមសារដែរថា « 1ឆ្នាំមកនេះ មានតែយើងពីរនាក់ទេដែលយល់ពីគ្នាច្បាស់ ដឹងពីគ្នាគ្រប់រឿង តែដោយសារតែការងារ និងលុយចុងក្រោយបងថា បងគ្មានជម្រើសទេ»។ មុននឹងការបង្ហោះវីដេអូនេះ អ្នកចម្រៀងរូបនេះបានបង្ហាញវីដេអូយំសោកយ៉ាងខ្លាំង។
ក្រោយពីនារីខាងលើបានបង្ហោះដូចនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍យ៉ាងខ្លាំងនិងបានចង្អុលបង្ហាញថាមនុស្សក្នុងវីដេអូនេះគឺជាតារាសម្តែង ប៊ឺរី ។
គួរបញ្ជាក់ថាទន្ទឹមនឹងការចោទប្រកាន់នេះតារាសម្តែង ប៊ឺរី មិនទាន់ចេញមុខបកស្រាយនៅឡើយទេព្រោះរឿងនេះមានតែការបញ្ជាក់តែម្ខាង ការពិតយ៉ាងណាមានតែតាមដានបន្តទៀតនិងរង់ចាំសាមីខ្លួនចេញមកបញ្ជាក់៕