ប្រទេសឥណ្ឌូណេស៊ី ៖ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា អាជ្ញាធរឥណ្ឌូណេស៊ីបានចាត់វិធានការក្តៅលើអ្នកលក់ សា.ច់ឆ្កែ អាំង ចំនួន៣នាក់នៅកោះបាលី ព្រមទាំងដកហូត សា.ច់ឆ្កែ អាំងចំនួន៥០០ចង្កាក់ និងសា.ច់ឆ្កែ ឆៅជាង៥០គីឡូក្រាម ។ អាជ្ញាធរបញ្ជាក់ថា ពួកគេនឹងជាប់ពន្ធនា.គារ ដោយសារល្មើសនឹងច្បាប់ហាមលក់ សា.ច់ឆ្កែ នៅកោះបាលី ។
សារព័ត៌មាន Straits Times និង AFP រាយការណ៍ថា អាជ្ញាធរនៅកោះបាលី ដែលជាតំបន់ទេសចរណ៍ដ៏ពេញនិយមរបស់ប្រទេសឥណ្ឌូណេស៊ី បានចាប់ខ្លួនអាជីវករលក់សាច់ឆ្កែ ចំនួន៣នាក់ ព្រមទាំងដកហូតសាច់ឆ្កែឆ្អិន ចំនួន៥០០ចង្កាក់, សាច់ឆៅរាប់រយគីឡូក្រាម និងសម្ភារៈផ្សេងទៀត ។

អាជ្ញាធរកោះបាលីនិយាយថា កោះបាលីបានអនុវត្តច្បាប់ហាមលក់សាច់ឆ្កែ តាំងពីឆ្នាំ២០២៣ មកម៉្លេះ ហើយអ្នករំលោភច្បាប់នេះនឹងជាប់ពន្ធនាគាររយៈពេល៣ខែ ព្រមទាំងត្រូវពិន័យជាប្រាក់ចំនួន៣.០៧៥ដុល្លារអាមេរិក ។ ប៉ុន្តែនៅតំបន់ផ្សេងទៀតរបស់ប្រទេសឥណ្ឌូណេស៊ី អាចលក់សាច់ឆ្កែបាន ។
លោក Deva Nyoman Rai Thammadi ប្រធានការិយាល័យសណ្តាប់ធ្នាប់សាធារណៈរបស់កោះបាលីនិយាយថា ក្រោយការត្រួតពិនិត្យទីតាំងលក់សាច់ឆ្កែនៅចុងខែកក្កដា ឆ្នាំ២០២៤ ឃើញថា មានអ្នកលក់សាច់ឆ្កែ ចំនួន៣នាក់ បានរំលោភច្បាប់ ។ ហេតុនេះ អាជ្ញាធរបានដកហូតសាច់ឆ្កែអាំង៥០០ចង្កាក់ពីអ្នកលក់ម្នាក់ និងសាច់ឆ្កែឆៅ៥៦គីឡូក្រាមពីអ្នកលក់ផ្សេងទៀតនៅស្រុកចេមប្រាណា ។
អាជ្ញាធរបានធ្វើការព្រមានអ្នកលក់សាច់ឆ្កែម្នាក់ ដោយសារពុំធ្លាប់លក់ពីមុន ខណៈអ្នកលក់សាច់ឆ្កែ២នាក់ទៀត ធ្លាប់បានប្រព្រឹត្តខុសម្តងហើយម្តងទៀត ។ ហេតុនេះ អាជ្ញាធរក៏បានបញ្ជូនអ្នកលក់សាច់ឆ្កែ ទាំង២នាក់ទៅឱ្យតុលាការកាត់ទោសតាមច្បាប់ និងត្រៀមឡើងតុលាការនៅខែសីហា ឆ្នាំ២០២៤ ។
គួរបញ្ជាក់ថា មានប្រទេសតិចតួចប៉ុណ្ណោះនៅលើពិភពលោក ដែលអនុញ្ញាតឱ្យពលរដ្ឋអាចលក់សាច់ឆ្កែ និងឆ្មាបាន ប៉ុន្តែយុទ្ធនាការប្រឆាំងនឹងការលក់ ឬបរិភោគសាច់ឆ្កែ កំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងឡើង ។ ហេតុនេះ ធ្វើឱ្យទីក្រុងមួយចំនួន រួមទាំងទីក្រុង Semarang របស់ឥណ្ឌូណេស៊ី បង្កើតច្បាប់ហាមឃាត់ការលក់សាច់ឆ្កែ និងឆ្មា កាលពីប៉ុន្មានឆ្នាំមុន ៕