កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ភ្នាក់ងារឧតុនិយមជប៉ុនប្រកាសថា មានភ្លៀងធ្លាក់ខ្លាំងនៅតំបន់ Tohoku ជាពិសេស នៅខេត្តអាគីតាក់ និងខេត្តយ៉ាម៉ាកាតាក់ ។ ភ្លៀងធ្លាក់ខ្លាំងនេះ ដោយសារអាកាសធាតុប្រែប្រួលនៅរដូវវស្សា ហើយធ្វើឱ្យប្រទេសជប៉ុនមានភ្លៀងធ្លាក់ខ្លាំង រហូតដល់ថ្ងៃទី២៨ ខែកក្កដា ។
ក្រៅពីនេះ ភ្នាក់ងារឧតុនិយមជប៉ុនក៏បានប្រកាសឱ្យពលរដ្ឋរស់នៅក្នុងតំបន់នេះប្រុងប្រយ័ត្នគ្រោះថ្នាក់ដោយសារការបាក់ដី, ទឹកជំនន់ក្នុងតំបន់ទំនាប និងកម្រិតទន្លេកើនឡើងខ្ពស់ ដោយសារភ្លៀងធ្លាក់ជាបន្តបន្ទាប់ផងដែរ ។
កន្លងមក កាលពីថ្ងៃទី១២ ខែកក្កដា អាកាសធាតុមិនល្អបានធ្វើឱ្យភាគខាងលិចប្រទេសជប៉ុនប្រឈមនឹងភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ ដែលបណ្តាលឱ្យមានទឹកជំនន់ និងបាក់ដី ។ អាជ្ញាធរជប៉ុននិយាយថា ហេតុការណ៍នេះធ្វើឱ្យមនុស្សបាត់ខ្លួនចំនួន៣នាក់ ។
អាជ្ញាធរទីក្រុងម៉ាស៊ិយ៉ាម៉ាក់ ខេត្តអ៊ីហ៊ិមិ របស់ជប៉ុននិយាយថា មានហេតុការណ៍បាក់ដីកើតឡើងបង្កផលប៉ះពាល់ដល់ផ្ទះសម្បែងពលរដ្ឋ និងបណ្តាលឱ្យបំពង់បង្ហូរឧស្ម័នបែក ។ ភ្នាក់ងារឧតុនិយមជប៉ុនប្រកាសថា មានភ្លៀងធ្លាក់ខ្លាំងនៅភាគខាងលិច ព្រមទាំងសំណូមពរឱ្យពលរដ្ឋប្រុងប្រយ័ត្នករណីបាក់ដី និងទឹកជំនន់ ។
ដោយឡែក នៅប្រទេសនេប៉ាល់ ភ្នាក់ងារសង្គ្រោះបានស្វែងរកអ្នកដំណើរបាត់ខ្លួន យ៉ាងហោចណាស់ ៦២នាក់ ក្រោយការបាក់ដីធ្វើឱ្យរថយន្តក្រុង២គ្រឿងធ្លាក់ចូលក្នុងទឹកកំពុងហូរខ្លាំង ។ គេរាយការណ៍ថា មានអ្នកដំណើរតែ៣នាក់ប៉ុណ្ណោះនៅរស់រានមានជីវិត ដោយសារពួកគេបានលោតចុះពីលើរថយន្តក្រុង មុនពេលធ្លាក់ចូលទឹក ។ គ្រោះទឹកជំនន់ និងបាក់ដីនៅនេប៉ាល់ ធ្វើឱ្យមនុស្សស្លាប់យ៉ាងហោចណាស់ ៩១នាក់ គិតចាប់ពីពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៤ ។
ចំណែកនៅទីក្រុងដឺកាសឺវីល ស្ថិតនៅភាគកណ្តាលប្រទេសបារាំងឯណោះវិញ ក៏មានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ផងដែរ ដោយសារឥទ្ធិពលខ្យល់ព្យុះរដូវក្តៅ ព្រមទាំងមានព្រិលធ្លាក់ក្នុងតំបន់មួយចំនួន ។ វាបណ្តាលឱ្យខូចខាតអគារ និងយានជំនិះអស់ជាច្រើនគ្រឿង ។ បើតាមសេចក្តីរាយការណ៍ថា ចរន្តអគ្គិសនីបានដាច់ក្នុងតំបន់ជាច្រើន និងបណ្តាលឱ្យផ្ទះសម្បែងពលរដ្ឋប្រមាណ៨ពាន់ខ្នងគ្មានអគ្គិសនីប្រើប្រាស់ កាលពីយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ។
ដូចគ្នានេះ នៅប្រទេសស្លូវ៉ាគី មានភ្ញៀវទេសចរចំនួន២នាក់ស្លាប់ ក្រោយមានទឹកជំនន់ភ្លាមៗនៅតំបន់ភ្នំខ្ពស់ឈ្មោះ ហាយស្តាដ្រា កាលពីថ្ងៃទី១១ ខែកក្កដា ។ ភ្លៀងបានធ្លាក់ខ្លាំងនៅភាគកណ្តាលប្រទេសស្លូវ៉ាគី ធ្វើឱ្យទឹកជន់លិចក្នុងតំបន់ជាច្រើន ។ អាជ្ញាធរស្លូវ៉ាគីនិយាយថា ភ្ញៀវទេសចរ១៦នាក់បានលាក់ខ្លួននៅទីជម្រកបណ្តោះអាសន្ន ប៉ុន្តែត្រូវបានទឹកហូរលិចជម្រកបណ្តោះនេះ ។
ហេតុការណ៍នេះបណ្តាលឱ្យភ្ញៀវទេសចររងរបួស៤នាក់ និង២នាក់ទៀតស្លាប់ ។ ស្ត្រីអ្នកនាំពាក្យរបស់ភ្នាក់ងារសង្គ្រោះ ដែលបានជួយជម្លៀសភ្ញៀវទេសចររងរបួសនៅស្លូវ៉ាគី និយាយថា បានបញ្ជូនអ្នករងរបួសមានមនុស្សចាស់៣នាក់ និងក្មេងម្នាក់ទៅកាន់មន្ទីរពេទ្យក្នុងតំបន់ ។
រីឯនៅភូមិមួយក្នុងរដ្ឋ New Mexico ស្ថិតនៅភាគនិរតីសហរដ្ឋអាមេរិក ក៏មានភ្លៀងធ្លាក់ខ្លាំងកើតទឹកជំនន់ផងដែរ ។ ទឹកជំនន់ហូរពីជួរភ្នំមានសភាពល្អក់យ៉ាងខ្លាំងដូចភក់ ហើយវាហូរឆ្លងកាត់តាមផ្ទះរបស់ពលរដ្ឋជាច្រើនខ្នង ៕










