្រទេសហ្វីលីពីន ៖ ជ្រលងភ្នំសូកូឡា (Chocolate Hills) មានទីតាំងស្ថិតនៅលើកោះ Bohol ភាគខាងត្បូងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ។ កោះ Bohol គឺជាកោះដែលមានទំហំធំបំផុតរបស់ហ្វីលីពីន និងមានទេសភាពស្រស់ស្អាតតាមបែបធម្មជាតិ ។ ហេតុនេះ ទើបធ្វើឱ្យជ្រលងភ្នំនេះក្លាយជាតំបន់ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញមួយនៅលើពិភពលោក ។
នៅទីនេះ សម្បូរទៅដោយភ្នំតូច-ធំ រហូតដល់ជាង១.៧០០ភ្នំ ដែលសុទ្ធតែកើតឡើងតាមធម្មជាតិទាំងអស់ ប៉ុន្តែភ្នំទាំងនេះបែរជាមានរូបរាងមូល និងមានទំហំស្រដៀងនឹងការបង្កើតរបស់មនុស្ស ។ ហេតុនេះ ទើបមនុស្សភាគច្រើនសួរថា តើភ្នំតូច-ធំទាំងនេះកើតឡើងដោយស្នាដៃរបស់មនុស្ស ឬដោយសារធម្មជាតិ? បើតាមផ្នែកវិទ្យាសាស្ត្រឆ្លើយថា ភ្នំទាំងនេះអាចកើតឡើងតាមធម្មជាតិ ។
ការសន្និដ្ឋានបញ្ជាក់ថា កាលពីរាប់លានឆ្នាំមុន តំបន់នេះជាបាតសមុទ្រ ដែលមានផ្កាថ្មជាច្រើនដុះពាសពេញ ។ ក្រោយមក ពេលវេលាក៏បានផ្លាស់ប្តូរធ្វើឱ្យទឹកសមុទ្ររីងស្ងួតអស់ ហើយក៏មានការប្រមូលផ្តុំថ្មកំបោរអស់រយៈពេលជាច្រើនឆ្នាំ រួចហើយបង្កើតបានជាភ្នំទាំងនេះ ។ ប៉ុន្តែមនុស្សភាគច្រើននៅតែឆ្ងល់ថា តើថ្មកំបោរទាំងអស់ប្រមូលផ្តុំគ្នាដោយរបៀបណា ទើបបង្កើតជាភ្នំបែបនេះ?
ពលរដ្ឋហ្វីលីពីនរស់នៅក្នុងតំបន់មានជំនឿខុសៗគ្នាពាក់ព័ន្ធនឹងជ្រលងភ្នំសូកូឡា ក្នុងនោះពលរដ្ឋខ្លះមានជំនឿថា ភ្នំទាំងនេះកើតឡើងដោយសារកូនយក្ស២នាក់ នាំគ្នាមកលុញដីឥដ្ឋលេង រួចហើយ កូនយក្សទាំង២នាក់ ក៏ឈ្លោះប្រកែកគ្នា និងគប់ដីឥដ្ឋដាក់គ្នាទៅវិញទៅមក ។ ប៉ុន្តែក្រោយពីកូនយក្សឈប់ឈ្លោះគ្នា និងឈប់លេងដីឥដ្ឋ ពួកគេភ្លេចធ្វើឱ្យដីឥដ្ឋទាំងនេះមានសភាពរាបស្មើវិញ ទើបបង្កើតបានជាភ្នំ រហូតដល់ជាង១.៧០០ភ្នំ នៅពាសពេញទីនេះ ។
ជាទូទៅ បណ្តាភ្នំតូច-ធំនៅជ្រលងភ្នំសូកូឡា គឺមានស្មៅដុះពីលើភ្នំ ហើយនៅរដូវប្រាំងគ្មានទឹក ស្មៅទាំងនេះនឹងស្ងួតប្រែទៅជាពណ៌ត្នោត ។ ដូច្នេះហើយ ទើបគេដាក់ឈ្មោះវាថា ភ្នំសូកូឡា (Chocolate Hills) ហើយក្រៅពីទីនេះជាតំបន់ទេសចរណ៍ដ៏ទាក់ទាញនៅលើកោះ Bohol របស់ប្រទេសហ្វីលីពីនហើយ វាក៏ជាតំបន់បេតិកភណ្ឌពិភពលោក ផ្នែកភូមិសាស្ត្រផងដែរ ៕










