លោក អេ ភូថង គ្រូបង្វឹកកីឡាប្រដាល់គុនខ្មែរ អ្នកស្រី សាំង សុម៉ាលី មន្រ្តីបច្ចេកទេស និងកីឡាការិនី អេ យ៉ានុត នឹងត្រូវបន្ធូរបន្ថយការដាក់ពិន័យបន្ទាប់ពីទទួលស្គាល់កំហុស និងធ្វើការសូមទោសជាសាធារណៈ សន្យាមិនឱ្យកើតឡើងម្តងទៀតជាលើកទីពីរ។ គ្រួសារអ្នកប្រដាល់គុនខ្មែរនេះត្រូវបានសហព័ន្ធកីឡាគុនខ្មែរមិនអនុញ្ញាតឱ្យចូលរួមក្នុងព្រឹត្តិការណ៍កីឡាគុនខ្មែររយៈពេល៦ខែដែលរៀបចំដោយសហព័ន្ធ។
នៅថ្ងៃទី២៣ កក្កដា ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានធ្វើសន្និសីទសារព័ត៌មានជុំវិញការដាក់ពិន័យ លោក អេ ភូថង អ្នកស្រី សាំង សុម៉ាលី និងកីឡាការិនី អេ យ៉ានុត។ ក្រោយពីសម្របសម្រួលតាមការបញ្ជាក់ពីផេកសហព័ន្ធបានគូសបញ្ជាក់ថាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរនឹងសិក្សាបន្តជាមួយអនុគណៈកម្មការជំនាញរបស់សហព័ន្ធលើសំណូមពរ សុំបន្ធូរបន្ថយការដាក់ពិន័យលើលោកគ្រូ អេ ភូថង អ្នកគ្រូ សាំង សុម៉ាលី និង កីឡាការិនី អេ ព្រីយ៉ានុត។
ការសុំបន្ធូរបន្ថយការដាក់ពិន័យនេះដោយហេតុថា ភាគីខាងលោកគ្រូ អេ ភូថង និងក្រុមគ្រួសារ បានទទួលស្គាល់កំហុស និងធ្វើការសូមទោសជាសាធារណ:ចំពោះកំហុសឆ្គងរបស់ខ្លួន ព្រមទាំងសន្យាមិនឱ្យកើតមានករណីនេះជាលើកទីពីរទៀតនោះឡើយ។ ការសម្របសម្រួលនេះបានបញ្ចប់ដោយរលូនឈរលើគោលការណ៍រួមគ្នាដើម្បីគុនខ្មែរ។
គូសបញ្ជាក់ថា កាលពីថ្ងៃទី ២២ ខែកក្កដា សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានសម្រេចចិត្តដាក់ពិន័យលោក អេ ភូថង គ្រូបង្វឹកកីឡាប្រដាល់គុនខ្មែរ អ្នកស្រីសាំង សុម៉ាលី មន្រ្តីបច្ចេកទេសរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរត្រូវជាភរិយាលោក អេ ភូថង រួមជាមួយកីឡាការិនី អេ យ៉ានុត ត្រូវជាកូនស្រី មិនអនុញ្ញាតឱ្យចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរដែលរៀបចំដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែររយៈពេល៦ខែ៕










