ថ្លែងក្នុងឱកាសចូលរួមជាអធិបតីពិធីសំណេះសំណាលជាមួយមន្ត្រីអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ៦៦៨នាក់ នៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញបទបញ្ជាដោយហាមដាច់ខាតឱ្យមន្ត្រីនគរបាលចរាចរណ៍ ហៅយានយន្តណាមួយមកត្រួតពិនិត្យ បើយានយន្តទាំងនោះគ្មានបទល្មើស។
ឯកឧត្តមអភិសន្ដិបណ្ឌិត សង្កត់ធ្ងន់ថា៖”គ្រប់អ្នកពាក់ព័ន្ធដែលចុះអនុវត្តច្បាប់ ទីមួយធំបំផុត ត្រូវស្វែងយល់ពីភារកិច្ចរបស់ខ្លួនឱ្យបានច្បាស់លាស់ នេះគឺសំខាន់ណាស់។ បើយើងចុះទៅទាំងបិទភ្នែក អត់ដឹងថាអ្វីខុស អ្វីត្រូវ យើងអង្គុយគិតតែពីធ្វើលើស នេះហើយគឺជាការខុសឆ្គង ហើយជាពិសេសខ្វះខាតក្នុងការស្វែងយល់ និងការសិក្សាពីកន្លែងធ្វើការរបស់ខ្លួន និងតួនាទីភារកិច្ចរបស់ខ្លួន”។
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ក៏បានអំពាវនាវដល់អស់លោកដែលជាមន្ត្រី ក្រោមឱវាទ អ្នកទទួលបន្ទុកការងារនេះ សូមឱ្យដាស់តឿនដល់មន្ត្រីក្រោមឱវាទដទៃទៀត ក្នុងគោលដៅកាត់បន្ថយភាពថ្នាំងថ្នាក់រវាងប្រជាពលរដ្ឋ និងមហាជនដទៃទៀត ជាពិសេសការវាយប្រហារតាមប្រព័ន្ធផ្សព្វផ្សាយលើបណ្ដាញសង្គមផងដែរ៕










