ការបត់ជើងតូចក្នុងអំឡុងពេលងូតទឹក គឺជារឿងធម្មតា ដែលមនុស្សគ្រប់រូបបានធ្វើបែបនេះ ។ ប៉ុន្តែតើជ្រាបឬទេថា វានឹងមានផលប៉ះពាល់ដល់ប្រព័ន្ធគ្រប់គ្រងការបញ្ជារបស់ខួរក្បាលទៅកាន់ប្លោកនោមនាថ្ងៃអនាគត ជាពិសេស នារីៗ ។ នេះបើតាមការលើកឡើងរបស់លោកស្រីវេជ្ជបណ្ឌិតមានជំនាញផ្នែកប្រព័ន្ធតម្រងនោម ។
លោកស្រីវេជ្ជបណ្ឌិត Teresa Irwin អ្នកឯកទេសផ្នែកប្រព័ន្ធតម្រងនោម និងមានគណនី TikTok ឈ្មោះ «dr.teresa.irwin» ដែលមានអ្នកតាមដានជាង៨៤.០០០ បានលើកឡើងថា តាមពិត យើងពុំចង់ធ្វើបែបនេះទេ ប៉ុន្តែពេលឮសំឡេងបើកទឹកក្នុងបន្ទប់ទឹក យើងគ្រប់គ្នាតែងតែមានអារម្មណ៍ចង់បត់ជើងតូច សូម្បីតែក្នុងអំឡុងពេលកំពុងលាងដៃ ឬលាងចានក្តី ។ ប៉ុន្តែការធ្វើបែបនេះបានក្លាយទៅជាទម្លាប់របស់មនុស្សគ្រប់គ្នាទៅហើយ ។

លោកស្រីបន្តថា យើងពុំគួរបត់ជើងតូចក្នុងអំឡុងពេលងូតទឹកឡើយ ពីព្រោះវានឹងធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធទឹកនោម នាថ្ងៃអនាគត ។ បើយើងបត់ជើងតូចក្នុងពេលងូតទឹកជាញឹកញាប់នោះ ខួរក្បាលរបស់យើងនឹងមានទំនាក់ទំនងរវាងសំឡេងទឹកហូរជាមួយការបត់ជើងតូច ហើយសំឡេងទឹកហូរនឹងជំរុញឱ្យយើងចង់ចូលបន្ទប់ទឹក ។ បើនិយាយងាយៗ គឺយើងនឹងឈឺបត់ជើងតូចគ្រប់ពេលបានឮសំឡេងទឹកហូរ ដូចជា ៖ ពេលលាងដៃ និងលាងចាន ពីព្រោះប្លោកនោមទទួលរំញោចពីសំឡេង ។
ដោយឡែក កន្លងមក វេជ្ជបណ្ឌិតម្នាក់ទៀត គឺលោកស្រី Alicia Jeffrey ដែលមានឈ្មោះក្នុង TikTok ថា «thepelvicdancefloor» និងមានអ្នកតាមដានចំនួន៦៥ម៉ឺន៩ពាន់នាក់ ក៏ធ្លាប់បានលើកឡើងដូចគ្នាដែរថា ការបត់ជើងតូចក្នុងអំឡុងពេលងូតទឹក វានឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពខ្លាំងលើសពីការរំពឹងទុក ។.jpg)
លោកស្រីលើកឡើងថា បើនារីៗបត់ជើងតូចក្នុងពេលកំពុងងូតទឹករហូតក្លាយជាទម្លាប់ ឬមានទម្លាប់បើកបង្ហូរទឹកខណៈពេលកំពុងអង្គុយបត់ជើងតូច វាជាការភ្ជាប់ទំនាក់ទំនងរវាងសំឡេងទឹកហូរ និងការបត់ជើងតូច ។ បើថ្ងៃក្រោយ ពួកគេមានបញ្ហាឈឺត្រគាក វានឹងកាន់តែធ្វើឱ្យមានបញ្ហាពេលបត់ជើងតូចខ្លាំងឡើង (គឺពុំអាចឃាត់ទឹកនោមបាន) ឬឈឺបត់ជើងតូចពេលឮសំឡេងទឹកហូរ ហើយវានឹងប៉ះពាល់ដល់ការងារប្រចាំថ្ងៃ ។
ម្យ៉ាងទៀត ធម្មជាតិរបស់នារីបានតម្រូវឱ្យពួកនាងមានតួនាទីសម្រាលកូន ទើបនារីពុំអាចបត់ជើងតូចឈរបានទេ ។ ហេតុនេះ ពេលពួកនាងឈរបណ្តើរ បត់ជើងតូចបណ្តើរ វានឹងធ្វើឱ្យប្លោកនាមពុំអាចបញ្ចេញទឹកនោមអស់ឡើយ ។ ហេតុនេះ នារីគួរតែអង្គុយបត់ជើងតូចឱ្យរួចរាល់មុនពេលងូតទឹក ឬពុំគួរបើកបង្ហូរទឹកក្នុងពេលបត់ជើងតូចទេ ។ ប៉ុន្តែបើនៅតែឈឺបត់ជើងតូចទៀតក្នុងពេលងូតទឹក គឺត្រូវទុកវាសិន ដើម្បីមានផលល្អដល់សុខភាព ៕










