ស្ត្រីគ្រប់រូបតែងប្រាថ្នាចង់បានស្បែកមុខសភ្លឺថ្លា ម៉ត់រលោងគ្មានមុន គ្មានស្នាម ប៉ុន្តែបើចង់បានបែបនេះត្រូវចំណាយលុយរៀងច្រើនបន្តិចដើម្បីទិញផលិតផល។ ទោះជាយ៉ាងណាប្រសិនបើអ្នកមិនចង់ខ្ជះខ្ជាយលុយទេ តែចង់បានស្បែកមុខស្អាតដូចតារា យើងសូមណែនាំរបៀបធ្វើម៉ាសបិទមុខនៅផ្ទះងាយៗដូចខាងក្រោម ដែលជួយឱ្យអ្នកចំណាយលុយតិច ហើយបានមុខសស្អាតបែបធម្មជាតិ។
១.ធ្វើរបាំងមុខដោយទឹកក្រូចឆ្មារ៖ ដឹងទេថាក្រូចឆ្មារក៏អាចបង្កើតរបាំងមុខបានដែរ ដោយសារវាមានផ្ទុកសារធាតុអាស៊ីត និងវីតាមីន C ជួយបង្រួមរន្ធញើស សម្អាតស្បែក ការពារ និងទប់ស្កាត់ការកកើតមុន។ របៀបធ្វើ៖ ច្របាច់ទឹកក្រូចឆ្មារស្រស់ បន្ទាប់មកលាបលើផ្ទៃមុខ ឬកន្លែងដែលមានបញ្ហាមុន ទុកចោលប្រហែល ១៥ នាទីរួចលាងទឹកចេញជាការស្រេច ដោយអ្នកគួរអនុវត្តវិធីនេះតែពីរដងក្នុងមួយសប្តាហ៍បានហើយ មិនត្រូវអនុវត្តច្រើនពេកទេ ព្រោះវានឹងធ្វើឱ្យស្បែករបស់អ្នកខូច ប្រែជាស្តើង និងងាយរងការឡើងកំដៅថ្ងៃ។

២.ម្សៅរមៀត និងស៊ុតលឿង៖ ម្សៅរមៀតមានសារធាតុ curcumin ដែលមានប្រសិទ្ធិភាពប្រឆាំងនឹងបាក់តេរី ក៏ដូចជាប្រឆាំងនឹងការរលាក ដែលស័ក្តិសមបំផុតសម្រាប់ធ្វើរបាំងថែរក្សាស្បែក ជាពិសេសសម្រាប់ស្បែកដែលមានខ្លាញ់ និងងាយកើតមុន។ រីឯស៊ុតលឿងវិញគឺមានប្រូតេអ៊ីនច្រើនដែលផ្តល់សារធាតុចិញ្ចឹមដល់ស្បែក ជួយកែលម្អស្បែកស្ងួតមិនឱ្យប្រេះ។ ដូច្នេះការរួមផ្សំនៃម្សៅរមៀត និងស៊ុតមិនត្រឹមតែមានប្រសិទ្ធភាពព្យាបាលមុនប៉ុណ្ណោះទេ ថែមទាំងជួយឱ្យស្បែកមុខសភ្លឺថ្លា និងមានសំណើមទៀតផង។
របៀបធ្វើ៖ បំបែកស៊ុតមាន់មួយគ្រាប់ រួចដាក់ចូលក្នុងចានស្អាត ជាមួយនឹងម្សៅរមៀត ២ស្លាបព្រាបាយ រួចច្របល់ចូលគ្នាឱ្យសព្វ។ បន្ទាប់មកលាបល្បាយទាំងនេះនៅលើស្បែកមុខ ហើយទុកចោលប្រហែល ១៥ ទៅ ២០ នាទី រួចលាងទឹកធម្មតាចេញជាការស្រេច។ ដោយអនុវត្តម៉ាសនេះជាប្រចាំ ១-២ ដង/សប្តាហ៍ នឹងធ្វើឱ្យស្ថានភាពមុខរបស់អ្នកលែងមានស្នាមមុនជារៀងរហូត៕