ប្រទេសចិន ៖ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានស៊ីនហួររាយការណ៍ថា ក្រោយពីភ្លៀងធ្លាក់យ៉ាងខ្លាំងបានបណ្តាលឱ្យមានទឹកជំនន់ និងបាក់ស្ពានមួយកន្លែងនៅប្រទេសចិន ។ រីឯអាជ្ញាធរចិននិយាយថា ភ្លៀងធ្លាក់ខ្លាំងនេះដោយសារមានខ្យល់ព្យុះបោកបក់ និងធ្វើឱ្យមនុស្សស្លា.ប់ អស់ចំនួន១២នាក់ ។ ពេលនេះ អាជ្ញាធរកំពុងតែព្យាយាមស្វែងរកមនុស្សបាត់ខ្លួនជាង៣០នាក់ទៀត ។
សារព័ត៌មានស៊ីនហួររាយការណ៍ថា ស្ពានមួយកន្លែងនៅទីក្រុង Shangluo ខេត្ត Shaanxi ស្ថិតនៅភាគពាយ័ព្យប្រទេសចិន បានបាក់ធ្លាក់កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ក្រោយពីភ្លៀងធ្លាក់យ៉ាងខ្លាំង និងមានទឹកជំនន់ភ្លាមៗ ។ បន្ទាប់មក នៅថ្ងៃទី២០ ខែកក្កដា ភ្នាក់ងារសង្គ្រោះបានរកឃើញសាកសពសរុបចំនួន១២នាក់ ដែលសាកសពទាំងនេះនៅជាប់ក្នុងរថយន្តចំនួន៥គ្រឿង ខណៈរថយន្តទាំងនេះធ្លាក់ចូលទឹកទន្លេពេលស្ពានបាក់ ។
បើតាមរបាយការណ៍បញ្ជាក់ថា មានមនុស្សបាត់ខ្លួនយ៉ាងហោចណាស់ ចំនួន៣១នាក់ទៀត ដែលអាជ្ញាធរពុំទាន់រកឃើញនៅឡើយ ។ បើតាមការស៊ើបអង្កេតជំហានដំបូងបង្ហាញថា មានរថយន្តចំនួន១៧គ្រឿងបានធ្លាក់ចូលក្នុងទឹកទន្លេ និងរថយន្តដឹកទំនិញ៨គ្រឿងទៀត ក៏បានធ្លាក់ចូលទន្លេដែរ ។
បុរសម្នាក់បានរួចផុតពីសេចក្តីស្លាប់ក្នុងហេតុការណ៍បាក់ស្ពាន រៀបរាប់ថា ពេលលោកបើកបររថយន្តមកដល់លើស្ពានត្រង់ ស្រាប់តែអ្នកបើករថយន្តផ្សេងទៀតស្រែកប្រាប់ឱ្យលោកបញ្ឈប់ការបើកបរជាបន្ទាន់ ។ ហេតុនេះ ទើបលោករួចផុតពីគ្រោះថ្នាក់ ប៉ុន្តែរថយន្តដឹកទំនិញនៅខាងមុខលោក ពុំព្រមឈប់ទេ ទើបធ្លាក់ចូលក្នុងទន្លេបែបនេះ ។
ក្រោយកើតហេតុ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធប្រមូលកម្លាំងតាមស្វែងរកពលរដ្ឋបាត់ខ្លួន និងជួយសង្គ្រោះជនរងគ្រោះ ។ រីឯប្រព័ន្ធផ្សព្វផ្សាយ CCTV រាយការណ៍ថា មានមនុស្សបាត់ខ្លួនជាង៣០នាក់ទៀត កាលពីថ្ងៃទី២០ ខែកក្កដា នៅទីក្រុងយ៉ាអាន់ (Yaan) ខេត្ត Sichuan ស្ថិតនៅភាគនិរតីប្រទេសចិន ក្រោយពីមានខ្យល់ព្យុះ និងភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យកើតទឹកជំនន់ ។
ក្រៅពីនេះ ក៏មានភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យកើតទឹកជំនន់នៅខេត្ត Gansu ផងដែរ ខណៈទីតាំងភូមិសាស្ត្ររបស់ខេត្តនេះមានវាលខ្សាច់ពាក់កណ្តាល ។ រីឯបរិមាណទឹកភ្លៀងដែលអាជ្ញាធរបានវាស់វែងនៅទីក្រុង Nanyang ខេត្ត Henan កាលពីសប្តាហ៍ទី៣ ខែកក្កដា ឆ្នាំ២០២៤ គឺស្មើនឹងបរិមាណទឹកភ្លៀងធ្លាក់ពេញមួយឆ្នាំ ៕










