រូបភាពចែកចាយពីបណ្តាញសង្គមបានបង្ហាញឲ្យឃើញពីទិដ្ឋភាពនៅក្នុងសារមន្ទីរមួយកន្លែងរបស់ប្រទេសថៃ ដាក់តាំងបង្ហាញសុទ្ធតែព្រះកេស(ក្បាល)របស់រូបបដិមាយ៉ាងច្រើនពោរពាស ខណៈវាក៏បានលេចឡើងជាចម្ងល់ក្នុងចំណោមជនជាតិខ្មែរ ស្របពេលដែលចម្លាក់បុរាណនៅក្នុងប្រទេសខ្មែរ ខ្លះបន្សល់ទុកត្រឹមតែដងខ្លួនប៉ុណ្ណោះ។
សារមន្ទីរមួយកន្លែងនៅក្នុងខេត្តប៉ាធុមថានី ប្រទេសថៃ ដែលមានដាក់តាំងបង្ហាញពីចម្លាក់បុរាណ រូបបដិមាផ្សេងៗពោរពាស។ យ៉ាងណាមិញ អ្វីដែលជាទីចាប់អារម្មណ៍នោះគឺ ដោយគេបានសង្កេតឃើញថា មានព្រះកេសរបស់បដិមាជាច្រើនដាក់តម្រៀបគ្នាជាជួរៗ ដោយមិនដឹងព្រះកាយនៅទីណានោះទេ។
ស្របពេលដែលបានឃើញពីវត្តមានព្រះកេស(ក្បាល)របស់រូបចម្លាក់ជាច្រើន ស្ថិតនៅក្នុងប្រទេសថៃបែបនេះ វាក៏បានលេចឡើងជាចម្ងល់ក្នុងចំណោមជនជាតិខ្មែរគ្រប់ៗរូប ព្រោះថានៅកម្ពុជា គេក៏បានប្រទះឃើញរូបចម្លាក់មួយចំនួនសុទ្ធតែកំបុតក្បាលទាំងអស់ផងដែរ។ 
បើយោងតាមការលើកឡើងនៅលើបណ្តាញសង្គមដោយគណនីមួយបានឲ្យដឹងថា« រូបចម្លាក់ ប្រតិមា សិល្បៈបែបខ្មែរទាំងអស់នេះ ត្រូវបានយកចេញពីប្រាសាទរបស់ខ្មែរ បច្ចុប្បន្ន កំពុងដាក់តាំងនៅក្នុងសារមន្ទីរនៃខេត្ត ប៉ាធុមថានី ប្រទេសថៃ។ ក្នុងប្រាសាទខ្មែរជាច្រើនកន្លែង រូបចម្លាក់ កំបុតក្បាល(ព្រះសិរ) នៅសល់តែដងខ្លួន គឺដោយសារតែបែបនេះ។ ថៃ ប្រមូលខ្ទេច ប្រមូលខ្ទីពីខ្មែរ»។
ដោយហេតុថា កម្ពុជាគឺជាប្រទេសមួយបានឆ្លងកាត់សម័យសង្រ្គាមរាប់ភ្លេចទៅហើយ ដែលបណ្តាលឲ្យសម្បត្តិវប្បធម៌ វត្ថុបុរាណជាច្រើនបានបាត់បង់ទៅ ហើយនាពេលបច្ចុប្បន្ននេះ រូបចម្លាក់ខ្លះក៏បានលេចវត្តមាននៅឯសារមន្ទីរប្រទេសនានាលើពិភពលោក។ ដោយកាលពីពេលថ្មីនេះ រូបចម្លាក់បុរាណខ្មែរចំនួន១៤ ក៏ត្រូវបានសារមន្ទីររបស់សហរដ្ឋអាមេរិក ប្រគល់ជូនមកខ្មែរវិញតាមការស្នើសុំផងដែរ។
យ៉ាងណាមិញ ព្រះកេសរបស់រូបបដិមាជាច្រើនដែលបានដាក់តាំងបម្រៀបនៅឯប្រទេសថៃនោះ ត្រូវបានជនជាតិខ្មែរភាគច្រើនលើកឡើងថា វាគឺជាចម្លាក់ក្នុងរចនាបទខ្មែរ ដែលបានបាត់ទៅក្នុងសម័យសង្គ្រាម។ ទោះជាយ៉ាងណា ទាំងនេះគ្រាន់តែជាការលើកឡើងនិងសេចក្តីសន្និដ្ឋានខ្លះៗរបស់ជនជាតិខ្មែរប៉ុណ្ណោះ រីឯភស្តុតាងពិតប្រាកដនោះគឺនូវតែមិនទាន់មាននៅឡើយនោះទេ៕










