ជឿជាក់ថាអ្នកតាមដានវិស័យបវរកញ្ញាប្រាកដជាស្គាល់កញ្ញា ម៉ាច ដាវី មិនខានខណៈនាងជាប់លំដាប់រងទី៣ Miss Grand Cambodia 2024។ ការតស៊ូរបស់ ដាវី គឺពោរពេញដោយឧបសគ្គរងការវាយប្រហារផ្សេងៗជាច្រើន។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ថ្មីៗនេះ ពៅ ធីតា Miss Grand ព្រះសីហនុ ដែលជាប់លំដាប់រងទី៥ បានទម្លាយអត្តចរិត ម៉ាច ដាវី គឺជាបវរកញ្ញាម្នាក់ដែលជួយជ្រោមជ្រែងនាងពេលប្រកួតខណៈដែលខ្លួនមានការខ្វះខាតសំលៀកបំពាក់។
ពៅ ធីតា បានបង្ហោះវីដេអូខ្លីមួយនៅលើបណ្តាញសង្គមកាលពីយប់ថ្ងៃទី១៧ កក្កដា អមដោយអត្ថន័យថា «ថ្ងៃនេះខ្ញុំចង់និយាយពីមនុសស្រីម្នាក់ដែលមិនត្រូវជាអ្វីនឹងខ្ញុំសោះប៉ុន្តែពេលដែលខ្ញុំលំបាកពេលដែលខ្ញុំខ្វះខាតគឺគាត់តែងតែជួយខ្ញុំពេលទៅខេត្តឬចូលរួមកម្មគឺខ្ញុំមិនមានលុយសម្រាប់ទិញសំម្លៀកបំពាក់ថ្មីគ្រប់គ្រាន់ទេ ប៉ុន្តែគាត់តែងតែឱ្យខ្ញុំដោយមិនខ្វល់ថាឈុតនោះនៅថ្មីគាត់មិនទាន់បានពាក់ទេ»។.png)
លំដាប់រងរូបនេះ បានលើកឡើងទៀតថា ម៉ាច ដាវី តែងតែប្រាប់នាងរហូតថាឱ្យមើលQ&A ស្អែកត្រូវទៅកម្មវិធីកុំឱ្យយឺតអត់មានគ្រឿង make up ប្រើរបស់នាង មកអត់មានអីពាក់ប្រាប់នាង អត់ក្រវិលយករបស់នាង មានរឿងជាច្រើនដែល ម៉ាច ដាវី បានជួយនាង។ ពៅ ធីតា ថា «គាត់តែងតែជួយនិងយកចិត្តទុកដាក់ជាមួយមនុស្សជុំវិញខ្លួន គាត់ប្រៀបបានដូចជាបងស្រីខ្ញុំចឹង love you my sister Mach Davy »ចឹងហើយខ្ញុំសុំចិត្តពុកម៉ែបងប្អូនទាំងអស់គ្នាមួយចំនួនតូចដែលមិនបានស្គាល់គាត់សោះហើយបានជេរប្រមាថទៅលើគាត់តើវាសមដែរឬទេសាកយកចិត្តអ្នកទាំងអស់គ្នាដាក់ចិត្តគាត់ហើយអ្នកនឹងយល់ពីអារម្មណ៍របស់គាត់»។
ក្រៅពី ពៅ ធីតា គេក៏បានឃើញតារាចម្រៀងនិងអ្នកនិពន្ធ ទ្រី សក្កដា លោក កៅ សីហា អ្នកដឹកនាំរឿងប្រចាំទូរទស្សន៍ហង្សមាស បង្ហាញពីអត្តចរិតដ៏ល្អរបស់ ម៉ាច ដាវី ដូចគ្នា។
ម៉ាច ដាវី ត្រូវបានគេវាយប្រហារបង្ហោះចោទប្រកាន់ថាបានរៀបការរួចនិងបន្លំអាយុដើម្បីចូលប្រកួត Miss Grand Cambodia 2024 និងទទួលបានមតិរិះគន់ពីមហាជន។ លំដាប់រងទី៣ Miss Grand Cambodia 2024 ក៏បានចាត់វិធានការទៅតាមផ្លូវច្បាប់ចំពោះជនណានិយាយប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនិងកិត្តិយសរបស់នាងដូចគ្នា។ ងាកទៅកាន់បណ្តាញសង្គមរបស់ ម៉ាច ដាវី វិញ ឃើញថានាងបានជួយក្នុងកិច្ចការសប្បុរសធម៌ជាច្រើន៕










