ប្រទេសចិន៖ សាលាមត្តេយ្យជាច្រើននៅតាមជនបទក្នុងប្រទេសចិននាពេលបច្ចុប្បន្នគឺមិនសូវមានសិស្សចូលរៀននោះទេ ដោយនាយកសាលាក៏បានសម្រេចចិត្តកែប្រែសាលាមត្តេយ្យទៅជាមជ្ឈមណ្ឌលថែទាំមនុស្សចាស់វិញ។
យោងតាម CNBC ប្រទេសចិននឹងបន្ថែមមនុស្សចាស់រាប់រយលាននាក់ក្នុងប៉ុន្មានទសវត្សរ៍ខាងមុខនេះ ដោយសារចំនួនប្រជាជនវ័យចំណាស់កើនឡើង និងការថយចុះយ៉ាងខ្លាំងនៃអត្រាកំណើត បានធ្វើឱ្យប៉ះពាល់ដល់វិស័យអប់រំ ដោយសាលាមត្តេយ្យសិក្សារាប់ពាន់ត្រូវបានបិទនៅទូទាំងប្រទេស។
ទោះជាយ៉ាងណាសាលាមត្តេយ្យខ្លះក៏បានបើកឡើងវិញដោយបំប្លែងទៅជាកន្លែងថែទាំមនុស្សចាស់វិញ។ នាយកសាលា Li Xiuling បាននិយាយថា លោកបានបិទសាលាមួយរយៈដោយសារគ្មានកុមារចុះឈ្មោះចូលរៀន ប៉ុន្តែបន្ទាប់មកលោកក៏បានបើកឡើងវិញដោយប្តូរទៅជាមជ្ឈមណ្ឌលកម្សាន្តសម្រាប់មនុស្សចាស់។ មិនយូរប៉ុន្មានសាលានេះក៏មានមនុស្សចាស់ជាច្រើនចុះឈ្មោះចូលរៀន ដោយសព្វថ្ងៃសាលាគឺមានបង្រៀនផ្នែកតន្ត្រី របាំ ម៉ូដែល និងមុខវិជ្ជាជាច្រើនទៀត។ ដូច្នេះការងារថែទាំ និងបង្រៀនមនុស្សចាស់គឺកំពុងមានការរីកចម្រើនខ្លាំងនៅក្នុងប្រទេសចិន។
បើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលបានឱ្យដឹងថា សាលាមត្តេយ្យជិត ១៥,០០០ បានបិទកាលពីឆ្នាំមុន ខណៈដែលការចុះឈ្មោះចូលរៀនបានធ្លាក់ចុះចំនួន ៥.៣ លាននាក់កាលពីឆ្នាំ ២០២២។ ទោះជាយ៉ាងណាយោងតាមរបាយការណ៍ គ្រឹះស្ថានមត្តេយ្យសិក្សាជាច្រើនផ្សេងទៀតនៅទូទាំងប្រទេសចិនក៏ចាប់ផ្តើមបើកឡើងវិញ ហើយក៏ទទួលបានទទួលជោគជ័យដោយការផ្លាស់ប្តូរពីការអប់រំកុមារទៅបង្រៀនមនុស្សចាស់វិញ។
យោងតាមស្ថិតិផ្លូវការ ប្រទេសចិនបានឃើញការកើនឡើងគួរឱ្យកត់សម្គាល់នៃចំនួនប្រជាជនចាស់របស់ខ្លួនកាលពីឆ្នាំមុន ដោយបានបន្ថែមមនុស្សជិត ១៧ លាននាក់ដែលមានអាយុលើសពី ៦០ ឆ្នាំ។ ក្រុមអាយុនេះមានច្រើនជាង ២០% នៃចំនួនប្រជាជន ដែលសមាមាត្ររំពឹងថានឹងកើនឡើងដល់ជិត ១/៣ នៅឆ្នាំ ២០៣៥។ រដ្ឋាភិបាលប៉ាន់ប្រមាណថា ផលិតផល និងសេវាកម្មសម្រាប់ផ្គត់ផ្គង់ដល់មនុស្សចាស់ ចាប់ពីវិស័យទេសចរណ៍សម្រាប់មនុស្សចាស់ រហូតដល់ការថែទាំវេជ្ជសាស្រ្តផ្អែកលើបច្ចេកវិទ្យា អាចមានតម្លៃ ៣០ ពាន់ពាន់លានយន់នៅឆ្នាំ ២០៣៥៕










