«ជីវិតខ្ញុំរស់ដើម្បីភាពយន្តមិនបានផលិតភាពយន្តស្មើនឹងស្លាប់»នេះជាការលើកឡើងរបស់ផលិតករលោក
នៅលើបណ្តាញសង្គមស្របពេលដាច់ចិត្តដាក់បញ្ចាំងស៊ីក្លូតម្លៃ១លានដុល្លារយកត្រឹម១៥,០០០ដុល្លារនិងលោះវិញនូវទឹកប្រាក់ចំនួន៣ម៉ឺនដុល្លារ។ 
នៅយប់ថ្ងៃទី១៥ កក្កដា លោក ហ៊ុយ យ៉ាឡេង បានបង្ហោះរូបភាព២សន្លឹកអមដោយខ្លឹមសារថា «ខ្ញុំត្រូវការបញ្ចាំស៊ីក្លូដែលមានតម្លៃ១លានដុល្លារយកទៅថតភាពយន្ត ខ្ញុំយកតែ15000$ទេខ្ញុំយក៧ខែ ខែមីនា ២០២៥ខ្ញុំលោះយកស៊ីក្លូវិញដោយជូនប្រាក់លោះយកស៊ីក្លូវិញចំនួន30000$ បើមិនទុកចិត្តអាចដំកល់សែកជូនក៏បាន»។ ផលិតករ «ដើម្បីកូន» បានសង្កត់ធ្ងន់ថា «ជីវិតខ្ញុំរស់ដើម្បីភាពយន្តមិនបានផលិត ភាពយន្តស្មើនឹងស្លាប់ ទ្រព្យដែលមានតម្លៃក្នុងជីវិតខ្ញុំសល់តែស៊ីក្លូ១នេះទេ»។ ក្នុងនោះលោកក៏បានភ្ជាប់មកជាមួយលេខតេឡេក្រាមផ្ទាល់ខ្លួនផងដែរ។
ស៊ីក្លូ ដែលមានតម្លៃរហូតដល់១លានដុល្លារនេះត្រូវបានគេជីកសួរថាហេតុអ្វីបានជាស៊ីក្លូមួយនេះមានតម្លៃខ្ពស់បែបនេះ ខណៈលោកបានផ្ញើមកជាមួយការចុះផ្សាយពីស៊ីក្លូដែលមានតម្លៃ១លានដុល្លារនេះ។ កាលពីដើមឆ្នាំ២០២០ នាឱកាសបើកសម្ភោធខ្សែភាពយន្ត « ដើម្បីកូន » លោក ហ៊ុយ យ៉ាឡេង បានប្រកាសលក់ស៊ីក្លូកែច្នៃថ្មីក្នុងតម្លៃ ១លានដុល្លារ ដើម្បីយកថវិកាជូនដល់មន្ទីរពេទ្យគន្ធបុប្ផាទាំងស្រុងដោយចង់ឱ្យប្រជាជនខ្មែរមើលឃើញពីតម្លៃស៊ីក្លូ។ លក្ខណៈពិសេសរបស់ស៊ីក្លូនេះ គឺមានវ័យ៨០ ឆ្នាំឯណោះបើគិតមកទល់ឆ្នាំ២០២៤នេះមានអាយុ៨៤ឆ្នាំដែលត្រូវបានធ្វើឡើង ដោយស្នាដៃជនជាតិបារាំងម្នាក់។
លោក ហ៊ុយ យ៉ាឡេង គឺជាផលិតករម្នាក់ដែលពុះពារខ្លាំងលើវិស័យកុនខ្មែរដោយហ៊ានប្រកាសលក់ឡាន ផ្ទះ រួមទាំងទ្រព្យចុងក្រោយគឺជាស៊ីក្លូតម្លៃ១លានដុល្លារនេះមកផលិតកុនខ្មែរ។ ទោះជាយ៉ាងណា ទង្វើរបស់លោក ហ៊ុយ យ៉ាឡេង មានអ្នកខ្លះក៏បានកោតសរសើរទៅកាន់ទឹកចិត្តដ៏ធំធេងរបស់លោកប៉ុន្តែអ្នកខ្លះទៀតក៏បានរិះគន់លោកថាជាផលិតករ Drama ផងដែរ។
កាលពីកន្លងមកនេះលោក ហ៊ុយ យ៉ាឡេង បានទម្លាយប្រាប់ទស្សនិកជនថាលោកគិតចង់សម្លាប់ខ្លួនចំនួន៣លើកដោយសារតែវិស័យកុនព្រោះផលិតរឿងមកមិនសូវទទួលបានការគាំទ្រខាតឡុងចុង។ ជ្រកក្រោមវិស័យសិល្បៈជាង២០ឆ្នាំតាំងពីតួរ៉ាយរងរហូតក្លាយជាផលិតករស្នាដៃលេចធ្លោរបស់ លោក ហ៊ុយ យ៉ាឡេង មានដូចជា «ខ្មោចដើមចេកជ្វា», «ផ្ទះខ្មោចទិញ», «វិកលចរិត» រួមទាំងភាពយន្ត «ដើម្បីកូន»៕










