បរទេស៖ Galaxy Ring របស់ Samsung ត្រូវបានគេចាត់ទុកថាមានផ្នែករឹងដ៏ល្អឥតខ្ចោះ និងមានលក្ខណៈពិសេសជាងឧបករណ៍ Smart Ring ផ្សេងទៀត ដែលនេះគឺផលិតផលដំបូងបង្អស់របស់ក្រុមហ៊ុនទូរស័ព្ទ ដែលបានចូលក្នុងទីផ្សារ Smart Ring ពិភពលោក។
កាលពីថ្ងៃទី ១០ ខែកក្កដាកន្លងទៅ ក្រុមហ៊ុន Samsung បានប្រកាសទូរស័ព្ទជំនាន់ថ្មីរបស់ខ្លួនគឺ Galaxy Z Fold6, Z Flip6 និងឧបករណ៍ពាក់ស៊េរីមួយចំនួនទៀត។ ជាពិសេស Galaxy Ring គឺបានក្លាយជាចំណុចដ៏គួរឱ្យចាប់អារម្មណ៍បំផុត នៅក្នុងព្រឹត្តិការណ៍ Galaxy Unpacked 2024។

Galaxy Ring គឺជាចិញ្ចៀនឆ្លាតវៃដែលវាពិតជាស្រស់ស្អាតណាស់ បើទោះជាវាមិនខុសពីចិញ្ចៀនឆ្លាតវៃផ្សេងទៀតនៅលើទីផ្សារនាពេលបច្ចុប្បន្នក៏ដោយ។ ក៏ផលិតផលនេះមានស៊ុមទីតានីញ៉ូម ស្តើង និងស្រាល ហើយមានអារម្មណ៍ល្អនៅពេលពាក់វា ជាជាង ចិញ្ចៀន Oura។ សម្ភារៈទីតានីញ៉ូមធន់នឹងការកោសកម្រិត ៥ អាចទប់ទល់នឹងផលប៉ះពាល់កំឡុងពេលធ្វើលំហាត់ប្រាណដូចជាការលើកទម្ងន់ និងការកាន់រ៉ាកែត ក៏ដូចជាការការពារទឹក IP68 ផងដែរ។
លើសពីនេះ Samsung ក៏បានយកចិត្តទុកដាក់លើព័ត៌មានលម្អិតតូចៗនៅលើ Galaxy Ring ផងដែរ ដោយក្រុមហ៊ុនបានណែនាំឱ្យពាក់ម្រាមដៃចង្អុលសម្រាប់ការគ្រប់គ្រងកាយវិការកាន់តែច្បាស់លាស់។ មុនពេលទិញ អ្នកប្រើប្រាស់ត្រូវបានផ្តល់ឱ្យនូវឧបករណ៍សម្រាប់វាស់ទំហំចិញ្ចៀនដោយមិនគិតថ្លៃ ហើយត្រូវបានអនុញ្ញាតឱ្យត្រឡប់មកវិញក្នុងរយៈពេល ៣០ ថ្ងៃ ប្រសិនបើពួកគេទិញទំហំខុស។
ទោះជាយ៉ាងណា Galaxy Ring គឺមានភាពស្រដៀងគ្នាទៅនឹងផលិតផលផ្សេងទៀតនៅលើទីផ្សារដែរ ដោយសារវាត្រូវបានបំពាក់ដោយឧបករណ៍ចាប់សញ្ញាតាមដានសុខភាពដូចជា វាស់ចង្វាក់បេះដូង ការគេង កម្រិតអុកស៊ីសែនក្នុងឈាម (SpO2) និងសកម្មភាពរាងកាយមួយចំនួន។ សកម្មភាពទាំងអស់ត្រូវបានគ្រប់គ្រងតាមរយៈ Galaxy AI ហើយបង្ហាញនៅលើកម្មវិធី Galaxy Health ។ ដូច្នេះលក្ខណៈពិសេសរបស់ Galaxy Ring គឺមាន Galaxy AI ដែលចិញ្ចៀនឆ្លាតវៃផ្សេងទៀតមិនមាន។
Galaxy AI គឺមានតួនាទីជួយអ្នកប្រើប្រាស់យល់កាន់តែច្បាស់អំពីរបៀបដែលសុខភាពប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃរបស់ពួកគេ ដោយផ្តល់នូវការណែនាំផ្ទាល់ខ្លួន ផ្អែកលើស្ថានភាពរាងកាយបច្ចុប្បន្ន ជួយឱ្យពួកគេធ្វើការសម្រេចចិត្តបានល្អប្រសើរជារៀងរាល់ថ្ងៃ។ បើយោងតាមក្រុមហ៊ុន Samsung បាននិយាយថា Galaxy Ring គឺអាចប្រើប្រាស់បានល្អបំផុតជាមួយទូរស័ព្ទរបស់ខ្លួនប៉ុណ្ណោះ។ ហេតុនេះសម្រាប់អ្នកប្រើ iPhone គឺមិនអាចប្រើវាបានទេ ខណៈដែលឧបករណ៍ Android របស់ម៉ាកយីហោផ្សេងទៀតត្រូវដំឡើងកម្មវិធី Samsung Health ហើយក៏មានមុខងារមានកម្រិតដែរ។ ដូច្នេះបច្ចុប្បន្នចិញ្ចៀនឆ្លាតវៃ Galaxy AI របស់ Samsung ត្រូវបានដាក់លក់ក្នុងតម្លៃ ៣៩៩ ដុល្លារអាមេរិក៕










