ថ្មីៗនេះមានការចែករំលែកវីដេអូមួយកាលពីអតីតកាលរបស់ ជី ដេវីត ជាមួយនឹង smey dadi ដែលរួមគ្នាបកស្រាយបទចម្រៀងមួយបទអមដោយសំឡេងហ្គីតា។ ឃើញដូចនេះអ្នកគាំទ្រមានការសរសើរយ៉ាងខ្លាំងចំពោះ ជី ដេវីត ដែលតស៊ូលើវិថីសិល្បៈរហូតអាចល្បីល្បាញមកដល់សព្វថ្ងៃបញ្ជាក់ឱ្យឃើញថាការតស៊ូ អត់ធ្មត់មិនក្បត់ម្ចាស់ឡើយ។
គណនីទិកតុកមួយឈ្មោះថា somleng_sar បានបង្ហោះវីដេអូមួយពី ជី ដេវីត និង smey dadi
កាលពីពេលថ្មីៗនេះដោយលោក smey ដេញហ្គីតាផងនិងច្រៀងផង ជាមួយនឹង ជី ដេវីត ទៅលើបទ «សុបិនគ្មានអ្នកដាស់»។ វីដេអូកាលពីអតីតកាលដែលបង្ហោះឡើងវិញនេះទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីអ្នកគាំទ្រ ខណៈមកទល់ពេលនេះអ្នកទាំងពីរក៏មានគ្រួសាររៀងខ្លួនហើយដែរ។
វីដេអូមួយនេះដែរ អ្នកគាំទ្រ ជី ដេវីត បានបង្ហាញអារម្មណ៍មានមោទនភាពចំពោះអាយដលរបស់ពួកគេមានការតស៊ូណាស់ទម្រាំមានដូចថ្ងៃនេះដែលសាងភាពល្បីល្បាញមានកេរ្តិ៍ឈ្មោះបោះសំឡេងនិងបានរួមចំណែកផ្សព្វផ្សាយវប្បធម៌ខ្មែរតាមរយៈវិស័យតន្រ្តី។ ក្រាញននៀលលើវិថីនេះ ជី ដេវីតទទួលរងនូវការរិះគន់ឆ្អែតឆ្អន់គ្រប់រូបភាពជាមួយនឹងពាក្យវាយប្រហារជាច្រើនទាំងពាក្យថារមិលគុណ ជាមនុស្សក្រពើ និងរឿងរ៉ាវជាច្រើនទៀត។ .png)
ពាក្យរិះគន់គ្រប់បែបយ៉ាងកាន់តែធ្វើឱ្យ ជី ដេវីត មានភាពរឹងមាំតស៊ូលើអាជីពសិល្បៈ បង្ហាញសមត្ថភាពរបស់ខ្លួនពិតប្រាកដមិនមែនជាមនុស្សពុតត្បុត មានអ្នកគាំទ្រពិតប្រាកដនៅក្បែរជាកម្លាំងចិត្តធ្វើឱ្យលោកតស៊ូហែលឆ្លងគ្រប់ឧបសគ្គមានការស្រលាញ់ចូលចិត្តច្រើនពីអ្នកគាំទ្រ ហើយមានពេលខ្លះមនុស្សដែលធ្លាប់តែស្អប់ ជី ដេវីត ក៏បានប្តូរមកស្រលាញ់រូបលោកផងដែរ។
ទម្រាំឈានដល់ចំណុចមួយខ្ពស់ដូចបច្ចុប្បន្នមានអ្នកគាំទ្រគ្រប់ទិសទីតារាចម្រៀងមានដើមកំណើតមកពីខេត្តបាត់ដំបងរូបនេះមានប្រវត្តិតស៊ូខ្លាំង ធ្លាប់បង្កើតក្រុមរាំមួយនៅស្រុកកំណើត ដោយដើររាំមិនយកកម្រៃអស់រយៈពេលប្រមាណ៣ឆ្នាំ ទើបមករស់នៅភ្នំពេញដោយចាប់អាជីពអ្នកបញ្ចូលបទភ្លេង និងជួសជុលទូរស័ព្ទ នៅផ្សារឃ្លាំងរំសេវ។
ការតស៊ូមិនក្បត់ម្ចាស់ឡើយ ជី ដេវីត មានទាំងការប្រគំតន្រ្តីផ្ទាល់ខ្លួន អ្នកតំណាងផលិតផលធំៗ បានសហការណ៍ជាមួយតារាបរទេស ចូលរួមកម្មវិធីធំៗនៅអឺរ៉ុប លើកស្ទួយវប្បធម៌ជាតិខ្លួនទោះបីជាត្រូវចំណាយច្រើនក្តី និងបានចូលរួមក្នុងកិច្ចការសប្បុរសធម៌ជាច្រើននាពេលបច្ចុប្បន្ន៕










