កំណើនភ្ញៀវទេសចរគួរឲ្យកត់សម្គាល់នៅឯប្រទេសកូរ៉េខាងត្បូង និងជប៉ុន ដែលបង្ហាញពីគោលនយោបាយដ៏រឹងមាំរបស់ប្រទេសនៅក្នុងវិស័យទេសចរណ៍។ តួយ៉ាងនៅកូរ៉េ ភ្ញៀវទេសចរភាគច្រើនទៅកម្សាន្តក្រោមឥទ្ធពលនៃ K-Pop, K-Drama ម្ហូបអាហារ និងសម្រស់ ចំណែកនៅជប៉ុនវិញ គឺទាញយកភាពទាក់ទាញពីតុក្កតានិងភាពយន្តគំនូរជីវចល។
យោងតាមការចេញផ្សាយរបស់ Korea Net បានឲ្យដឹងថា K-pop គឺជាហេតុផលចម្បងបំផុតសម្រាប់ភ្ញៀវទេសចរនៅក្នុងការមកកម្សាន្តនៅឯប្រទេសកូរ៉េខាងត្បូង ដែលមានដៃគូសហការជាមួយនឹង២០ប្រទេសសំខាន់ៗ ក្នុងការប្រម៉ូត K-pop តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម។ដោយយោងតាលទ្ធផលនៃការស្ទង់មតិកាលពីឆ្នាំ២០២៣ ចំនួនភ្ញៀវទេសចរចម្រុះជាតិសាសន៍ ដែលមកទស្សនាក្នុងប្រទេសកូរ៉េ ក្រៅពី តន្រ្តីK-pop ហើយ ក៏នូវមានកត្តាសក្តានុពលមួយចំនួនដូចជា គ្រឿងសម្អាងនិងការកែសម្ភស្ស ,K-Drama មាតិកាវប្បធម៌ ,និងប្រភេទអាហារកូរ៉េ។
យោងតាមរបាយការណ៍ចន្លោះឆ្នាំ២០២២ ដល់ឆ្នាំ២០២៣ បានឲ្យដឹងថា ចំនួននៃការលើកឡើងអំពីវប្បធម៌កូរ៉េនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងអនឡាញនៅក្នុងចំណោមប្រទេស២០នោះ ត្រូវបាននាំមុខដោយ K-pop មានចំនួននៃការលើកឡើងជិត៣៧លានដង ,បន្ទាប់មកដោយអាហារកូរ៉េ ជាង១៤លានដង, គ្រឿងសម្អាង និងសម្រស់ ជិត១០លានដង និងខ្លឹមសារវប្បធម៌ផ្សេងៗជាង ៩លានដង។
បើក្រឡេកមកមើលនៅឯប្រទេសជប៉ុនវិញ យុទ្ធសាស្រ្តមួយក្នុងចំណោមយុទ្ធសាស្រ្តសំខាន់ៗជាច្រើនក្នុងជំរុញវិស័យទេសចរណ៍ គឺការផ្តោតយ៉ាងសំខាន់ទៅលើតន្ត្រី តុក្កតា និងភាពយន្តគំនូរជីវចល។ អ្នកណាមិនល្បីតុក្កតា Anime របស់ប្រទេសជប៉ុន បានបង្កើតឡើងដំបូងអំឡុងសតវត្សទី២០ ដែលមិនត្រឹមតែបានបំផុសគំនិតអ្នកទស្សនាទូទាំងពិភពលោកឱ្យមកកម្សាន្តប្រទេសប៉ុណ្ណោះទេ ប៉ុន្តែពួកគេមកដើម្បីសាកភ្លក្សរសជាតិម្ហូបអាហារជប៉ុនពិតៗ ដែលគេតែងនិយមឃើញនៅក្នុងវគ្គផ្សេងៗក្នុងគំនូរជីវចរ Anime ផងដែរ។
បន្ថែមពីនេះ ទីតាំងសំខាន់ៗដែលមាននៅក្នុងភាពយន្តគំនូរជីវចល anime សុទ្ធតែបានឆ្លុះបញ្ចាំងពីទិដ្ឋភាពនិងទេសភាពពិតជាក់ស្តែងនៅក្នុងប្រទេសជប៉ុន បាននឹងកំពុងអង្រួនបេះដូងអ្នកគាំទ្រតុក្កតា anime គ្រប់ៗរូបចង់ទៅចង់ឃើញដើម្បីផ្តត់យកទិដ្ឋភាពទាំងនោះជាក់ស្តែងតែម្តង។ ខណៈ ជប៉ុនបានព្យាយាមកំណត់យកទីតាំងទាំងនោះ ធ្វើយ៉ាងណាឲ្យមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយនឹងតុក្កតាគំនូរជីវចល ដើម្បីបង្កើននូវភាពទាក់ទាញដល់ភ្ញៀវទេសចរបន្ថែមទៀត។
ឧទាហរណ៍មួយគឺរូបសំណាក Mobile Suit Gundam” ពីរឿង Manga និង anime មានទីតាំងស្ថិតនៅទីក្រុងតូក្យូ ខណៈរូបសំណាកនេះបានក្លាយជាទីកន្លែងដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរមកទស្សនា។
យ៉ាងណាមិញ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តុក្កតា និងគំនូរជីវចល Anime បានក្លាយជាការពេញនិយមយ៉ាងខ្លាំងក្នុងចំណោមមនុស្សជំនាន់ក្រោយនៃបណ្តាប្រទេសទាំងធំនិងតូចជុំវិញពិភពលោក សូម្បីតែប្រទេសលោកខាងលិច ដែលបានធ្វើឲ្យប្រទេសជប៉ុនបានក្លាយគោលដៅទេសចរណ៍ដ៏មានសក្តានុពលបំផុតក្នុងភូមិភាគអាស៊ីបូព៌ា។ ដូច្នេះ វាមិនអាចប្រកែកបានទេថា ប្រជាប្រិយភាពជាសកលរបស់ឧស្សាហកម្មគំនូរជីវចលជប៉ុន បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ឧស្សាហកម្មទេសចរណ៍របស់ប្រទេសនេះ៕