សហព័ន្ធអារ៉ាប់រួម ៖ វាបានធ្វើឱ្យមហាជនលើកឡើងខុសៗគ្នា ក្រោយពេលឃើញវីដេអូមហាសេដ្ឋី និងជាអ្នកជំនួញអចលនទ្រព្យនៅទីក្រុងឌូបៃម្នាក់ បានយកលុយយ៉ាងច្រើនមកតម្រៀបធ្វើជាកាំជណ្តើរ និងកម្រាលព្រំឱ្យមិត្តស្រីរបស់ខ្លួនដើរពីលើដូចម្ចាស់ក្សត្រី ក្នុងអំឡុងពេលនាងចុះពីឧទ្ធម្ភាគចក្រមកជួបមហាសេដ្ឋីរូបនេះ ។
វីដេអូរបស់មហាសេដ្ឋីឌូបៃ និងមិត្តស្រីនេះបានបង្ហោះក្នុងបណ្តាញសង្គម កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ។ ក្នុងវីដេអូគេឃើញថា មហាសេដ្ឋីឌូបៃមិនត្រឹមតែបញ្ជូនឧទ្ធម្ភាគចក្រទៅទទួលមិត្តស្រីឱ្យមកជួបខ្លួនប៉ុណ្ណោះទេ ប៉ុន្តែបានយកលុយយ៉ាងច្រើនមកតម្រៀបធ្វើជាកម្រាលព្រំ ដើម្បីឱ្យមិត្តស្រីរបស់ខ្លួនដើរពីលើដូចម្ចាស់ក្សត្រីទៀតផង ។
មហាសេដ្ឋីរូបនេះឈ្មោះ Sergey Kosenko បាននិយាយទៅកាន់មិត្តស្រីថា ៖ «តើនាងដឹងឬទេថា រឿងដែលខ្ញុំគិតថា អស់សំណើចបំផុតជាអ្វី? គឺខ្ញុំស្រឡាញ់នាងខ្លាំងជាងលុយទៅទៀត» ។ លោក Sergey Kosenko តែងតែបង្ហោះអំពីជីវិតរស់នៅហ៊ឺហារ ឡូយឆាយ និងបង្ហាញទ្រព្យសម្បត្តិដ៏ច្រើនរបស់ខ្លួនក្នុងបណ្តាញសង្គមជាញឹកញាប់ ។
លោក Sergey Kosenko បានប្រកបអាជីវកម្មផ្នែកអចលនទ្រព្យ និងអាជីវកម្មជាច្រើនទៀតនៅទីក្រុងឌូបៃ សហព័ន្ធអារ៉ាប់រួម ហើយលោកមានប្រាក់ចំនួន៥០០លានដុល្លារអាមេរិក ។ លោកទទួលបានប្រាក់ចំណូលយ៉ាងច្រើនពីបណ្តាញសង្គម ក្រោយពេលលោកបង្ហោះវីដេអូទៅទទួលមិត្តស្រីចុះពីឧទ្ធម្ភាគចក្រ និងឱ្យនាងដើរលើកម្រាលលុយ ដែលមានមនុស្សទស្សនារហូតដល់៤៩លានលើក ក្នុងនោះមានអ្នកចុច Like ស្មើជាង១១ម៉ឺន៥ពាន់នាក់ ។
មហាជនបានលើកឡើងខុសៗពាក់ព័ន្ធនឹងវីដេអូរបស់លោក ក្នុងនោះមនុស្សមួយចំនួននិយាយថា ៖ «អ្នកខ្លះមានប្រាក់ច្រើនសម្បូរហូរហៀ ហើយពុំដឹងថា យកប្រាក់ទាំងនេះទៅធ្វើអ្វីទេ ។ រីឯមនុស្សខ្លះទៀតរកប្រាក់ចាយសឹងពុំគ្រប់គ្រាន់ ឬរកប្រាក់ទិញអង្ករច្រកឆ្នាំងគ្មាន» ។
រីឯមតិខ្លះទៀតនិយាយថា ៖ «មិនមែនជនជាតិឌូបៃទេ គឺជនជាតិរុស្ស៊ីចូលចិត្តធ្វើមាតិកាអួតទ្រព្យសម្បត្តិរបស់ខ្លួន ។ គេពុំដឹងថា តើមានទ្រព្យសម្បត្តិមែនឬក៏អត់? គឺធ្វើមាតិកាដើម្បីយកចំនួនអ្នកទស្សនា» ៕










