ប្រទេសអូទ្រីស ៖ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ Economist Intelligence Unit (EIU) បានផ្សព្វផ្សាយរបាយការណ៍បង្ហាញពីសន្ទស្សន៍ភាពរស់នៅលើពិភពលោក (Global Liveability Index) បញ្ជាក់ថា ទីក្រុង Vienna របស់ប្រទេសអូទ្រីស បានជាប់ចំណាត់ថ្នាក់ទី១ ជាទីក្រុងគួរឱ្យរស់នៅបំផុតលើពិភពលោក ។ ទីក្រុងនេះបានជាប់ចំណាត់ថ្នាក់លេខ១ អស់រយៈពេល៣ឆ្នាំជាប់ៗគ្នា (ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤) ។
ការចាត់ចំណាត់ថ្នាក់នេះ គឺបានដាក់ពិន្ទុទីក្រុងចំនួន១៧៣ នៅលើពិភពលោក ដោយការដាក់ពិន្ទុនឹងផ្អែកទៅលើកត្តាសំខាន់ៗចំនួន៥ រួមមាន ៖ ផ្នែកសន្តិសុខ, ការថែទាំសុខភាព, វប្បធម៌ និងបរិស្ថាន, ការអប់រំ និងហេដ្ឋារចនាសម្ព័ន្ធ ។
ទីក្រុង Vienna បានទទួលពិន្ទុពេញចំនួន១០០ពិន្ទុ លើកត្តាចំនួន៤ ដូចជា ៖ ផ្នែកសន្តិសុខ, ការថែទាំសុខភាព, ការអប់រំ និងហេដ្ឋារចនាសម្ព័ន្ធ ។ រីឯកត្តាវប្បធម៌ និងបរិស្ថាន គឺទីក្រុង Vienna ទទួលបានពិន្ទុត្រឹមតែ៩៣.៥ពិន្ទុ ដោយសារទីក្រុងនេះពុំបានរៀបចំការប្រកួតកីឡាសំខាន់ៗ ។
ចំណែកចំណាត់ថ្នាក់ទី២ បានទៅទីក្រុង Copenhagen ប្រទេសដាណឺម៉ាក និងចំណាត់ថ្នាក់ទី៣ បានទៅទីក្រុង Zurich ប្រទេសស្វីស ។ រីឯចំណាត់ថ្នាក់ទី៤ គឺទីក្រុង Melbourne ប្រទេសអូស្ត្រាលី ខណៈចំណាត់ថ្នាក់ទី៥ គឺទីក្រុង Calgary ប្រទេសកាណាដា ។
របាយការណ៍របស់ Economist Intelligence Unit បញ្ជាក់ថា ប្រទេសនៅអឺរ៉ុបខាងលិច នៅតែជាប់ចំណាត់ថ្នាក់ជាតំបន់គួរឱ្យរស់នៅបំផុតលើពិភពលោក ប៉ុន្តែពិន្ទុស្ថិរភាពក្នុងប្រទេសបានធ្លាក់ចុះ ដោយសារមានការធ្វើបាតុកម្មកើនឡើងនៅប្រទេសផ្សេងៗ ដូចជា ៖ កំណើនពួកជ្រុលនិយម, គោលនយោបាយកសិកម្មរបស់សហភាពអឺរ៉ុប, ការប្រឆាំងនឹងជនអន្តោប្រវេសន៍, ជម្លោះភូមិសាស្ត្រ, វិបត្តិលំនៅឋាន និងអតិផរណា ។
រីឯចំណាត់ថ្នាក់របស់ទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល បានធ្លាក់ចុះទាបជាងទីក្រុងផ្សេងៗ គឺធ្លាក់មកនៅលេខរៀងទី១១២ ដោយសារទីក្រុងនេះកំពុងប្រឈមនឹងស្ថានការណ៍ប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ។ ដូចគ្នានេះ ទីក្រុង Damascus ប្រទេសស៊ីរី បានខូចខាតដោយសារការធ្វើសង្គ្រាម ទើបទីក្រុងនេះទទួលបានពិន្ទុទាបជាងគេ ៕










