ប្រទេសប៊ុលហ្គារី ៖ បើអ្នកណាបានឃើញរូបភាពរូងភ្នំមួយនេះនឹងនិយាយថា ចុម! ដូចខ្លាំងម្ល៉េះ! ខណៈអ្នកខ្លះទៀតលួចញញឹម ដោយសារពួកគេគិតវែងឆ្ងាយលើសពីនេះ ។ អ្នកឃើញរូបភាពរូងភ្នំនិយាយដូចៗគ្នាថា គ្រាន់តែក្រឡេកមួយភ្លែត ធ្វើឱ្យពួកគេមានបាបកម្មទៅហើយ ។ ហេតុអ្វីបានជាវាមានរូបរាងបែបនេះ តើវាកើតឡើងដោយសារធម្មជាតិ ឬមនុស្សជាអ្នកបង្កើត?.jpg)
រូងភ្នំដែលយើងបានឃើញនេះឈ្មោះថា «Utroba Cave» ឬឈ្មោះ «Womb Cave» ឬឈ្មោះ «រូងភ្នំមាត់ស្បូន» ដែលគេប្រទះឃើញដំបូងនៅឆ្នាំ២០០១ ក្នុងទីក្រុង Kardzhali ប្រទេសប៊ុលហ្គារី ។ នៅពេលយើងបានឃើញរូបភាពរបស់រូងភ្នំនេះ យើងនឹងបាត់ឆ្ងល់ថា ហេតុអ្វីទើបគេដាក់ឈ្មោះវាបែបនេះ ហើយវាមិនត្រឹមតែជាកន្លែងទាក់ទាញភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែជាកន្លែងស័ក្តិសិទ្ធិផងដែរ ។
វាជារូងភ្នំបុរាណមួយកើតឡើងតាមធម្មជាតិតាំងពីសម័យបុរេប្រវត្តិមកម៉្លេះ ប៉ុន្តែត្រូវបានមនុស្សសម័យមុនចោះថ្មបន្ថែមចូលទៅផ្នែកខាងក្នុង ដើម្បីឱ្យវាមានរូបរាងដូចយើងគ្រប់គ្នាបានឃើញ ។ កាលពីជាង៣.០០០ឆ្នាំមុន មនុស្សបានចោះថ្មចូលទៅខាងក្នុងជម្រៅប្រមាណ២២ម៉ែត្រ ដោយសារពួកគេតាំងចិត្តបង្កើតរូងភ្នំឱ្យក្លាយជារូបរាងបែបនេះ ។
អ្នកជំនាញនិយាយថា កាលពីដើមឡើយ ច្រូកចូលរូងភ្នំ Utroba មានស្នាមប្រេះខ្លះៗ ហើយក្រោយមក ច្រកចូលរូងភ្នំត្រូវបានមនុស្សចោះថ្មបន្ថែមឱ្យកាន់តែធំទូលាយជាងមុន ។ រីឯច្រករូងភ្នំមានកម្ពស់៣ម៉ែត្រ, ទទឹងស្មើ២ម៉ែត្រកន្លះ ហើយនៅផ្នែកខាងក្នុងនៃរូងថ្មមានអាសនៈកម្ពស់១.៣ម៉ែត្រ ។ គេជឿថា នៅទីនេះ គឺជាទីសក្ការៈបូជារបស់ជនជាតិថូរ៉ាស៊ីស ។
ជារៀងរាល់ថ្ងៃ ពន្លឺថ្ងៃនឹងចាំងចូលផ្នែកខាងលើនៃរូងភ្នំ ចាប់ពី២នាទី ទៅ៣នាទី ហើយវាក៏បង្កើតជារូបរាងលិង្គ ។ ប៉ុន្តែពន្លឺថ្ងៃនេះនឹងចាំងចូលដល់ទីអាសនៈតែ១ថ្ងៃប៉ុណ្ណោះក្នុង១ឆ្នាំ គឺក្នុងអំឡុងពេលចាប់ពីចុងខែកុម្ភៈ ដល់ដើមខែមីនា ។ គេចាត់ទុកថា ពន្លឺថ្ងៃដែលចាំងមកលើអាសនៈនេះ គឺជានិមិត្តរូបតំណាងឱ្យការមានផ្ទៃពោះរបស់ស្ត្រី និងជារដូវសាបព្រួសដំណាំប្រចាំឆ្នាំ ។
បច្ចុប្បន្ន រូងភ្នំនេះបានក្លាយជាទីកន្លែងពេញនិយមសម្រាប់ភ្ញៀវទេសចរ ជាពិសេស គូស្វាមី-ភរិយាជាច្រើនគូបានធ្វើដំណើរមកសុំកូននៅទីនេះ ។ ទោះយ៉ាងណា មិនថាវាត្រូវបានបង្កើតឡើងដោយធម្មជាតិ ឬមនុស្ស ប៉ុន្តែគេពុំអាចបដិសេធបានថា រូបភាពរបស់រូងភ្នំអាចទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សទាំងអស់ និងចង់ដឹងពីប្រវត្តិរបស់វា ៕










