នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង៣រសៀល ក្រសួងយុត្តិធម៌ នឹងរៀបចំសន្និសីទសារព័ត៌មានពាក់ព័ន្ធ “ករណីឃាតកម្ម ប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា” ដែលសន្និសីទនេះ នឹងប្រព្រឹត្តទៅនៅទីស្តីការក្រសួង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
ករណីឃាតកម្មមួយនេះ ត្រូវបានមហាជនធ្វើការវែកញែកពេញបណ្ដាញសង្គម ដែលវាជាអំពើដ៏កាចសាហាវមួយមិនគួរកើតមានឡើងនៅក្នុងសង្គម។
ជុំវិញករណីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព និងអំពាវនាវឱ្យពលរដ្ឋមានជំនឿទុក្ខចិត្តលើប្រព័ន្ធច្បាប់កម្ពុជា ក្នុងការដាក់ទោសដល់ជនសង្ស័យដែលជាអតីតឧកញ៉ា។
គួរបញ្ជាក់ផងដែរថា នៅរសៀលម៉ោង ៣:៥០នាទី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានករណីខ្មាន់កាំ ភ្លើងចូលទៅបាញ់មនុស្សដល់ក្នុងបុរី ប៉េងហួតបឹងស្នោរ ដែលបណ្តាលឱ្យគូរស្នេហ៍មួយ បាត់បង់ជីវិត៕










