ប្រទេសថៃ ៖ ក្រោយពីឆ្លងកាត់ដំណាក់កាលផ្លូវច្បាប់ជាច្រើនលើកមក ពេលនេះ ថៃបានក្លាយជាប្រទេសដំបូងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាប្រទេសទី៣ ក្នុងតំបន់អាស៊ី ដែលទទួលស្គាល់ និងអនុញ្ញាតឱ្យគូស្នេហ៍ស្រឡាញ់ភេ.ទ ដូចគ្នា អាចរៀបអាពាហ៍ពិពាហ៍ដោយស្របច្បាប់ ។
សារព័ត៌មានថៃរាយការណ៍ថា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ សមាជិកព្រឹទ្ធសភាថៃបានបោះឆ្នោតអនុម័តច្បាប់សមភាពអាពាហ៍ពិពាហ៍គូស្នេហ៍ភេទដូចគ្នា ដែលមានសមាជិកព្រឹទ្ធសភាបោះឆ្នោតសរុបចំនួន១៥២រូប ក្នុងនោះមានមតិឯកភាពចំនួន១៣០សំឡេង, មិនឯកភាព៤សំឡេង និងពុំបញ្ចេញមតិ១៨សំឡេង ។
ក្រោយពីការបង្ហាញលទ្ធផលបោះឆ្នោតរបស់សមាជិកព្រឹទ្ធសភារួចមក ធ្វើឱ្យគូស្នេហ៍ស្រឡាញ់ភេទដូចគ្នា (LGBTQ+) ដែលមកប្រមូលផ្តុំគ្នានៅមុខរដ្ឋសភា បង្ហាញក្តីត្រេកអរយ៉ាងខ្លាំង ។ ពួកគេឈរឱបគ្នាទាំងទឹកភ្នែក ដោយសារពួកគេបានរង់ចាំយូរមកហើយ និងរំភើបជាមួយការទទួលបានសិទ្ធិស្របច្បាប់នេះ ។
ច្បាប់សមភាពអាពាហ៍ពិពាហ៍គូស្នេហ៍ភេទដូចគ្នារបស់ថៃ នឹងចូលជាធរមានក្នុងរយៈពេល១២០ថ្ងៃទៀត ឬចាប់ផ្តើមអនុវត្តឆាប់រហ័សបំផុត នៅខែសីហា ដល់ខែកញ្ញា ឆ្នាំ២០២៤ ។ ជំហានបន្ទាប់ ប្រធានបទដែលអ្នកតំណាងរាស្ត្រត្រូវជំរុញបន្តទៀត គឺជំរុញឱ្យមានការទទួលស្គាល់យេនឌ័រ ឬសិទ្ធិផ្លាស់ប្តូរនាមត្រកូល ដើម្បីឱ្យមានសមភាពសម្រាប់ភេទទាំងអស់ ។
គូស្នេហ៍ស្រឡាញ់ភេទដូចគ្នាលើកឡើងថា ៖ «នេះមិនគ្រាន់តែជាភាពជោគជ័យរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែវាជាភាពជោគជ័យរបស់ពលរដ្ឋថៃគ្រប់រូបផងដែរ ។ ពួកយើងនឹងទទួលបានឱកាសកាន់តែច្រើននាថ្ងៃអនាគត ព្រមទាំងទទួលបានការបែងចែកធនធានប្រកបដោយស្មើភាព» ។
ប្រទេសជាច្រើនលើពិភពលោក បានទទួលស្គាល់គូស្នេហ៍ភេទដូចគ្នា និងអនុញ្ញាតឱ្យពួកគេអាចរៀបអាពាហ៍ពិពាហ៍ដោយស្របច្បាប់កាន់តែច្រើន ។ ចាប់ពីឆ្នាំ២០០១ រហូតមកដល់បច្ចុប្បន្ន (ឆ្នាំ២០២៤) មានប្រទេសយ៉ាងហោចណាស់ចំនួន៣៧ បានប្រកាសអនុវត្តច្បាប់សមភាពអាពាហ៍ពិពាហ៍គូស្នេហ៍ភេទដូចគ្នា គឺពួកគេមានសិទ្ធិស្របច្បាប់ដូចគ្នានឹងគូស្នេហ៍រវាងបុរស និងស្ត្រីដែរ ៕










