បរទេស៖ ថ្មីៗនេះយោងតាម BBC បានឱ្យដឹងថា ឆ្នេរសមុទ្រនៅលើកោះដ៏ល្បីល្បាញ Sentosa នៃប្រទេសសិង្ហបុរីស្រាប់តែប្រែទៅជាពណ៌ខ្មៅទាំងអស់ ដោយសារការធ្លាយប្រេងយ៉ាងធ្ងន់ធ្ងរ ខណៈបច្ចុប្បន្នអាជ្ញាធរបានកំពុងធ្វើការសម្អាតឆ្នេរសមុទ្រ។
យោងតាមសារព័ត៌មាននេះ បានឱ្យដឹងទៀតថា កាលពីថ្ងៃទី ១៤ ខែមិថុនា នាវាមុជទឹកដែលមានទង់ជាតិហូឡង់បានជួបបញ្ហាម៉ាស៊ីន រសាត់ និងបានបុកនាវាដឹកប្រេង Singapore Marine Honor ដែលបោះយុថ្កានៅឆ្នេរសមុទ្រនៃប្រទេស។ 
ការបុកគ្នានេះបានបណ្តាលឱ្យធុងប្រេងមួយនៅលើកប៉ាល់ Marine Honor ប្រេះបែកជាហេតុធ្វើឱ្យប្រេងប្រហែល ៤០០ តោនហៀរចេញមកច្រាំងសមុទ្រ។ អ្នទេសចរដែលទៅលេងកម្សាន្តនៅឆ្នេសមុទ្រនោះបាននិយាយថា បីថ្ងៃក្រោយហេតុការណ៍នេះ ទឹកនៅតែខ្មៅ លាយជាមួយនឹងប្រេង និងមានក្លិនមិនល្អ។ ឧបទ្ទវហេតុនេះបានបណ្តាលឱ្យអាជ្ញាធរសិង្ហបុរីហាមឃាត់ការហែលទឹកនិងសកម្មភាពឆ្នេរផ្សេងទៀតនៅលើកោះរមណីយដ្ឋានដ៏ល្បីល្បាញ Sentosa ខណៈដែលឆ្នេរជាច្រើននៅទូទាំងប្រទេសបានបិទបណ្តោះអាសន្នរហូតដល់មានការជូនដំណឹងបន្ថែម។
ទោះជាយ៉ាងណា ការធ្លាយប្រេងដ៏ធំនេះគឺមិនមានការខូចខាតធ្ងន់ធ្ងរដល់ប្រព័ន្ធអេកូឡូស៊ីទេ នេះបើយោងតាមលោកបណ្ឌិត Karenne Tun មកពីក្រុមប្រឹក្សាឧទ្យានជាតិបាននិយាយថា “មិនមានផលប៉ះពាល់អ្វីគួរឱ្យកត់សម្គាល់លើជីវចម្រុះសមុទ្រទេ ទោះបីជាប្រេងត្រូវបានគេសង្កេតឃើញនៅលើឫសនៃដើមកោងកាងមួយចំនួននៅក្នុងតំបន់ក៏ដោយ”។
គួរបញ្ជាក់ដែរថា សិង្ហបុរីគឺជាមជ្ឈមណ្ឌលដឹកជញ្ជូន និងផ្គត់ផ្គង់ប្រេងដ៏សំខាន់មួយ ដែលមាននាវារាប់រយគ្រឿងកំពុងដំណើរការ និងបោះយុថ្កានៅឆ្នេរសមុទ្រភាគខាងត្បូងរបស់ប្រទេស។ រដ្ឋាភិបាលសិង្ហបុរីបាននិយាយថា បច្ចុប្បន្ននេះមានអ្នកស្ម័គ្រចិត្តប្រហែល ១,៥០០ នាក់កំពុងជួយសម្អាតឆ្នេរសមុទ្រ ទោះយ៉ាងណាក៏ដោយ ការងារភាគច្រើនគឺធ្វើឡើងដោយកម្មករជាប់កិច្ចសន្យា។ 
ដូច្នេះគិតត្រឹមថ្ងៃទី១៧ ខែមិថុនា លោក Siobhan Chan ដែលជាបុគ្គលិកនៅក្លឹបកម្សាន្តឆ្នេរកោះ Sentosa បាននិយាយថា ទឹកសមុទ្រនៅតែមានពណ៌ខ្មៅដដែល។ បុរសម្នាក់នេះបាននិយាយថា៖ «ឆ្នេរបើកហើយ ប៉ុន្តែអ្នកទេសចរមិនអាចចូលទៅលេងក្នុងទឹកបានទេ៕










