ក្រសួងសុខាភិបាល បានរកឃើញថា មានការកើនឡើងនូវជំងឺផ្តាសាយ និងជំងឺកូវីដ-១៩ ក្នុងអំឡុងខែឧសភា និងដើមខែមិថុនា ឆ្នាំ២០២៤ ដែលមានលក្ខណៈស្របគ្នាទៅនឹងការកើនឡើងនូវជំងឺទាំងនេះ នៅក្នុងបណ្តាប្រទេសជាច្រើន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច និងបណ្តាប្រទេសជិតខាងរបស់យើង។
ការធ្វើតេស្តវិភាគ (PCR Test) ដើម្បីកំណត់អត្តសញ្ញាណប្រភេទ និងអនុក្រុមវីរុស (Virus Sequencing) ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ បានរកឃើញអនុក្រុមវីរុសកូវីដ-១៩ បំប្លែងខ្លួន ដែលស្ថិតក្នុងក្រុមត្រូវចាប់អារម្មណ៍ និងប្រុងប្រយ័ត្ន (Variant of Interest (VOI) តែមិនមែនជាអនុក្រុម ដែលជាការព្រួយបារម្ភ (Variant of Concern (VOC) ដែលនឹងធ្វើឱ្យមានការសម្រាកនៅមន្ទីរពេទ្យច្រើននោះទេ។
អាស្រ័យហេតុនេះ ក្រសួងសុខាភិបាល សូមអំពាវនាវ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នថែរក្សាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដើម្បីបង្ការនូវការឆ្លងរាលដាលនូវជំងឺផ្តាសាយ និងជំងឺកូវីដ-១៩ ជាលក្ខណៈទ្រង់ទ្រាយធំជាយថាហេតុ
ប្រសិនបើមានរោគសញ្ញាគ្រុនក្តៅ ក្អក ឈឺក្បាល ហៀរសំបោរ ឬពិបាកដកដង្ហើម សូមស្វែងរកការ ពិគ្រោះយោបល់នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ឱ្យបានទាន់ពេលវេលា ឬទូរស័ព្ទមកកាន់លេខ ១១៥ ដើម្បីទទួលបានការណែនាំ និងពិគ្រោះយោបល់៕











