ត្រីមួយប្រភេទអាចលោតផុតពីផ្ទៃទឹករហូតដល់៣០ម៉ែត្រ ប្រសិនបើមាន សត្រូ.វ ដេញធ្វើបា.ប ឬមានហេតុការណ៍អាស.ន្ន កើតឡើង ។ វានឹងប្រញាប់ហែលទឹកយ៉ាងលឿនបំផុត បន្ទាប់មក វាក៏លោតឱ្យផុតពីផ្ទៃទឹក ដោយត្រដាងព្រុយនៅសងខាងខ្លួនរបស់វាឱ្យធំ ដែលមើលទៅស្រដៀងគ្នានឹងសត្វចាប ឬយន្តហោះកំពុងចេញដំណើរ ។ ហេតុនេះ ទើបគេដាក់ឈ្មោះវាថា ត្រីហើរ (Flying Fish) ។
លើសពីនេះ ក្នុងអំឡុងពេលលោតចេញពីទឹក វានឹងលាតសន្ធឹងកន្ទុយរបស់វាព្រមគ្នា ដើម្បីគ្រប់គ្រងកម្រិតការហោះហើរ ។ រីឯរូបរាងរបស់ត្រីហើរ គឺវាមានដងខ្លួនមូលវែង, មាត់តូច, គ្មានធ្មេញ និងមានព្រុយរឹង ។ ព្រុយត្រចៀកបានលាតសន្ធឹងរហូតដល់ព្រុយខ្នង ខណៈព្រុយកន្ទុយរបស់វាមានរាងដូចសម ដោយព្រុយទាំងសងខាងមិនស្មើគ្មាទេ គឺព្រុយផ្នែកខាងក្រោមវែងជាងខាងលើ ។
ត្រីហើរ ត្រូវបានគេចាត់ទុកថា គឺជាត្រីមានទំហំតូច និងមានប្រវែងមិនលើសពី៣០សង់ទីម៉ែត្រ ។ ត្រីប្រភេទនេះភាគច្រើនរស់នៅក្នុងសមុទ្រត្រូពិច និងសមុទ្រក្នុងតំបន់ក្តៅទូទាំងពិភពលោក ហើយវាតែងរស់នៅក្នុងផ្ទៃទឹកស្ថិតនៅមិនឆ្ងាយប៉ុន្មានពីឆ្នេរសមុទ្រ ។ ត្រីហើរភាគច្រើនមានដងខ្លួនពណ៌បៃតង ឬពណ៌ខៀវស្រអាប់ ខណៈពោះវាពណ៌ប្រាក់ ។
វាជាត្រីមានលក្ខណៈពិសេសខុសប្លែកពីត្រីផ្សេងៗ ហើយវាតែងតែប្រមូលផ្តុំគ្នាជាហ្វូង ព្រមទាំងស្វែងរកចំណីនៅជិតផ្ទៃទឹក ។ ត្រីហើរមានភាពរហ័សរហួន ប៉ុន្តែពេលវាផ្អើល ឬចង់គេចពីហេតុការណ៍អាក្រក់ វានឹងលោតចេញពីទឹកឡើងទៅលើក្នុងកម្ពស់រហូតដល់៣០ម៉ែត្រ គឺស្រដៀងនឹងយន្តហោះកំពុងហោះឡើង ឬដូចសត្វស្លាប ។
ទោះយ៉ាងណា វាអាចលោតផុតពីទឹកបានខ្ពស់ ឬទាប គឺអាស្រ័យលើទំហំដងខ្លួន និងពេលវេលា ។ វាប្រើប្រាស់ព្រុយត្រចៀកដែលមានទំហំធំខ្លាំង ដើម្បីជួយឱ្យវាអាចលោតឡើងលើបានខ្ពស់ ខណៈត្រីខ្លះទៀតក៏មានព្រុយធំនៅរន្ធគូទផងដែរ ។ គេបានប្រទះឃើញត្រីហើរប្រមាណ៥០ប្រភេទក្នុងទឹកសមុទ្រទូទាំងពិភពលោក ។
ត្រីហើរអាចលោតបានជាមធ្យម គឺចាប់ពីកម្ពស់៧ម៉ែត្រ ទៅ១០ម៉ែត្រ និងមានល្បឿនប្រមាណ៦៥គីឡូម៉ែត្រក្នុង១ម៉ោង ។ វាអាចនៅស្ងៀមលើអាកាសបានយូរបំផុតចំនួន១០វិនាទី ។ ក្រោយពីបន្តពូជរួច វាបានបញ្ចេញពងនៅក្រោមស្មៅ ឬកាកសំណល់អណ្តែតតាមទឹក ដើម្បីឱ្យកូនៗរបស់វាញាស់នៅទីនេះ ៕










