បន្ទាប់ពីមានការបង្ហោះចែកចាយនៅលើបណ្តាញសង្គម មហាជនខ្មែរជាច្រើនហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរបៀបនៃការដាំស្រូវចំការវិលជុំ របស់ជនជាតិដើមភាគតិច ខេត្តមណ្ឌលគិរី។
កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤នេះ យោងតាមការបង្ហោះនៅលើបណ្តាញសង្គម ដោយគេហទំព័រមួយដែលមានឈ្មោះថា Tong len-តូង លេន បានបង្ហាញរូបភាពជាច្រើន ដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «ភ្លៀងធ្លាក់បានប៉ុន្មានមេធំកន្លងមក បងប្អូនជនជាតិដើមភាគតិចព្នង ប្រវ៉ាសដៃគ្នា ដាំស្រូវ ដាំដំណាំបន្ទាប់បន្សំជាច្រើនមុខទៅតាមតម្រូវការរបស់ពួកគាត់ នៅភូមិពូត្រែង ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី» ។
ប្រភពដដែលបញ្ជាក់ថា «ការដាំស្រូវចំការវិលជុំនេះ ជាទំនៀមទម្លាប់បុរាណរបស់ជនជាតិដើមក្នុងខេត្តមណ្ឌលគិរីដែលតែងតែធ្វើជារៀងរាល់ឆ្នាំ ហើយចំការវិលជុំនេះផងដែរគឺជនជាតិដើមព្នងបានធ្លាប់ធ្វើតាំងតែពីយូរលង់ណាស់មកហើយ រហូតមកដល់ពេលនេះយើងនៅតែរក្សានឹងធ្វើរហូតមកដល់ពេលបច្ចុប្បន្ននេះ» ។
យោងតាមគេហទំព័រ«សម្ព័ន្ធជនជាតិដើមភាគតិចកម្ពុជា» កាលពីពេលកន្លងទៅនេះ គឺបានបង្ហាញពីរបៀបនៃការធ្វើចំការវិលជុំរបស់ជនជាតិដើមភាគតិច ដោយបានពន្យល់ថា «តាមលក្ខណៈប្រពៃណី ជនជាតិដើមភាគតិចភាគច្រើន ដែលរស់នៅតំបន់ខ្ពង់រាបគឺអនុវត្តការដំា ដុះជាលក្ខណៈចំការវិលជុំ»។

«ការធ្វើចំការមានលក្ខណៈពិសេសដោយបង្កើតអោយមាននិរន្តរភាពនៃបរិស្ថាន និងមុខរបរចិញ្ចឹមជីវិតរបស់ពួគគាត់ព្រោះទម្លាប់ដែលគាត់ធ្វើគឺក្នុងមួយគ្រួសារជនជាតិដើមភាគតិចជាទូទៅមានចំការបួន ទៅប្រាំកន្លែង។ ខណៈការកំណត់ជ្រើសរើសទីតាំងចំការគឺត្រូវធ្វើឡើងដោយយកចិត្តទុក្ខដាក់បំផុត មិនអោយប៉ៈពាល់ដល់តំបន់ប្រភពទឹក ជំរកសត្វ និងធនធានធម្មជាតិនោះទេ ហើយរបៀបដែលពួកគាត់ធ្វើចំការទៀតគឺ មុនកាប់ត្រូវធ្វើការសែនព្រេនជាមុនដើម្បីរំលឹកដឹងគុណ និងសុំការអនុញ្ញាតិពីអ្នកតាម្ចាស់ទឹកម្ចាស់ដី។
«ខណៈនៅពេលដែលពួកគាត់កាប់គឺតែងតែទុកដើមឈើធំអោយនៅដដែល ហើយដើមដែលគាត់កាប់គឺមិនអោយងាប់ទាំងស្រុងទេ ដោយតម្រូវអោយកាប់ត្រឹមតែជង្គុង រឺចង្គេះដើម្បីអោយដើមនោះអាចលូតលាស់ទៅមុខទៀតបាន។ ជាធម្មតា ពួកគាត់ធ្វើក្នុងចំការមួយរយៈពេល៣ ទៅបួនឆ្នាំ រួចដូរទៅកន្លែងទីពីរ ហើយបី-បួនឆ្នាំ ទៅកន្លែងមួយទៀតដោយទុកចំការចាស់ឲ្យព្រៃដុះលូតលាល់ឡើងវិញ ទើបគាត់ធ្វើបែបនេះបន្តដល់ចំការទីបួន រឺទីប្រាំ បន្ទាប់វិលចូលចំការដើមវិញ ដែលក្នុងរយៈពេលប្រហែលជា ១៥ ទៅ២០ ឆ្នាំ។ ការធ្វើបែបនេះអាចអោយព្រៃឈើនៅមាន និងបង្កើតជីវជាតិដីកសិកម្មររបស់គាត់។


រូបភាពដោយ៖ Tong len-តូង លេន










