អតីតតារាចម្រៀងក្នុងទ្រនំថោន អេននី ហ្សាម ចេញមកបញ្ជាក់រឿងបែកបាក់គូស្នេហ៍ជាភេទដូចគ្នាមានឈ្មោះ Nona Ra ដែលជាអ្នកសិល្បៈដូចគ្នាថាការបែកគ្នានេះមិនមែនជាការសម្តែងនោះទេ។ មិនត្រឹមតែប៉ុណ្ណោះ អេននី ហ្សាម បានសង្កត់ធ្ងន់ថា បែកគឺបែកហើយគ្មានផ្លូវបកក្រោយនោះទេទោះបីហ្វេនៗសោកស្តាយចំណងស្នេហ៍របស់ពួកគេក្តី។
ធ្លាប់ជាគូស្នេហ៍ដែលមានភាពផ្អែមល្ហែមស្អិតរមួតទៅណាមួយជំហ៊ានក៏ទៅជាមួយគ្នាអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីអតីតតារាចម្រៀង អេននី ហ្សាម ចេញមកប្រកាសបែកគូស្នេហ៍ជាភេទដូចគ្នាកាលពីថ្ងៃទី២១ ឧសភា។ ចំណងស្នេហ៍ប្រេះឆានេះ អេននី ហ្សាម បង្ហើបថានាងគ្មានសមត្ថភាពគ្រប់គ្រាន់មើលថែគូស្នេហ៍ ប្រច័ណ្ឌ ហួងហែង គូស្នេហ៍ខ្លាំងពេកទើបនាងនិង Nona Ra មិនអាចបន្តទៅមុខទៀតបានខណៈចំណងស្នេហ៍អ្នកទាំងពីរមានអាយុកាលជាង៣ឆ្នាំ។.png)
ប្រកាសបែកគ្នាមួយរយៈ ម្ចាស់បទ «អូនឡប់ៗស្រលាញ់បងដល់ថ្នាក់ហ្នឹង» ចេញមកប្រកាសម្តងទៀតថាការបែកគ្នារបស់នាងនិងអតីតគូស្នេហ៍ គឺមិនបានសម្តែងនោះទេ បែកគឺបែកហើយ ហើយក៏គ្មានផ្លូវជានាគ្នាវិញដែរ។
នៅថ្ងៃទី៤ មិថុនា អេននី ហ្សាម បានបង្ហោះសំណេរមួយនៅលើបណ្តាញសង្គមរបស់ខ្លួនថា «ខ្ញុំប្រាប់ម្តងទៀតពួកខ្ញុំបែកគ្នាហើយ បែកមែនទែន អត់សម្តែងទេ ខ្ញុំយល់ថាបងប្អូនមួយចំនួននៅស្តាយនៅចង់អោយត្រូវគ្នា ប៉ុន្តែពួកយើងទៅមុខលែងរួចមែន គ្មានផ្លូវបកក្រោយទេ ចឹងចង់អ្នកណាធ្វើអីធ្វើទៅសិទ្ធិគេ ហើយមិនបាច់បកស្រាយទេ ៣ឆ្នាំជាងនឹង គួរយល់ហើយ មនុស្សមិនល្ងង់មិនភ្លើទេ ផុសលើកចុងក្រោយ»។
អេននី ហ្សាម បានបន្ថែមទៀតថា បញ្ជាក់លើកចុងក្រោយ បែកគ្នា 100% គ្មានថ្ងៃដូចដើម ចប់ លែងដឹងលែងឮលែងឃើញ….bye ចឹងសុំបងប្អូនឈប់ខមិនក្នុងផុសគេនិយាយពីខ្ញុំទៀតអី ខ្ញុំសុំ ខ្ញុំមិនអីទេ…រស់ធម្មតា»។
គួរបញ្ជាក់ថា កន្លងមកនេះដំណឹងការបែកបាក់របស់ពួកគេបានធ្វើឱ្យអ្នកគាំទ្របង្ហាញការសោកស្តាយយ៉ាងខ្លាំងធ្លាប់តែឃើញពួកគេស្វីតដាក់គ្នាមិនគួរណាត្រូវមកបែកគ្នាយ៉ាងលឿនដូចនេះហើយអ្នកទាំងពីរជាអ្នកសិល្បៈដែលហ៊ានប្រកាសពីទំនាក់ទំនងស្នេហាភេទដូចគ្នាជាសាធារណៈប្រាប់ដល់មហាជន៕










