បរទេស៖ ខេត្ត SHIBUYA របស់ប្រទេសជប៉ុន ដែលជាតំបន់ទេសចរណ៍ដ៏ពេញនិយមបំផុតមួយក្នុងទីក្រុងតូក្យូ បានហាមឃាត់ការផឹកស្រានៅកន្លែងសាធារណៈចាប់ពីម៉ោង ៦ ល្ងាចដល់ម៉ោង ៥ ព្រឹកជារៀងរាល់ថ្ងៃ ដើម្បីទប់ស្កាត់អាកប្បកិរិយាមិនល្អ។
យោងតាម CNN វិធានការនេះត្រូវបានគេរំពឹងថានឹងចូលជាធរមានក្នុងខែតុលា ក៏ដូចជាហាមប្រាមការពិសាគ្រឿងស្រវឹងនៅតាមដងផ្លូវ ឬតាមទីសាធារណៈក្នុងទីក្រុង Shibuya ចាប់ពីម៉ោង ៦ ល្ងាចដល់ម៉ោង ៥ ព្រឹកជារៀងរាល់ថ្ងៃ ហើយអាយុស្របច្បាប់ក្នុងការផឹកស្រានៅប្រទេសជប៉ុនគឺ ២០ ឆ្នាំឡើងទៅ។
Ken Hasebe មេដឹកនាំខេត្ត SHIBUYA បាននិយាយថា កាលពីមុនទីក្រុងនេះក៏ធ្លាប់បានចេញបទប្បញ្ញត្តិមួយ ហាមប្រាមការផឹកស្រាពេលយប់នៅតាមដងផ្លូវ និងសួនច្បារក្នុងអំឡុងពេល និងព្រឹត្តិការណ៍មួយចំនួនដូចជា Halloween និងថ្ងៃឈប់សម្រាកចុងឆ្នាំផងដែរ ដោយមនុស្សអាចផឹកបានតែនៅក្នុងបារ និងភោជនីយដ្ឋានប៉ុណ្ណោះ។ ទោះជាយ៉ាងណាថ្មីៗនេះ បទប្បញ្ញត្តិនេះគឺហាមប្រាមពលរដ្ឋមិនឱ្យផឹកស្រាពេលយប់ជារៀងរាល់ថ្ងៃតែម្តង ទោះបីនៅកន្លែងសារធារណៈ ឬហាងស្រាក៏ដោយ ដោយជំនួសមកវិញនូវភេសជ្ជៈផ្សេងៗក្រៅពីស្រា នៅក្នុងភោជនីយដ្ឋានដើម្បីទប់ស្កាត់អាកប្បកិរិយាមិនល្អ។
លោក Hasebe បានបន្តទៀតថា អាជីវកម្មក្នុងស្រុកបានគាំទ្របទប្បញ្ញត្តិថ្មីនេះ ហើយលោកក៏បានប្តេជ្ញាចិត្តដើម្បីហាមឃាត់ជាអចិន្ត្រៃយ៍ផងដែរ។ ទីក្រុង Shibuya គឺជាកន្លែងទាក់ទាញដ៏ល្បីល្បាញបំផុតរបស់រដ្ឋធានីដូចជា Meiji Shrine, Yoyogi Park និង Shibuya Crossing ដែលត្រូវបានគេនិយាយថាជាផ្លូវបំបែកដ៏មមាញឹកបំផុតនៅក្នុងពិភពលោក។ គួរបញ្ជាក់ដែរថា មូលហេតុដែលធ្វើឱ្យមានបទបញ្ញត្តិទប់ស្កាត់ការផឹកស្រាពេលយប់ គឺដោយសារកន្លងទៅភ្ញៀវបរទេសនៅទីនេះមានកំណើនច្រើនលើសលប់ បណ្តាលឱ្យប៉ះពាល់សណ្តាប់ធ្នាប់ក្នុងទីក្រុង ក៏ដូចជាមានជម្លោះជាមួយអ្នកស្រុក រួមទាំងការចោលសំរាមកំប៉ុងជាច្រើនតាមដងផ្លូបបន្ទាប់ពីពួកគេផឹកស្រា៕










