សហរដ្ឋអាមេរិក ៖ ការស្រាវជ្រាវមួយផ្សព្វផ្សាយក្នុងទស្សនាវដ្តី Communications Earth & Environment បង្ហាញថា ទឹកទន្លេយ៉ាងហោចណាស់៧៥ នៅរដ្ឋអាឡាស្កា សហរដ្ឋអាមេរិក បានប្រែក្លាយជាពណ៌ច្រែះ ឬទឹកក្រូច ដែលអាចបណ្តាលមកពីការរលាយនៃស្រទាប់ដីកក ។ ហេតុនេះ វាធ្វើឱ្យសារធាតុរ៉ែក្នុងដីរលាយចេញមក និងហូរចូលក្នុងទឹក ។
តាមរូបភាពដែលថតដោយជនជាតិអាមេរិកឈ្មោះ Taylor Rodes បង្ហាញថា ទឹកទន្លេក្នុងរដ្ឋអាឡាស្កា បានប្រែទៅជាពណ៌ទឹកក្រូច ហើយមូលហេតុដែលធ្វើឱ្យវាប្រែពណ៌ គឺមកពីការរលាយផ្ទាំងទឹកកកនៅតំបន់ប៉ូល និងសារធាតុពុលផ្សេងៗហូរអណ្តែតតាមទឹក ។ សារធាតុពុលកើតឡើងពីការរលាយនៃស្រទាប់ដីកក និងគួរឱ្យភ័យខ្លាចជាងការរំពឹងទុក ដោយសារវាមានគ្រោះថ្នាក់ដល់មនុស្ស និងសត្វ ។ ប្រទេសរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត គឺរុស្ស៊ី និងប្រទេសនៅក្បែរតំបន់ប៉ូល ដោយសាររណ្តៅខួងឧស្ម័នផ្សេងៗស្ថិតនៅតំបន់គ្រោះថ្នាក់ ។
នៅចុងខែឧសភា ឆ្នាំ២០២៤ សាកលវិទ្យាល័យ California និងនាយកដ្ឋានធនធានរ៉ែអាមេរិកបកស្រាយថា ទន្លេនេះបានហូរឆ្លងកាត់តំបន់ជាង៧៥ នៅអាមេរិក ហើយទឹកទន្លេបានប្រែជាពណ៌ទឹកក្រូច និងកាន់តែខាប់ខ្លាំងឡើងក្នុងរយៈពេល១០ឆ្នាំ ។ ពណ៌ទឹកក្រូចកើតឡើងដោយសារធាតុដែក, ស័ង្កសី, នីកែល, សំណ ហើយវាមិនមែនជារឿងល្អប៉ុន្មានទេចំពោះបរិស្ថាន ពីព្រោះសារធាតុទាំងនេះបង្កើតជាតិពុលដល់មនុស្ស និងសត្វគ្រប់ប្រភេទ ។
Brett Poulin ជាជំនួយការសាស្ត្រាចារ្យផ្នែកបំពុលបរិស្ថានក្នុងសាកលវិទ្យាល័យ California និយាយថា ៖ «វាបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ ទើបយើងឃើញអ្វីខុសប្លែកកើតឡើងក្នុងទន្លេចំណាស់បំផុត ។ ពេលទឹកទន្លេនេះហូរទៅកាន់ទន្លេផ្សេងទៀត វានឹងធ្វើឱ្យលោហៈក្នុងទឹកមានថាមពលខ្ពស់ និងប៉ះពាល់ដល់គុណភាពទឹក» ។
ជំនួយការសាស្ត្រាចារ្យបន្តថា តាមការស្រាវជ្រាវបង្ហាញថា នៅពេលទឹកទន្លេក្លាយជាពណ៌ទឹកក្រូច សត្វរស់នៅក្នុងទឹក និងចំណីអាហារជាច្រើនបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ។ វានឹងធ្វើឱ្យបរិស្ថាន និងការរស់នៅរបស់ត្រីផ្លាស់ប្តូរទាំងស្រុង ។
ការផ្លាស់ប្តូរពណ៌ទឹកទន្លេត្រូវបានប្រទះឃើញលើកដំបូងកាលពីឆ្នាំ២០១៨ ហើយអ្នកស្រាវជ្រាវនិយាយថា ទន្លេនៅតំបន់ជ្រលងភ្នំព្រូស ភាគខាងជើងរដ្ឋអាឡាស្កា មានសភាពខាប់ និងពណ៌ទឹកក្រូច ។ នៅឆ្នាំដដែល ទន្លេ Aichilik ស្ថិតក្នុងតំបន់ឧទ្យានជាតិ Cobb Valley បានបាត់បង់ត្រីអស់ចំនួន២ពូជ ។ ទោះយ៉ាងណា ទឹកទន្លេមានពណ៌ច្រែះ បានកើតឡើងតាមរដូវកាល និងរដូវក្តៅ ចាប់ពីខែកក្កដា ដល់ខែសីហា ដែលជារយៈពេលដីរលាយជ្រៅបំផុត ។
តាមរបាយការណ៍បង្ហាញថា ការនេសាទ និងផ្នែកទេសចរណ៍របស់រដ្ឋអាឡាស្កា ដែលបានផ្តល់ការងារដល់ពលរដ្ឋជាង៩ម៉ឺននាក់ និងផ្តល់ប្រាក់ចំណូលចំនួន២.៥៧០លានដុល្លារអាមេរិក បានប្រឈមនឹងបញ្ហាយ៉ាងខ្លាំង ។ គេសន្និដ្ឋានថា ចំនួនត្រីក្នុងទឹកទន្លេធ្លាក់ចុះ និងការកម្សាន្តក្នុងរដូវរងាធ្លាក់ចុះ គឺបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ៕










