បន្ទាប់ពីរូបភាពនៃអគារមួយកន្លែងដែលហ៊ុមព័ទ្ធទៅដោយរុក្ខជាតិបៃតងយ៉ាងខៀវស្រងាត់ ស្រស់បំព្រោងពាសពេញផ្នែកខាងក្រៅទាំងអស់នៃអាគារដ៏ខ្ពស់ស្រឡឹមបែបនេះ សាធារណៈជនខ្មែរជាច្រើនហាក់មានការចាប់អារម្មណ៍ខ្លាំងបំផុត រហូតដល់មានអ្នកខ្លះច្រឡំថានៅបរទេសទៀតផង។ 
កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ យោងតាមការបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុកដោយគណនីមួយដែលមានឈ្មោះថា Sok Chanphal គឺបានបង្ហាញរូបភាពចំនួន ៣សន្លឹក ដោយភ្ជាប់មកជាមួយនឹងចំណងជើងថា«នៅក្រុងភ្នំពេញយើងទេណា! (បឹងកេងកង)»។ បន្ទាប់ពីមានការដាក់បង្ហោះរួចមក, មហាជនខ្មែរជាច្រើនមានការចាប់អារម្មណ៍និងស្ងើចសរសើរពីសម្រស់អាគារធម្មជាតិមួយនេះ ហាក់មិនសូវបានឃើញនោះទេ ខណៈអ្នកខ្លះថាធ្លាប់តែឃើញនៅស្រុកគេប៉ុណ្ណោះ។
អគារមួយកន្លែងដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ត្រូវបានគេស្គាល់ថាជា«ភោជនីយដ្ឋានខ្មែរសុរិន្ទ» ជាភោជនីយដ្ឋានចំណាស់ជាងគេមួយនៅក្នុងទីក្រុងភ្នំពេញ ព្រោះបានឈរជើងមកតាំងពី១៩៩៦ ខណៈមកទល់ពេលនេះគឺមានរយៈពេល២៨ឆ្នាំហើយ។ ភោជនីយដ្ឋានខ្មែរសុរិន្ទ គឺជាហាងអាហារដ៏ពេញនិយមមួយ ដែលបម្រើជាពិសេសចំពោះមុខម្ហូបខ្មែរនិងថៃ(រសជាតិដើមពិតៗ) ខណៈបាននឹងកំពុងទាក់ទាញភ្ញៀវទេសចរណ៍ទាំងជាតិនិងអន្តរជាតិមិនដែលដាច់នោះឡើយ។
លក្ខណៈពិសេសនិងភាពលេចធ្លោរបស់ភោជនីយដ្ឋានមួយនេះគឺស្ថិតនៅក្នុងអាគារបែបអាណានិគមដ៏ស្រស់ស្អាតបំផុតមួយ និងអមទៅដោយធម្មជាតិត្រជាក់ភ្នែក ពាសពេញផ្នែកខាងក្រៅនៃអគារទាំងស្រុងតែម្តង។ លើសពីនេះទៅទៀត ផ្នែកខាងក្នុងនៃអគារគឺត្រូវបានតុបតែងយ៉ាងប្រណីតឥតខ្ចោះ ដោយគ្រឿងសង្ហារិមបែបប្រពៃណីខ្មែរ និងគ្រឿងបរិក្ខារទំនើបៗ។
បន្ថែមពីរសជាតិល្អឯករបស់ភោជនីយដ្ឋានហើយ សេវាកម្មនៅទីនោះគឺល្អបំផុត ខណៈនឹងទទួលបានបរិយាកាសកាន់តែកក់ក្តៅនិងរីករាយ ព្រោះតែជាទីតាំងធំទូលាយ មានបន្ទប់ទទួលទានអាហារខ្នាតធំ បន្ទប់អាហារលក្ខណៈឯកជន ក៏ដូចជាមានបារដែលបម្រើនូវស្រាក្រឡុក ស្រាបៀរ និងស្រាជាច្រើនប្រភេទផងដែរ៕










