ថ្លៃងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលមួយចំនួននៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ស្ថិតនៅឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ គិរីរម្យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចេញបទបញ្ជាឱ្យអភិបាលខេត្តតាកែវ បន្តតាមរកមុខ និងចាត់វិធានការចំពោះក្រុមក្មេងទំនើងដែលបានប្រើដាវដេញកាប់គ្នាយ៉ាងអនាធិបតេយ្យនៅក្នុងភូមិសាស្ត្រស្រុកត្រាំកក់ ខេត្តតាកែវ ត្រង់ចំណុចផ្សារអង្គតាសោម។
សម្តេចធិបតី មានប្រសាសន៍ថា៖”កុំប្រកួតប្រជែងកាប់ដាវ ម្សិលមិញ បញ្ជាឱ្យចៅហ្វាយខេត្តតាកែវ រកឱ្យឃើញក្រុមកាប់ដាវនៅត្រាំកក់ ឥលូវរកបាន២ ៣នាក់ហើយ តាមរកឱ្យឃើញថែមទៀត”។
គួរបញ្ជាក់ផងដែរ កាលពីថ្ងៃទី២៨ ខែឧសភា មានករណីក្រុមក្មេងទំនើងពីរក្រុមបានជិះម៉ូតូប្រដេញវាយគ្នាដោយកាំបិត ពូថៅ នៅចំណុចខាងមុខផ្សារអង្គតាសោម លើបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតនៅឃុំអង្គតាសោម ស្រុកត្រាំកក់ យ៉ាងអនាធិបតេយ្យ៕










