Home ព័ត៌មានជាតិ ឈ្វេងយល់ពីអត្ថន័យពិធីបុណ្យវិសាខបូជា ដែលត្រូវបានគេប្រារព្ធឡើងទូទាំងសកលលោក!

ឈ្វេងយល់ពីអត្ថន័យពិធីបុណ្យវិសាខបូជា ដែលត្រូវបានគេប្រារព្ធឡើងទូទាំងសកលលោក!

83
0

បុណ្យវិសាខបូជាតែងប្រារព្ធឡើងជារៀងរាល់ឆ្នាំ និងជារៀងរាល់ថ្ងៃទី១៥កើត ខែពិសាខ ហើយសម្រាប់ឆ្នំា២០២៤នេះ បុណ្យវិសាខបូជានឹងប្រព្រឹត្តិទៅនៅថ្ងៃទី២២ ខែឧសភាខាងមុខ។ ការប្រារព្ធពិធីបុណ្យវិសាខបូជា សម្រេចក្រោមហេតុផល៣យ៉ាងគឺ ដើម្បីរម្លឹកដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រសូត្រ, ទ្រង់ត្រាស់ដឹង និងទ្រង់ចូលព្រះនិព្វាន។

បុណ្យវិសាខបូជាគឺជាបុណ្យដ៏ធំមួយនៅក្នុងព្រះពុទ្ធសានា ខណៈដែលនៅកម្ពុជាយើងគឺបានចាត់ទុកជាថ្ងៃបុណ្យជាតិដ៏សំខាន់មួយរបស់រដ្ឋ។ បុណ្យវិសាខបូជា ក៏ត្រូវបានប្រទេសជិត២០០ ដែលត្រូវជាសមាជិករបស់អង្គការសហប្រជាជាតិ អនុម័ត និងទទួល ស្គាល់ជាបុណ្យអន្តរជាតិកាលពីថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ១៩៩៩ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFDd7kYGY7IdjeVqvI1yPBG-nYMM79udCs2aAh2Ci_UTSVts_EtesFhX5mmerKMDnsttDqopJtQr1utsA0HHF7e_M_KXvc3RItfz6FrWpIZwgUI78x30bYcjOPzEs_HOlYK5ECL7Ke6mmlH-FfEfnnYWWmkpEOvJRTyOxUNrQM2P6MO7QfdOfIw-UwREg/s1280/photo_2024-05-21_11-36-54.jpg

ព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រសូតនៅថ្ងៃសុក្រ ពេញបូណ៌មី ខែវិសាខ មុនគ្រិស្តសករាជ ចំនួន ៦២៣ ឆ្នាំ ។ នៅពេលមានព្រះជន្ម ២៩ ព្រះវស្សា ទ្រង់បានយាងទៅសាងផ្នួស ។ ក្រោយពី បួសអស់រយៈពេល ៦ ឆ្នាំ ព្រះអង្គក៏បានត្រាស់ដឹងកា្លយជាព្រះពុទ្ធនៅថ្ងៃពុធ ពេញបូណ៌មី ខែវិសាខ នាវេលាទៀបភ្លឺ ។ ខណៈព្រះបរមគ្រូនៃយើង ទ្រង់ចូលបរិនិព្វាននៅថ្ងៃអង្គារ ពេញបូណ៌មី ខែវិសាខ ក្នុងព្រះជន្ម ៨០ ព្រះវស្សា បើគិតមកទល់ពេលនេះ គឺទ្រង់បានរលត់សង្ខារអស់រយៈពេល ២៥៦៧ឆ្នាំ ហើយ។ ដោយសង្កេតឃើញថា ព្រះពុទ្ធទ្រង់ប្រសូត ត្រាស់ដឹង និងបរិនិព្វានក្នុងថ្ងៃខែតែមួយ(ខុសតែឆ្នាំ) នេះឯង ទើបគេប្រារព្ធបុណ្យវិសាខបូជាឡើង ដើម្បីជាថ្ងៃរម្លឹកដល់ព្រឹត្តិការណ៍សំខាន់ៗទាំង៣ ខាងលើ។

ពាក្យថា “វិសាខបូជា” បានមកពីពាក្យថា “វិសាខបុណ្ណមីបូជា” ប្រែថា ការបូជាក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ គឺខែទី ៦ ដោយរាប់ពីខែមិគសិរ បុស្ស មាឃ ផល្គុន ចែត្រ ពិសាខជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8NLh65V1Ap6GrYHK0Jr0qOq_utv06zoLAwGSNDL46sqhPky3_m0Kocx_cgU_q-AINHakuJjEdYO_X-YaskFihG3kmKfDeQyo5aooV0M6ldJ9uNI_yvYN0uZU03Nhf1ZZo8rVGEPRmEmpK68GJe758nKz3OzkcaQUzt12yirkUWnMo_iRPDVxy4QJgov0/s750/photo_2024-05-21_11-37-04.jpg

ពិធីបុណ្យវិសាខបូជានេះចាត់ទុកថាជាពិធីបុណ្យដ៏ធំមួយរបស់រដ្ឋ ដោយមានប្រជាជនចាស់ ក្មេង ប្រុស ស្រី នៅជុំគ្នាអ៊ូអូរ ដោយនាំទៅជាមួយនូវគ្រឿងសក្ការបូជា មានទៀន ធូប ផ្កា ភ្ញី និងប្រទីបជ្វាលា តូច-ធំ អុចបំភ្លឺព្រោងព្រាត នៅគ្រប់វត្ដអារាម។ នៅក្នុងថ្ងៃធ្វើពិធីនេះទៀតសោតគឺនឹងមានការសម្ដែងរឿងពុទ្ធប្បវត្ដិ តាំងអំពីដើមរហូតដល់ចប់ ដើម្បីជាគ្រោងបណ្ដុះសទ្ធាឱ្យកើតមានក្នុងគុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃឱ្យកាន់ខ្លាំងក្លាឡើង។

ម្យ៉ាងទៀតការប្រារឰពិធីបុណ្យវិសាខបូជានៅក្នុងពេលរាត្រី អាស្រ័យលើហេតុផលសាមញ្ញៗចំនួន ២ យ៉ាង គឺ
១. ដើម្បីនឹងបានឱកាសអុជគ្រឿងប្រទីប ជ្វាលា បូជាភ្លើងអគ្គិសនីឱ្យភ្លឺរុងរឿងរន្ទាល ច្រាលឆ្អៅផង។
២. ដើម្បីបើកឱកាសឱ្យពុទ្ធបរិស័ទបានជួបជុំគ្នាដ៏ច្រើនកុះករទាំងប្រុសទាំងស្រីអាចបំពេញនូវបុណ្យកុសលកម្មមួយនេះ ដោយសេចក្តីសប្បាយរីករាយ ពីព្រោះពេលយប់ជាវេលាទំនេរផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilCJMFsKFbk2BXsnHHN1FPnKwq98qsFx8IRpSVLl0XQFnUBN-G5XgRXgBnZes59QDa_B_1LrRxPGs6eX0-N5GhgqvU0T2PiyTVQwJYz1HBHUNnjSiSbP933xZAW95ZMzRd03nVgfvTMnYsCGdSLYKoen9CzrnJTx0laiQaH7IiwWeuapmiIWUUf33K9wY/s533/photo_2024-05-21_11-37-05.jpg

តាមការស្រាវជ្រាវគេបានដឹងថា បុណ្យ វិសាខបូជាទំនងជាធ្វើនៅក្រោយពុទ្ធបរិនិព្វានច្រើនរយឆ្នាំ។ គេជឿថាប្រទេសឥណ្ឌា និងប្រទេសលង្កា បានប្រារព្ធពិធីបុណ្យនេះយូរយារណាស់មកហើយ ។ ចំណែកប្រទេសសៀម និងប្រទេសខ្មែរទើប នឹងចាត់ចែងធ្វើនៅគ្រឹស្តសតវត្សទី ១៩។ នៅក្នុងប្រទេសកម្ពុជា បុណ្យវិសាខបូជា តាមដែលចាស់ទុំអ្នកមុខអ្នកកាទាំងឡាយដំណាលតៗគ្នាបានឲដឹងថា គេបានផ្តើមធ្វើក្នុងរជ្ជកាលព្រះបាទសម្តេចព្រះអង្គដួង ដែលគង់នៅក្រុងឧត្តុង្គ ក្នុងពុទ្ធសករាជ ២៣៩៧ គ្រិស្តសករាជ ១៨៥៤ ដោយមហាប៉ាន ដែលស្តេចសៀមបានបញ្ជូនមកកាន់ឧត្តុង្គតាមសំណើព្រះបាទអង្គដួង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCdR7-L7PS4pQC1E6u1nRAK6tU3hVPHOsIwaLfG9rudVT2kfkIqEAmxiBhYDNUtN0IkeLF0SOohnouSNYguFBoJev6S4x61hAiafuPul2GiG3vkyX8KLmjvuDthoinfoMYZHM2Tx13HCBCYybRnxy40MPLnB0-yKHe_rJC3PIxo-jUwa3EJFJoOHeBqP4/s970/photo_2024-05-21_11-37-13.jpg