ប្រទេសអាល្លឺម៉ង់ ៖ បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកបានរីកចម្រើនជឿនលឿនគ្រប់ផ្នែកទាំងអស់ ហើយនៅក្នុងឧស្សាហកម្មផ្សេងៗសុទ្ធតែត្រូវការប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីផលិតឧបករណ៍ ឬទំនិញបានឆាប់រហ័ស និងមានប្រសិទ្ធភាព ។ រីឯកាកសំណល់ និងទឹកស្អុយ ក៏ត្រូវបានក្រុមហ៊ុននានាយកមកកែច្នៃប្រើប្រាស់ឡើងវិញផងដែរ ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន ។.jpg)
កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ក្រុមហ៊ុនអាល្លឺម៉ង់បានផលិតស្រាបៀរពីទឹកស្អុយ ដោយឆ្លងកាត់ដំណាក់កាលចម្រោះកម្ចាត់មេរោគផ្សេងៗ ដែលស្រាបៀរថ្មីនេះមានឈ្មោះថា «Reuse Brew» ។ គេចាត់ទុកថា គឺជាការអភិវឌ្ឍជឿនលឿនយ៉ាងសំខាន់ផ្នែកបច្ចេកវិទ្យាកែច្នៃទឹកស្អុយយកមកផឹក ឬប្រើប្រាស់ឡើងវិញ ។
Xylem ជាក្រុមហ៊ុនជំនាញផ្នែកកែច្នៃទឹកស្អុយនៅប្រទេសអាល្លឺម៉ង់បានដំណើរការគម្រោងថ្មីនេះ ដើម្បីដោះស្រាយបញ្ហាការបម្រែបម្រួលអាកាសធាតុ និងការខ្វះខាតទឹកកើនឡើងនៅតំបន់អឺរ៉ុប ។ គម្រោងនេះបានផលិតស្រាបៀរប្រភេទថ្មីមួយពីទឹកស្អុយ ដែលបានឆ្លងកាត់ដំណាក់កាលចម្រោះយ៉ាងត្រឹមត្រូវ និងមានគុណភាពខ្ពស់ផងដែរ ។
ដំណាក់កាលសំខាន់ក្នុងការផលិតស្រាបៀរពីទឹកស្អុយ «Reuse Brew» គឺជាដំណើរការអុកស៊ីតកម្មអូហ្សូនជាមួយកាំរស្មីយូវី និងអ៊ីដ្រូសែន Peroxide តាមរយៈការចម្រោះកម្ចាត់មេរោគ និងភាពកខ្វក់ ។ បច្ចេកវិទ្យានេះអាចកម្ចាត់សារធាតុគីមីនៅលាយឡំជាមួយទឹកស្អុយ និងមេរោគយ៉ាងមានប្រសិទ្ធភាព តាមរយៈអុកស៊ីតកម្ម និងការស្រូបយក ។ ស្រាបៀរថ្មីបានផលិតឡើងក្នុងរោងចក្រចម្រាញ់ទឹកស្អុយតាមបច្ចេកវិទ្យាទំនើបដែលអាចកម្ចាត់មេរោគតូចៗ ដើម្បីឱ្យមានទំនុកចិត្តលើគុណភាពស្រាបៀរមានអនាម័យ និងស្របតាមស្តង់ដារ ។
ស្រាបៀរផលិតឡើងពីទឹកស្អុយនេះនឹងដាក់តាំងបង្ហាញជាលើកដំបូងក្នុងកម្មវិធីតាំងពិព័រណ៍ផលិតផល «IFAT Munich 2024» ដែលកម្មវិធីនេះអនុញ្ញាតឱ្យក្រុមហ៊ុន នានាអាចយកផលិតផលកែច្នៃពីទឹកស្អុយ និងកាកសំណល់ផ្សេងៗមកតាំងបង្ហាញសាធារណជន ។ អ្នកមកចូលរួមក្នុងកម្មវិធីអាចសាកល្បងក្រេបរសជាតិស្រាបៀរ Reuse Brew ឬយកវាទៅផ្ទះបាន ៕










