Home ព័ត៌មានអន្តរជាតិ ស្ត្រីម្នាក់ឃើញប្រជ្រុយនៅបាតជើងស្មានថាមិនអី ប៉ុន្តែស្លុតចិត្តខ្លាំងក្រោយគ្រូពេទ្យពិនិត្យរួច

ស្ត្រីម្នាក់ឃើញប្រជ្រុយនៅបាតជើងស្មានថាមិនអី ប៉ុន្តែស្លុតចិត្តខ្លាំងក្រោយគ្រូពេទ្យពិនិត្យរួច

73
0

តៃវ៉ាន់ ៖ ស្ត្រីតៃវ៉ាន់ម្នាក់រៀបរាប់ថា នៅសុខៗ ស្រាប់តែមានប្រជ្រុយដុះនៅបាតជើង ហើយខ្លួនស្មានថាមិនអី ក៏យកក្រមួនមកលាបបាតជើង និងពុំបានទៅមន្ទីរពេទ្យទេ ។ ក្រោយការលាបក្រមួនរួចហើយពុំទទួលផល ដោយសារប្រជ្រុយនេះរីកកាន់តែធំខ្លាំងឡើង ស្ត្រីរូបនេះក៏សម្រេចចិត្តទៅមន្ទីរពេទ្យដើម្បីត្រួតពិនិត្យប្រជ្រុយ ប៉ុន្តែគាត់ស្លុតចិត្តយ៉ាងខ្លាំងក្រោយគ្រូពេទ្យពិនិត្យរួច ។

គេហទំព័រ ETtoday រាយការណ៍ថា ស្ត្រីចំណាស់រូបនេះបានឃើញប្រជ្រុយនៅលើបាតជើងរបស់ខ្លួនដោយពុំជ្រាបពីមូលហេតុ ប៉ុន្តែគាត់ពុំបានទៅមន្ទីរពេទ្យភ្លាមៗទេ ពីព្រោះគិតថា វាមិនធ្ងន់ធ្ងរ ហើយចង់សន្សំសំចៃប្រាក់ផងដែរ ។ លើសពីនេះ គាត់គិតថា ប្រជុយនៅបាតជើងពុំបានធ្វើឱ្យប៉ះពាល់ដល់ជីវិតរបស់គាត់ រហូតដល់ប្រជ្រុយនេះរីកកាន់តែធំ ទើបគាត់យកក្រមួនមកលាបបាតជើង ។

បើទោះជាគាត់ព្យាយាមលាបក្រមួនលើបាតជើងយ៉ាងណា ប៉ុន្តែប្រជ្រុយនៅតែពុំជាសះស្បើយ ហើយបាតជើងរបស់គាត់ចាប់ផ្តើមមានដំបៅស្អុយរលួយ ។ ហេតុនេះ ក្រុមគ្រួសារក៏បានបញ្ជូនគាត់ទៅមន្ទីរពេទ្យ ដើម្បីឱ្យវេជ្ជបណ្ឌិតព្យាបាល ។ លោកវេជ្ជបណ្ឌិត Huang Bohan មានជំនាញផ្នែកជំងឺស្បែក ប្រាប់ថា គ្រាន់តែឃើញភ្លាម លោកដឹងថា វាមិនមែនជាប្រជ្រុយធម្មតាទេ ប៉ុន្តែវាជាដុំសាច់របស់មហារីកស្បែក ហើយជំងឺនេះរាលដាលលឿនណាស់ ។

លោកវេជ្ជបណ្ឌិត Huang Bohan បាននិយាយក្នុងកម្មវិធីមួយរបស់តៃវ៉ាន់ថា ដុំសាច់មហារីកដែលគេប្រទះឃើញច្រើនបំផុត គឺវាមានលក្ខណៈស្រដៀងនឹងប្រជ្រុយដែរ ។ រីឯមូលហេតុសំខាន់ដែលបណ្តាលឱ្យកើតជំងឺមហារីកស្បែក គឺបណ្តាលមកពីកត្តាខាងក្រៅ ដូចជា ៖ ការត្រូវពន្លឺថ្ងៃ ឬការត្រូវពន្លឺអ៊ុលត្រាវីយូឡេត (UV) រយៈពេលយូរ ។

ខាងក្រោមនេះ គឺជារបៀបសង្កេតពីដុំសាច់មហារីកស្បែកតាមវិធី ABCDE រួមមាន ៖
A: Asymmetry ផ្ទៃប្រជ្រុយមិនរាបស្មើ គឺផ្នែកខាងឆ្វេង និងខាងស្តាំពុំស្មើគ្មា
B: Border បរិវេណព័ទ្ធជុំវិញប្រជ្រុយមិនរាបស្មើ
C: Color ពណ៌ប្រជ្រុយមិនដូចគ្នា ដូចជា មានពណ៌ខ្មៅដិត ខណៈនៅជុំវិញប្រជ្រុយមានពណ៌សខ្លាំង ឬកើតដំបៅនៅបរិវេណនេះញឹកញាប់
D: Diameter បើប្រជ្រុយរីកកាន់តែធំក្នុងរយៈពេលខ្លី ឬមានទំហំធំជាង០.៦សង់ទីម៉ែត្រឡើងទៅបញ្ជាក់ថា វាជាដុំសាច់មហារីកស្បែក
E: Evolving វាប្រែប្រួលខ្លាំង ដូចជា ៖ ដុំប្រជ្រុយមានសភាពខុសធម្មតា និងដំបៅនៅលើស្បែក ជាដើម ។

ចុងក្រោយ លោកវេជ្ជបណ្ឌិតដាស់តឿនថា បើមានប្រជ្រុយនៅលើស្បែកជាច្រើនឆ្នាំ ពុំចាំបាច់ភ័យស្លន់ស្លោទេ ។ ផ្ទុយទៅវិញ បើប្រជ្រុយនេះទើបតែដុះឡើងថ្មីៗ និងរីកកាន់តែធំក្នុងរយៈពេលខ្លី គួរតែប្រុងប្រយ័ត្នឱ្យខ្លាំង និងប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRnFvlWSv4rPsGHElvuB9GgVhgrkpaXa0_GUKApjv-w0pQAvxkqaj6Lo9GIQVuh7VuytUQL0Wg4W8dthhq0bTOUXLVBBHtkwIwbBjR7oouIARnrNQiYTx-IVD017UDN6zh4cSkIem0SmFG8nVF9Nfp7rKqAIiDJfTXFaLj1erEiTph7P3w2aOiwtZnfPE/s1200/KBN%20Feature%20q.png