បច្ចុប្បន្ននេះដោយសង្កេតឃើញថា ការធ្វើចំណាកស្រុករបស់ជនជាតិខ្មែរទៅកាន់ប្រទេសថៃ ដើម្បីស្វែងរកប្រាក់ចំណូល បាននឹងកំពុងកើនឡើងយ៉ាងខ្លាំង ជាពិសេសគឺនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដែលបានបន្សល់ទុកត្រឹមតែសភាពស្ងាត់ជ្រងំតាមភូមិនីមួយៗនៅទីនោះ គឺមានតែមនុស្សចាស់និងក្មេងៗប៉ុណ្ណោះ។
ប្រទេសថៃជាគោលដៅដ៏ពេញនិយមនៅក្នុងតំបន់អាស៊ានសម្រាប់ពលករចំណាកស្រុកកម្ពុជា ដោយរំពឹងថា នឹងទទួលបានប្រាក់ចំណូលសមរម្យដើម្បីគ្រប់គ្រងជីវភាពគ្រួសារ។ ទោះជាយ៉ាងណា ការធ្វើចំណាកស្រុកទាំងនោះ គឺរួមមានការធ្វើជំនួញ ទាំងត្រូវច្បាប់ និងខុសច្បាប់ផងដែរ។
ការគ្រប់គ្រងចលនាប្រជាជនឆ្លងកាត់ព្រំដែនដីគោករវាងថៃ និងកម្ពុជាឲ្យមានប្រសិទ្ធភាពគឺជាការចាំបាច់។ បច្ចុប្បន្នប្រទេសថៃទទួលពលករខ្មែរប្រមាណ២លាននាក់ ដោយពាក់កណ្តាលនៃពួកគេខ្វះឯកសារ។ នេះជាញឹកញាប់នាំឱ្យមានការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងធ្វើទុក្ខបុកម្នេញដោយអាជ្ញាធរថៃ។ នៅឆ្នាំ២០២៣ មានការចាប់ខ្លួនពលករខ្មែរយ៉ាងច្រើនដោយអាជ្ញាធរថៃ ដែលត្រូវបានគេជឿថាបានធ្វើទារុណកម្មលើជនចំណាកស្រុកខុសច្បាប់។
ទោះជាយ៉ាងណា មនុស្សជាច្រើនមានចម្ងល់ថាតើការធ្វើចំណាកស្រុកបែបនេះនឹងផ្តល់នូវផ្តល់ចំណេញអ្វីខ្លះដល់ប្រទេសទាំងសងខាង? ជាការពិត ការគ្រប់គ្រងត្រឹមត្រូវនៃគោលនយោបាយចំណាកស្រុករវាងកម្ពុជា និងថៃ គួរតែជាយុទ្ធសាស្រ្តឈ្នះ-ឈ្នះទំាងសងខាង។ ព្រោះថា កម្លាំងពលកម្មចំណាកស្រុកពីកម្ពុជាទៅថៃ បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងកំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃ នៅក្នុងវិស័យសំខាន់ៗដូចជា កសិកម្ម សំណង់ នេសាទ និងផលិតកម្ម។ ជាថ្នូរនឹងការផ្ទេរប្រាក់ដែលបញ្ជូនដោយពលករចំណាកស្រុកទាំងនេះទៅកាន់គ្រួសាររបស់ពួកគេនៅក្នុងប្រទេសកម្ពុជាវិញ គឺបានរួមចំណែកយ៉ាងសំខាន់ដល់សុខុមាលភាពរបស់គ្រួសារទាំងនោះ និងសេដ្ឋកិច្ចនៃភូមិរបស់ពួកគេ។ ដោយហេតុថា ជនចំណាកស្រុកកម្ពុជាភាគច្រើននៅក្នុងប្រទេសថៃគឺមានជីវភាពក្រីក្រ ហើយការជ្រើសរើសចាកចេញដោយសារតែឱកាសការងារប្រសើរជាងមុន និងប្រាក់ឈ្នួលខ្ពស់ នេះយោងតាមការសិក្សាស្រាវជ្រាវពីមជ្ឍមណ្ឌល ARCM។
ម្យ៉ាងវិញទៀតតាមរយៈការធ្វើអន្តោប្រវេសន៍នេះ គឺជាការផ្លាស់ប្តូរប្រជាជន និងប្រជាជន ដែលមានសារៈសំខាន់សម្រាប់ទំនាក់ទំនងការទូតកម្ពុជា-ថៃឲ្យកាន់តែមានភាពស្អិតរមួត។ ការផ្តល់អាទិភាពដល់ពាណិជ្ជកម្ម និងការវិនិយោគឆ្លងព្រំដែន គឺជារឿងសំខាន់បំផុត ព្រោះថា អន្តរកម្មធុរកិច្ចនៅតាមបណ្តោយព្រំដែន ជំរុញទំនាក់ទំនងជិតស្និទ្ធរវាងប្រជាជន។
បន្ថែមពីនេះ រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរគឺគួរតែមានកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការលើកកម្ពស់ការផ្លាស់ប្តូរអាជីវកម្ម ប្រតិបត្តិការ និងបង្កើតឱកាសវិនិយោគនៅតាមព្រំដែនដីគោកផងដែរ៕










