តំបន់ទេសចរណ៍ភ្នំទឹកធំ ជាតំបន់ភ្នំនៅជាប់ខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ស្ថិតក្នុងភូមិអន្លង់ថ្ងាន់ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។
ដើម្បីទៅដល់ភ្នំទឹកធំ ភ្ញៀវទេសចរត្រូវធ្វើដំណើរនៅតាមបណ្តោយផ្លូវជាតិលេខ៣៣ ឆ្ពោះទៅកាន់ព្រំដែនកម្ពុជា-វៀតណាម ដល់ត្រង់ចំណុចរង្វង់មូលជិតប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក បត់ឆ្វេងចូលតាមផ្លូវលំដែលអមសងខាងដោយវាលស្រែប្រហែល ១១គីឡូម៉ែត្រទៀត។
ភ្នំទឹកធំមានល្អាង ភ្នំដែលពោរពេញដោយរូងជាច្រើនខ្វាត់ខ្វែង មានទឹកថ្លា ត្រជាក់ អាចជិះទូកលេងកម្សាន្តបាននៅក្នុងរូងភ្នំ។ នៅពេលដែលចូលដល់ល្អាង ភ្ញៀវទេសចរនឹងបានគយគន់ទិដ្ឋភាពក្នុងរូងភ្នំតាមគន្លាតថ្មយ៉ាងប្លែកអារម្មណ៍ ជាពិសេសមានជណ្តើរដែលធ្វើពីឈើ និងឬស្សី សម្រាប់បន្តដំណើរដោយថ្មើរជើងចូលទៅក្នុងល្អាងខាងក្នុង១ដំណាក់កាលទៀត ដើម្បីទស្សនាទិដ្ឋភាពដ៏អស្ចារ្យនៅទីនោះ។
បើតាមអ្នកស្រុកនៅតំបន់នោះបានរៀបរាប់ថា នៅទីនេះមានភ្នំថ្មចំនួន២ រួមមានភ្នំទឹកធំ និងភ្នំទឹកតូចដែលជាភ្នំថ្មព័ទ្ធជុំវិញដោយទឹកបឹងដ៏ធំល្វឹងល្វើយ៕










