វៀតណាម៖ អត្រាអ្នកកើតជំងឺមហារីកនៅក្នុងប្រទេសវៀតណាមបច្ចុប្បន្នគឺស្ថិតក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មាន ដែលទាមទារឱ្យមានយុទ្ធសាស្ត្រការពារកាន់តែមានប្រសិទ្ធភា នេះបើយោងតាមការចុះផ្សាយរបស់ Vnexpress កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។
លោកវេជ្ជបណ្ឌិត Dang Huy Quoc Thinh នាយករងនៃមន្ទីរពេទ្យ Oncology នៃទីក្រុងហូជីមិញ បាននិយាយថា វៀតណាមជាក្រុមប្រទេសដែលមានករណីមហារីកប្រហែល ១៨២,០០០ ជារៀងរាល់ឆ្នាំ ដែលត្រូវបានគេចាត់ទុកថាជាប្រទេសដែលមានប្រជាជនកើតជំងឺមហារីកច្រើនជាងគេនៅអាស៊ី។ ទោះជាយ៉ាងណាអត្រាអ្នកកើតជំងឺមហារីកនៅក្នុងប្រទេសនេះគឺស្ថិតក្នុងកម្រិតមធ្យមនៅលើពិភពលោក។
លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ជនជាតិវៀតណាមភាគច្រើនតែងកើតជំងឺមហារីកថ្លើម និងសួត ហើយអ្នកជំងឺមហារីកភាគច្រើនត្រូវបានគេធ្វើរោគវិនិច្ឆ័យនៅដំណាក់កាលចុងក្រោយ ដែលជាលទ្ធផលនាំឱ្យមានអត្រាមរណៈខ្ពស់។ អត្រាឧប្បត្តិហេតុរបស់វៀតណាមជាប់ចំណាត់ថ្នាក់ទី ៩១ ហើយអត្រាមរណភាពជាប់ចំណាត់ថ្នាក់ទី ៥០ ក្នុងចំណោមប្រទេសសរុបចំនួន ១៨៥ ជុំវិញពិភពលោក។ ដូច្នេះជារៀងរាល់ឆ្នាំប្រទេសនេះកត់ត្រាការស្លាប់ចំនួន ១២២,០០០ នាក់ដោយសារជំងឺមហារីកនេះ។
សព្វថ្ងៃនៅមន្ទីរពេទ្យជំងឺមហារីកនៃទីក្រុងហូជីមិញ ចំនួនអ្នកជំងឺមកពិនិត្យ និងព្យាបាលជំងឺមហារីកកំពុងកើនឡើងជាបន្តបន្ទាប់។ លោកវេជ្ជបណ្ឌិត Diep Bao Tuan នាយករងទទួលបន្ទុកប្រតិបត្តិការនៅមន្ទីរពេទ្យជំងឺមហារីកទីក្រុងហូជីមិញ បាននិយាយថា នៅឆ្នាំ២០២៣ មន្ទីរពេទ្យនេះបានទទួលការពិនិត្យអ្នកជំងឺជិត ៨ សែននាក់ វះកាត់ជិត ៣៧០០០ នាក់ និងការព្យាបាលដោយវិទ្យុសកម្មជាង ១៨ ម៉ឺននាក់ រួមទាំងព្យាបាលធម្មតាជិត ៣០ ម៉ឺននាក់ទៀត។ 
អ្នកជំនាញបាននិយាយថា មូលហេតុដែលប្រជាជនមានជំងឺមហារីកគឺដោយសារ ការផ្លាស់ប្តូរបរិយាកាសរស់នៅ ការបំពុលខ្យល់ និងទឹក ទម្លាប់ដូចជាសេពគ្រឿងស្រវឹង ជក់បារីអេឡិចត្រូនិច និងការញ៉ាំអាហារមិនល្អ ក៏ដូចជាការរស់នៅមិនល្អ មិនធ្វើលំហាត់ប្រាណ រួមទាំងការមិនសម្រាកឱ្យបានគ្រប់គ្រាន់ ដែលនេះគឺជាមូលហេតុនៃជំងឺមហារីក។ អនុប្រធាននាយកដ្ឋានសុខាភិបាលទីក្រុងហូជីមិញ លោក Nguyen Anh Dung បាននិយាយថា រហូតមកដល់ពេលនេះ ជំងឺមហារីកនៅតែត្រូវបានគេកំណត់ថាជាជំងឺគ្រោះថ្នាក់ដែលមានហានិភ័យខ្ពស់នៃការស្លាប់។ 
អ្នកជំងឺងាយនឹងជួបវិបត្តិផ្លូវចិត្ត ហើយការព្យាបាលនឹងមានតម្លៃថ្លៃ ដោយសារវិស័យវេជ្ជសាស្រ្ដត្រូវការវិនិយោគលើឧបករណ៍ទំនើបៗ ដើម្បីរួមចំណែកដល់ការរកឃើញទាន់ពេល បង្កើនប្រសិទ្ធភាពព្យាបាល និងបង្កើនជំនាញរបស់វេជ្ជបណ្ឌិតដើម្បីការពារ និងចម្លងជំងឺ។ វេជ្ជបណ្ឌិតក៏បានណែនាំឱ្យប្រជាពលរដ្ឋបង្កើនការយល់ដឹងពីការបង្ការដោយការរស់នៅប្រកបដោយសុខភាពល្អ បរិភោគត្រឹមត្រូវ កំណត់អាហារកែច្នៃ ឈប់ជក់បារី កាត់បន្ថយជាតិស្រវឹង និងធ្វើលំហាត់ប្រាណឱ្យបានត្រឹមត្រូវ…ក៏ដូចជាពិនិត្យរាងកាយពិនិត្យសុខភាពឱ្យបានទៀងទាត់ជារៀងរាល់ឆ្នាំ ហើយត្រូវទៅជួបគ្រូពេទ្យភ្លាមៗពេលមានសភាពខុសប្រក្រតី៕










