ប្រទេសចិន ៖ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ភ្ញៀវទេសចរឡើងភ្នំជាច្រើននាក់នៅប្រទេសចិនបានជាប់លើច្រាំងថ្មភ្នំដ៏ខ្ពស់អស់ជាង១ម៉ោង ដើម្បីរង់ចាំឱ្យអ្នកឡើងភ្នំនៅខាងមុខបម្លាស់ទី ទើបពួកគេអាចបម្លាស់ទីតាមក្រោយ ។ រីឯមូលហេតុធ្វើឱ្យពួកគេជាប់លើច្រាំងថ្មភ្នំបែបនេះ ដោយសារមានភ្ញៀវទេសចរសម្រុកឡើងភ្នំច្រើននាក់ពេក ។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ នៅភ្នំយ៉ានតាំង ស្ថិតក្នុងខេត្ត Zhejiang ។ ភ្ញៀវទេសចរឡើងភ្នំទាំងនេះបានជាប់លើច្រាំងថ្មភ្នំ ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់កំពូលភ្នំ ។ ពួកគេត្រូវឈរនៅលើផ្លូវដ៏តូចតោងច្រាំងថ្ម និងពាក់ខ្សែសុវត្ថិភាព ព្រោះពួកគេពុំអាចធ្វើដំណើរទៅមុខបន្តទៀតបាន ។

ផ្លូវដែកឡើងភ្នំឈ្មោះថា Via Ferrata បានតភ្ជាប់រវាងដែក ខ្សែ និងច្រាំងថ្ម ដើម្បីផ្តល់ភាពងាយស្រួល និងអាចឱ្យភ្ញៀវទេសចរឡើងភ្នំយ៉ាងមានសុវត្ថិភាព ។ ភ្ញៀវទេសចរទាំងអស់ត្រូវតែពាក់ឧបករណ៍ និងខ្សែសុវត្ថិភាពការពារខ្លួនក្នុងពេលធ្វើដំណើរឡើងភ្នំ ។ មហាជនភ័យខ្លាច និងបារម្ភពីសុវត្ថិភាពរបស់ភ្ញៀវទេសចរ ក្រោយបានទស្សនាវីដេអូរួច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmtRRxn3itYFsKVg65ly2KsxO51orE87ADttSBZsTy6jUkp5mjOALvtZp3POt2ft-p9tQdfaoAlDrirNuFAnfQJzQhfTJQYrBFnTmylNOjOKMvIF78V1opeNM0-SCAciGwd8SnlQON8o5N9q92qVrwvj07IshpQ66f2kGEeoUxl0TeUiwi3pE9xH06hxA/s1480/untitled-1-20240507052340778.jpg

ក្រុមហ៊ុន Wenzhou Dingcheng Sports Development ដែលគ្រប់គ្រងតំបន់ទេសចរណ៍ និងថែទាំផ្លូវឡើងភ្នំ និយាយថា ក្រុមហ៊ុនបានប៉ាន់ស្មានពីចំនួនភ្ញៀវទេសចរចាប់អារម្មណ៍ឡើងភ្នំ តិចជាងភ្ញៀវទេសចរជាក់ស្តែង ។ ភ្ញៀវទេសចរយ៉ាងច្រើនបានមកទិញសំបុត្រឡើងភ្នំ ទើបធ្វើឱ្យមានការកកស្ទះនៅលើផ្លូវដែកបែបនេះ ។

សប្តាហ៍ទី១ ខែឧសភា ជារៀងរាល់ឆ្នាំ គឺជាថ្ងៃឈប់សម្រាកនៅប្រទេសចិន ព្រោះរដ្ឋាភិបាលចិនបានកំណត់ថ្ងៃទី១ ដល់ថ្ងៃទី៧ ខែឧសភា គឺជាថ្ងៃឈប់សម្រាកតាមច្បាប់ ។ ហេតុនេះ ធ្វើឱ្យពលរដ្ឋជាច្រើននាក់ដើរលេងនៅតាមតំបន់ទេសចរណ៍ផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqids5hqdRmAh0xprZVxFR61HrUjPRqYFgiKJxOCPmyLG3csC89ZXt-8xTHb5twVyILWVz95OxL5h65RxPupG53dzCY-HxYlgFg-tyVR-iRokRvy3oQv3DuCLS-nZKUY73FZlsH6HuWJT4UwGTpFK3yh3dqj6jpQv3oHTar9B3i0aeXEgo0aCIL7oss5w/s1200/tourists-walk-on-via-ferrata-route-in-leqing.jpg

ក្រុមហ៊ុន Wenzhou ទទួលស្គាល់ថា ការលក់ និងកក់សំបុត្រឡើងភ្នំពុំទាន់មានប្រសិទ្ធភាពគ្រប់គ្រាន់សម្រាប់ទទួលភ្ញៀវទេសចរច្រើន រួមទាំងការគ្រប់គ្រងការងារមានបញ្ហា ទើបធ្វើឱ្យភ្ញៀវទេសចរត្រូវជាប់លើច្រាំងថ្មភ្នំ ។ ក្រុមហ៊ុនបានផ្អាកការលក់សំបុត្រឡើងភ្នំជាបណ្តោះអាសន្ន ហើយពេលដោះស្រាយបញ្ហារួចរាល់ ទើបក្រុមហ៊ុនរៀបចំផែនការកំណត់ចំនួនភ្ញៀវទេសចរនាថ្ងៃអនាគត ។

ភ្នំយ៉ានតាំង មានកម្ពស់១.១៥០ម៉ែត្រ គឺជាតំបន់ទេសចរណ៍ដ៏ពេញនិយមរបស់ចិន ហើយភ្ញៀវទេសចរនឹងមកកម្សាន្តនៅភ្នំនេះក្នុងថ្ងៃឈប់សម្រាក ។ កន្លងមក ប្រទេសចិនបានស្នើសុំចុះបញ្ជីភ្នំយ៉ានតាំងជាមួយអង្គការយូណេស្កូ ធ្វើជាសម្បត្តិបេតិកភណ្ឌពិភពលោក ៕