សហរដ្ឋអាមេរិក ៖ Boston Dynamics ជាក្រុមហ៊ុនផលិតមនុស្សយន្តដ៏ល្បីឈ្មោះនៅអាមេរិកបានបង្ហាញឆ្កែយន្តថ្មីមួយឈ្មោះថា Sparkles ដែលមានរោមវែងៗ ពណ៌ស លាយផ្ទៃមេឃ ។ ឆ្កែយន្តនេះមានសមត្ថភាពពិសេស គឺវាអាចរាំតាមចង្វាក់ភ្លេងយ៉ាងរស់រវើក រហូតធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំង ក្រោយពីក្រុមហ៊ុននេះបានបង្ហាញឆ្កែយន្ត Sparkles រាំជាមួយឆ្កែយន្តមួយទៀតឈ្មោះ Spot ។

ការពិត ឆ្កែយន្ត Sparkles មិនមែនជាឆ្កែយន្តថ្មីដែលក្រុមហ៊ុន Boston Dynamics ផលិតនោះទេ ប៉ុន្តែក្រុមហ៊ុននេះបានយកឆ្កែយន្ត Spot មកតុបតែងលម្អដោយបំពាក់រោមវែងៗដើម្បីទាក់ទាញភ្នែកអ្នកទស្សនាតែប៉ុណ្ណោះ ។ ម្យ៉ាងទៀត ការបំពាក់រោមបែបនេះនឹងធ្វើឱ្យឆ្កែយន្តមានលក្ខណៈស្រដៀងគ្នានឹងឆ្កែពិតប្រាកដ ។https://cdn.mobilesyrup.com/wp-content/uploads/2024/04/spot-boston-dynamics-costume.gif

សមត្ថភាពពិសេសដែលធ្វើឱ្យឆ្កែយន្ត Sparkles អាចរាំតាមចង្វាក់ភ្លេងយ៉ាងរស់រវើកបែបនេះ ដោយសារក្រុមហ៊ុនបានបំពាក់នូវកម្មវិធីទំនើបមួយប្រភេទ ។ កម្មវិធីទំនើបនេះត្រូវបានប្រើប្រាស់កាលពីឆ្នាំ២០២៣ ក្នុងវិស័យសារព័ត៌មាន និងការកម្សាន្ត ហើយគេអាចប្រើប្រាស់កម្មវិធីទំនើបសម្រាប់បង្ហាត់ឆ្កែយន្តឱ្យចេះរាំតាមការបញ្ជារបស់មនុស្ស ។

ករណីមានភាពស្មុគស្មាញខ្លាំងពេក ឬឆ្កែយន្តពុំអាចរាំបានដោយសារបរិយាកាសមិនអំណោយផល កម្មវិធីខាងលើនឹងជួយឆ្កែយន្ត Spot ឱ្យព្យាយាមកម្រើកខ្លួន ឬរាំឱ្យបានល្អបំផុតអស់ពីសមត្ថភាព ។ វាដូចគ្នានឹងមនុស្សដែរ ពេលខ្លះ មនុស្សពុំអាចរាំបានល្អនៅលើឆាកទេ ពេលជួបនឹងស្ថានភាពមិនអំណោយផល ។ ការបំពាក់កម្មវិធីទំនើបក្នុងឆ្កែយន្ត គឺជាការសហការគ្នារវាងក្រុមហ៊ុន Boston Dynamics និងក្រុមរាំដ៏ល្បីឈ្មោះនៅប្រទេសកូរ៉េខាងត្បូង ។https://i.dailymail.co.uk/1s/2024/05/02/10/84361027-0-image-a-2_1714642081118.jpg

ក្រោយការបង្ហាញឆ្កែយន្ត Sparkles នាពេលឆាប់ៗខាងមុខ ក្រុមហ៊ុនអាមេរិក Boston Dynamics នឹងបង្ហាញមនុស្សយន្តថ្មីមួយទៀតមានលក្ខណៈស្រដៀងនឹងមនុស្សពិតប្រាកដ ដែលអាចបម្លាស់ទីយ៉ាងឆាប់រហ័ស ។ ក្រុមហ៊ុននិយាយថា ការបង្ហាញវីដេអូមនុស្សយន្តថ្មី ចាប់ពីថ្ងៃទី១៨ ខែមេសា ដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ មានអ្នកទស្សនារហូតដល់ជាង៥លាននាក់ ។

បន្ទាប់ពីក្រុមហ៊ុនអាមេរិកបានបង្ហាញឆ្កែយន្ត និងមនុស្សយន្តថ្មីដែលមានសមត្ថភាពពិសេស មហាជននឹងរង់ចាំតាមដានថា តើក្រុមហ៊ុននេះនឹងផលិតមនុស្សយន្តថ្មីៗមានលក្ខណៈពិសេសអ្វីខ្លះ និងអាចជួយផ្នែកឧស្សាហកម្មបានកម្រិតណា?